អានតួអត្ថបទ

យុទ្ធនាការតេស្តគ្រឿងញៀន​​៖ ខេត្តព្រៃវែងរកឃើញនគរបាល១១នាក់មានសារធាតុញៀន

ស្នងការនគរបាលខេត្តព្រៃវែងនៅថ្ងៃព្រហស្បតិ៍​ម្សិលមិញនេះ បានប្រកាសរកឃើញមន្ត្រីនគរបាលប្រើប្រាស់គ្រឿងញៀនសរុប​ចំនួន ​១១នាក់​ នៅក្នុងយុទ្ធនាការធ្វើតេស្តស្វែងរកសារធាតុ​ញៀនទូទាំងខេត្តក្នុងរយៈពេលជិត១ខែ​មកនេះ​។ បើតាមសេចក្តីប្រកាស ស្នងការនគលបាលខេត្តបានបញ្ជូនមន្ត្រីនគលបាលទាំងនោះទៅកាន់​មណ្ឌលបន្សាបគ្រឿងញៀនក្នុងខេត្តកណ្តាល ខណៈ​ការអនុវត្តវិន័យយ៉ាងណានោះ គេនៅមិនទាន់ដឹងនៅឡើយ។

មន្ត្រីនគលបាលនៃ​ស្នងការនគរបាលខេត្តព្រៃវែង (បង្ហោះថ្ងៃទី៣១ខែតុលាឆ្នាំ២០២៣)
មន្ត្រីនគលបាលនៃ​ស្នងការនគរបាលខេត្តព្រៃវែង (បង្ហោះថ្ងៃទី៣១ខែតុលាឆ្នាំ២០២៣) © ស្នងការនគរបាលខេត្តព្រៃវែង
ផ្សាយពាណិជ្ជកម្ម

ស្នងការនគរបាលខេត្តព្រៃវែងនៅថ្ងៃទី០២វិច្ឆិកា​ម្សិលមិញ បានប្រកាសរកឃើញមន្ត្រីនគរបាលប្រើប្រាស់គ្រឿងញៀនសរុបចំនួន១១នាក់ នៅក្នុងយុទ្ធនាការធ្វើតេស្តស្វែងរកសារធាតុញៀនទូទាំងខេត្ត​ចាប់​ពីថ្ងៃទី០៩ដល់ថ្ងៃទី​៣០តុលាឆ្នាំ២០២៣។

បើតាមសេចក្តីប្រកាស ស្នងការនគលបាលខេត្តព្រៃវែង​បានបញ្ជូនមន្ត្រីនគលបាលទាំងនោះទៅកាន់មណ្ឌលស្តារនិតិសម្បទា​ព្យាបាល​បន្សាបអ្នក​ញៀន​គ្រឿងញៀន​ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ខណៈការអនុវត្តវិន័យយ៉ាងណានោះ គេនៅមិនទាន់ដឹងនៅឡើយ។

ពាក់ព័ន្ធនឹងយុទ្ធនាការបង្ក្រាបគ្រឿងញៀននៅក្នុងស្ថាប័ន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ​លោក ស សុខា បានអះអាងនៅថ្ងៃទី០២វិច្ឆិកាម្សិលមិញនេះដែរថា មន្ត្រីនគលបាលរូបណាដែល​​រកឃើញជាប់ពាក់ព័ន្ធ​នឹងបទល្មើសគ្រឿងញៀន​​នឹង​ត្រូវអនុវត្តវិន័យតឹងរ៉ឺង ដោយអាចបណ្តេញ​ចេញពីក្របខណ្ឌ​ជាដើម។

ក្នុងសំណុំរឿងមន្ត្រីប៉េអ៊ឹមនគលបាលជាតិ​មានជាប់បទល្មើសគ្រឿងញៀននេះដែរ! កាលពីថ្ងៃទី៣១តុលាកន្លងទៅ មន្ត្រីកងរាជអាវុធហត្ថស្រុកភ្នំស្រួចចំនួន៦រូប ត្រូវបានចាប់ខ្លួន ក្រោមការសង្ស័យថា ពាក់ព័ន្ធការទទួលផលពីការជួញដូរគ្រឿងញៀននៅខេត្តព្រះសីហនុ។ ក្នុងចំណោមនោះ មានម្នាក់ពាក់ស័ក្ត៥ ជាបញ្ជាការរងប៉េអឹមខេត្តកំពង់ស្ពឺ និងម្នាក់ពាក់ស័ក្ត៤ជាមេបញ្ជាការប៉េអឹមស្រុកភ្នំស្រួច។

គួរជម្រាបថា ក្រសួង​មហាផ្ទៃគ្រោង​នឹង​ដាក់​ចេញយុទ្ធសាស្ត្រកាត់បន្ថយបទល្មើស​គ្រឿងញៀនឱ្យបាន​​ចន្លោះ​​ពី២០-៣០ ភាគរយ ខណៈបច្ចុប្បន្ន ក្រសួងមហាផ្ទៃក៏មានដែរយុទ្ធនាការចុះបង្ក្រាបការប្រើប្រាស់​គ្រឿងញៀនក្នុងពន្ធធនាគារ ទៅ​លើមន្ត្រីពន្ធនាគារ​ជាទូទៅ​ និងជនជាប់ឃុំ​ដែលមានការសង្ស័យ​ប្រើប្រាស់គ្រឿងញៀន​​។ 

អ្នកឃ្លាំមើលមួយចំនួនយល់ថា យុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់រដ្ឋាភិបាលកម្ពុជានឹងក្លាយជាអាសារបង់ គ្មានប្រសិនភាព ប្រសិនបើ​ការអនុវត្តការងារ​របស់​មន្ត្រីមួយចំនួននៅតែគ្មានតម្លាភាព អនុវត្តដោយបក្សពួកនិយម និង​អំពើពុករលួយនោះ។

 

បញ្ហាគ្រឿងញៀនត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ចូល​ជាបញ្ហាដោះស្រាយជា​អាទិភាពទី​៤ ក្នុងអាណត្តិទី​៧នេះ​ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតថ្មីៗនេះ ចង់​រុះរើក្បាលម៉ាស៊ីនដឹកនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបង្កើនប្រសិទ្ធិភាព និងធ្វើឱ្យមានទម្ងន់ក្នុងការចុះបង្ក្រាបទប់ស្កាត់ការជួញដូរគ្រឿងញៀនឱ្យអស់ពីកម្ពុជា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ