អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នកជំនាញផ្នែកសិទ្ធិមនុស្ស UN ស្នើឲ្យកម្ពុជាធ្វើកំណែទម្រង់ឡើងវិញ ក្រោយការបោះឆ្នោតដែលរឹតត្បិត

លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជាត្រូវមានការធ្វើកំណែទម្រង់ជាបន្ទាន់ បន្ទាប់ពីការបោះឆ្នោតកន្លងទៅ ដែលមានលក្ខណៈរឹតត្បិត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ កាលពីដើមសប្តាហ៍។

លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា
លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្តីប្រកាសព័ត៌មានពីទីក្រុងហ្សឺណែវ លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សបានបញ្ជាក់ថា កម្ពុជាមានតម្រូវការបន្ទាន់សម្រាប់កំណែទម្រង់ដ៏ទូលំទូលាយដើម្បីធានានូវតម្លាភាព និងយុត្តិធម៌នៃការបោះឆ្នោតឆ្នាំ២០២៣ ទាំងនៅក្នុងប្រព័ន្ធបោះឆ្នោត និងក្នុងបរិយាកាសនយោបាយ។

នៅក្នុងរបាយការណ៍របស់ខ្លួន ដែលដាក់ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោក Vitit Muntarbhorn បានកំណត់នូវឧបសគ្គសំខាន់ៗដែលបានប៉ះពាល់ដល់ការបោះឆ្នោតឆ្នាំ២០២៣ រួមមាន ការដកសិទ្ធិបេក្ខជន ការយាយីសមាជិកបក្សប្រឆាំង និងការព្រួយបារម្ភអំពីឯករាជ្យភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោក​បាន​អំពាវនាវ​ឲ្យ​មាន​កំណែទម្រង់​ដូចជា​ការ​រៀបចំ​រចនាសម្ព័ន្ធ​គណៈកម្មាធិការ​ឡើងវិញ ការ​ជ្រើសរើស​បុគ្គលិក​បោះឆ្នោត​ដោយ​មិន​លម្អៀង និង​វត្តមាន​អ្នកសង្កេតការណ៍​ឯករាជ្យ។

បើតាមរបាយការណ៍ គឺលោក Vitit Muntarbhorn នៅតែទទួលបានការរាយកាណ៍ ពីការបន្តវាយប្រហារ ការចាប់ខ្លួនដោយអយុត្តិធម៌ និងការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស អ្នកកាសែត អ្នកនយោបាយប្រឆាំង និងអ្នកដទៃដែលរិះគន់អាជ្ញាធរ។ តាមលោក Vitit អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនបរិស្ថានជាច្រើននាក់ នៅតែជាប់ឃុំឃាំងតាំងពីដើមឆ្នាំ ដោយមានការកើនឡើងបើធៀបនឹងឆ្នាំ២០២២។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានអះអាងថា ទាំងនេះគឺជាក្តីកង្វល់ពីបញ្ហាសិទ្ធិមនុស្សកម្ពុជា ហើយកម្ពុជាត្រូវការធ្វើកំណែទម្រង់ឲ្យប្រសើរឡើង។ តាមលោក Vitit ការបន្តពូជពង្សដែលបានឡើងកាន់អំណាច បានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងសិទ្ធិមនុស្ស គោលការណ៍ប្រជាធិបតេយ្យ និងច្បាប់អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ