អានតួអត្ថបទ

កម្ពុជារំព្ញកហាមឃាត់បុគ្គលចូលលេងល្បែង ក្រោយកក្រើកករណី​ឆបោកអនឡាញបង្កប់​ក្នុងកាស៊ីណូ

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានរំព្ញកឱ្យម្ចាស់កាស៊ីណូដែលកំពុងប្រតិបត្តិការនៅកម្ពុជាទាំងអស់ ត្រូវតែ​​រឹតបន្តឹង​ឱ្យមានប្រសិទ្ធិភាព ចំពោះ​​ការហាមឃាត់បុគ្គលចូលលេងល្បែងនៅក្នុងគ្រឹះស្ថានល្បែង​ពាណិជ្ជកម្មរបស់ខ្លួន។ ជាការរឹតបន្តឹង​ការគ្រប់គ្រងល្បែងពាណិជ្ជកម្មនៅកម្ពុជា ខណៈដែរ​កម្ពុជាកំពុង​​កក្រើក​ករណីឆបោកតាមអនឡាញសំងំ​​លាក់ខ្លួនក្រោមអាជីវកម្មល្បែងកាស៊ីណូមួយចំនួន​។ 

កាស៊ីណូ ណាហ្គា ដែលជាកាស៊ីណូធំបំផុតនៅកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០២៣
កាស៊ីណូ ណាហ្គា ដែលជាកាស៊ីណូធំបំផុតនៅកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០២៣ AFP - TANG CHHIN SOTHY
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បាន​រំព្ញកឱ្យម្ចាស់កាស៊ីណូដែលកំពុងប្រតិបត្តិការនៅកម្ពុជាទាំងអស់ត្រូវតែរឹតបន្តឹង ឱ្យមានប្រសិទ្ធភាព ចំពោះការហាមឃាត់បុគ្គលចូលលេងល្បែង នៅក្នុងគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ឬ កាស៊ីណូរបស់ខ្លួន​។

នៅក្នុងសេចក្តីណែនាំស្តីពី​ការហាមឃាត់បុគ្គលចូលកាស៊ីណូក្នុងប្រទេសកម្ពុជា ចុះថ្ងៃទី​៥ខែតុលាម្សិលមិញនេះបានលម្អិតថា តាមច្បាប់ ការចូលលេងល្បែង​នៅក្នុងកាស៊ីណូ ឬ គ្រឹះស្ថាន​ល្បែងពាណិជ្ជកម្មនៅប្រទេសកម្ពុជា ​​ត្រូវហាមឃាត់ដាច់ខាតចំពោះ ​ប្រជាពលរដ្ឋខ្មែរទាំងអស់ បុគ្គលអាយុក្រោម១៨ឆ្នាំ បុគ្គលមានវិបត្តិស្មារតី បុគ្គល​អសមត្ថភាពហិរញ្ញវត្ថុ បុគ្គល​ស្ថិតក្រោមឥទ្ធិពលគ្រឿង​ស្រវឹង ឬ ថ្នាំញៀន​ និងបុគ្គល​យកមកជាមួយនូវ​​អាវុធគ្រប់ប្រភេទ។

ហើយប្រសិនបើមានបុគ្គលហាមឃាត់ខាងលើចូលក្នុងកាស៊ីណូ ម្ចាស់ ឬប្រតិបត្តិករគ្រឹះស្ថាន​ល្បែងពាណិជ្ជកម្មនោះ​ ត្រូវតែបណ្តេញ​ជនទាំងនោះចេញពីទីតាំង​លេងល្បែង និង រក្សា​ទុករបាយការណ៍​បច្ចុប្បន្នកម្ម អំពីការរឹតត្បិត​ភ្ញៀវចូលលេងល្បែងក្នុងកាស៊ីណូរបស់ខ្លួន។ ទន្ទឹមគ្នានេះដែរ កាស៊ីណូទាំងអស់ត្រូវតែ​ដាក់កម្លាំងភ្នាក់ងារសន្តិសុខ និងមានយន្តការតាមដានត្រួតពិនិត្យ​ការចូលលេងល្បែងរបស់​ភ្ញៀវល្បែងឱ្យមានប្រសិទ្ធភាព និងដោយត្រូវផ្សព្វ​ផ្សាយអំពីបុគ្គលហាមឃាត់លេងល្បែងឱ្យបានច្បាស់លាស់នៅទី​តាំងលេងល្បែងតែម្តង។ នេះ បើតាមសេចក្តីណែនាំ។

គួរដឹងថា នេះគឺជាការប្រកាស​រឹតបន្តឹងការគ្រប់គ្រងល្បែងពាណិជ្ជកម្មជាថ្មី ខណៈកម្ពុជាកំពុងកក្រើកករណីឆបោកតាមអនឡាញសំងំលាក់ខ្លួនក្រោមអាជីវកម្មល្បែងកាស៊ីណូនៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តព្រះសីហនុ ក្រុងបាវិតខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ តាមរយៈរបាយការណ៍អង្គការ​ក្រៅស្រុក និងការចុះផ្សាយរបស់កាសែតបរទេសមួយចំនួន​។

គួរជម្រាបជូនផងដែរថា កាលពីចុងឆ្នាំ​២០២០  កម្ពុជាបានអនុម័តច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលមាន ១២ជំពូក និង ៩៧មាត្រា។ អនុលោមតាមច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង នៅឆ្នាំ១៩៩៨ រដ្ឋាភិបាលកម្ពុជា បានកំណត់ឲ្យមានអាជីវកម្មកាស៊ីណូនៅកម្ពុជា ក្រៅរង្វង់២០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដោយយកផ្ចិតនៅវត្តភ្នំ លើកលែងតែតំបន់ព្រំដែន តំបន់ភ្នំបូកគោ និងរមណីយដ្ឋានគិរីរម្យ។ ច្បាប់នេះ ត្រូវបានរដ្ឋាភិបាល បញ្ជាក់ថា មានគោលបំណងធានាការគ្រប់គ្រងមណ្ឌល​ល្បែងពាណិជ្ជកម្ម​សមាហរ័ណនិងល្បែង​ពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល និងរក្សាសុវត្ថិភាពនិងសន្តិសុខសង្គម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ