អានតួអត្ថបទ

សង្គមនីតិរដ្ឋ៖ កម្ពុជាត្រូវដោះស្រាយការយល់ដឹងផ្នែកច្បាប់ និងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាព

កត្តាបណ្ដាលឲ្យមានគម្លាតយុត្តិធម៍សង្គមមួយចំនួន គឺបណ្ដាលមកពីការយល់ដឹងរបស់ពលរដ្ឋស្ដីពីសិទ្ធិតាមផ្លូវច្បាប់របស់ខ្លួននៅមានកម្រិត  ខណៈការអនុវត្តយុត្តិធម៌ក្នុងក្របខ័ណ្ឌច្បាប់ជាក់ស្ដែង អាចជួបប្រទះការប្រឈម។ នេះបើតាមការថ្លែងរបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងទិវារំឮកខួបទី៣០នៃការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញនៅថ្ងៃសុក្រនេះ ដោយគូសបញ្ជាក់ថា ដើម្បីឈានក្លាយជាសង្គមនីតិរដ្ឋ កម្ពុជាត្រូវសម្រេចឲ្យបាន ស្ដីពីការយល់ដឹងពីច្បាប់ និងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាព។

Constitution-of-Cambodia_ODC
Constitution-of-Cambodia_ODC © ODC
ផ្សាយពាណិជ្ជកម្ម

ថ្លែងក្នុងទិវារំឮកខួបលើកទី៣០នៃការប្រកាសប្រើរដ្ឋធម្មនុញ្ញកម្ពុជា នៅព្រឹកថ្ងៃសុក្រទី៦ខែតុលាឆ្នាំ២០២៣នេះ លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ  បានគូសបញ្ជាក់ថា បញ្ហាមួយចំនួនដែលកម្ពុជាត្រូវដោះស្រាយ ដើម្បីក្លាយជាសង្គមនីតិរដ្ឋ រួមមានពាក់ព័ន្ធការយល់ដឹងពីច្បាប់ និងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាព។

ប្រធានក្រុមប្រឹក្សាធម្មនុញ្ញរូបនេះ កត់សម្គាល់ថា រដ្ឋធម្មនុញ្ញនិងច្បាប់ថ្មីៗរបស់កម្ពុជា ដែលមានលក្ខណៈសកលក្រោយរងឥទ្ធិពលពីវប្បធម៌ចម្រុះ និងប្រកបដោយលក្ខណៈបច្ចេកទេសខ្ពស់ តម្រូវឲ្យមានការបកស្រាយពន្យល់ជាបន្តបន្ទាប់ និងជាប្រចាំ។ រដ្ឋាភិបាលត្រូវបង្កើនការអប់រំបណ្ដុះបណ្ដាលស្ដីពីគោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញ ដោយការដាក់បញ្ជូលទៅក្នុងកម្មវិធីសិក្សា និងពង្រឹងការផ្សព្វផ្សាយដល់មហាជន រួមទាំងស្ថាប័នពាក់ព័ន្ធ។ ដោយឡែក ស្ថាប័នអនុវត្តច្បាប់ ត្រូវធ្វើជាគំរូដល់មហាជន តាមរយៈការផ្សព្វផ្សាយច្បាប់ និងបំពេញសមត្ថកិច្ចផ្ទាល់ខ្លួន ប្រកបដោយសុចរិតភាព តម្លាភាព និងការទទួលខុសត្រូវ។

ក្នុងពេលជាមួយគ្នានេះ ការយល់ដឹងរបស់ពលរដ្ឋស្ដីពីការប្រើប្រាស់សិទ្ធិតាមផ្លូវច្បាប់ ឬការប្រើប្រាស់អំណាចរបស់ខ្លួនតាមរយៈសាលាជម្រះក្ដីនៅមានកម្រិត គួបផ្សំជាមួយកម្រិតយល់ដឹងទូទៅស្ដីពីយុត្តិធម៌ក្នុងក្របខ័ណ្ឌច្បាប់អាចមានការប្រឈមក្នុងការអនុវត្តជាក់ស្ដែង បានបណ្ដាលឲ្យមានគម្លាតយុត្តិធម៍មួយចំនួននៅក្នុងសង្គម។ យ៉ាងណាមិញ នៅចំពោះមុខនេះ រដ្ឋាភិបាលបានផ្ដល់មេធាវីជួយដល់ជនក្រីក្រ និងការផ្ដល់យន្តការសម្រុះសម្រួលផ្សេងទៀត ក្នុងនោះរួមមានការដោះស្រាយវិវាទរឿងក្ដីក្រៅប្រព័ន្ធតុលាការជាដើម។ នេះបើតាមលោក អ៊ឹម ឈុនលឹម។

សូមជម្រាបថា រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលរបស់ប្រទេសកម្ពុជា ដែលត្រូវបានព្រះមហាក្សត្រឡាយព្រហស្ថប្រកាសឲ្យប្រើប្រាស់ កាលពីថ្ងៃទី២៤ កញ្ញាឆ្នាំ១៩៩៣។ អំឡុង៣០ឆ្នាំមកនេះ រដ្ឋាភិបាលកម្ពុជាបានធ្វើវិសោធនកម្មច្បាប់កំពូលមួយនេះចំនួន១០លើកហើយ ព្រមទាំងបង្កើតច្បាប់ធម្មនុញ្ញបន្ថែមមួយចំនួនទៀត។ ពីខាងរដ្ឋាភិបាល នេះគឺដើម្បីឆ្លើយតបនឹងស្ថិរភាពសេដ្ឋកិច្ចសង្គម និងនៅចំពោះភាពជាប់គាំងច្បាប់និងនយោបាយ។ យ៉ាងណាក្ដី ការណ៍នេះ នាំឲ្យសង្គមស៊ីវីលមួយចំនួន បង្ហាញក្ដីបារម្ភថា នឹងនាំឲ្យប៉ះពាល់ដល់ខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលត្រួវបានបញ្ចូលទៅក្នុងច្បាប់រដ្ឋធម្មនុញ្ញនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ