អានតួអត្ថបទ

ផ្លូវមួយចំនួនត្រូវហាមឃាត់រថយន្ត និងរ៉ឺម៉កឆ្លងកាត់៤ថ្ងៃ

នៅ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នេះ ​ការ​ធ្វើ​ចរាចរណ៍​ដោយ​រថយន្ត​ដឹក​អ្នក​ដំណើរ​គ្រប់​ប្រភេទ​ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ​គឺ​មិន​អនុញ្ញាត​ឲ្យ​ចូល​តំបន់​រៀប​ចំ​ពិធី​បុណ្យ​អុំទូក ​និង​បរិវេន​ជុំវិញ​ទីតាំង​នោះ ​ឡើយ​ចាប់​ពី​ថ្ងៃ​ទី​២៥​នេះ​រហូត​ដល់​ថ្ងៃ​ទី​២៩​វិច្ឆិកា​ចាប់​ពី​ម៉ោង​១០​ព្រឹក​ដល់​ម៉ោង​២២​យប់​។​ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ។​

កន្លែងត្រួតពិនិត្យចរាចរណ៍
កន្លែងត្រួតពិនិត្យចរាចរណ៍ © FB
ផ្សាយពាណិជ្ជកម្ម

​យានយន្ត​គ្រប់​ប្រភេទ​ដែល​ធ្វើ​ដំណើរ​មក​ចូល​រួម​ទស្សនា​ពិធី​បុណ្យ​អុំ​ទូក ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍​លើ​វិថី​ខេមរភូមិន្ទ​(ផ្លូវលេខ១៣០)​ ផ្លូវ​លេខ​៥ ​វិថី​ដំឌិន​(ផ្លូវ១៥៤)​ វិថី​សម្តេច​ប៉ាន​(ផ្លូវ​២១៤) ផ្លូវ​២៩៤ ​កំណាត់​វិថីសុធារស ​ចាប់​ពី​ផ្លូវ​លេខ​២៤០​ដល់​ខាង​ជើង​ស្ថាន​ទូត​រុស្ស៊ី ​វិថី​រដ្ឋសភា ជាដើម​។

​ក្រៅពី​ការ​បិទ​ចរាចរណ៍​នៅ​លើ​ផ្លូវ​សំខាន់​នៃ​តំបន់​ប្រារព្ធ​ពិធី​នោះ ​នៅតាម​បណ្តា​ផ្លូវ​ជាតិ​ដែល​ចូល​មកកាន់​រាជ​ធានី​វិញ​ក៏ត្រូវ​បញ្ចៀស​ចរាចរណ៍​ដែរ​សម្រាប់​រថយន្ត​ធំ ​និង​រថយន្ត​ដឹក​ទំនិញ​គឺ​ត្រូវ​ចូល​ចត​នៅ​វត្ត​និរោធរង្ស៊ី​ ចំណត​រថយន្ត​ច្បារ​អំពៅ​សម្រាប់​ផ្លូវ​ជាតិ​លេខ១​។​ រី​ឯ​ផ្លូវ​ជាតិ​៣ ​និង​ផ្លូវជាតិ​លេខ​៤ ​រថយន្ត​គ្រប់​ប្រភេទ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​រាជ​ធានី ​គឺ​ត្រូវ​វាង​ទៅ​តាម​វិថី​ឈ្នះឈ្នះ​ ទៅ​កាន់​ផ្លូវ​ជាតិ​លេខ​៥​ ឬ​ស្ពាន​ព្រែក​ព្នៅ និង​ត្រូវ​បញ្ចៀស​គោល​ចរាចរណ៍​នៅ​អតីត​រង្វង់​មូល​ចោមចៅ ​ស្តុប​មុខ​ព្រលាន​យន្តហោះ ​និង​ស្តុប​២០០៤​។

ចំពោះ​ផ្លូវ​ជាតិ​៥ ​រថយន្ត​ធំ​ត្រូវ​បង្វែរ​ទៅ​វិថី​ឈ្នះឈ្នះ ​ឬ​ចូល​ចត​នៅ​គីឡូម៉ែត្រ​លេខ​៩ ​ខណៈ​រថយន្ត​អ្នក​ដំណើរ​និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ ត្រូវ​ចត​មិន​ឲ្យ​ហួស​ផ្លូវ​៦៨​ឡើយ​។

ដោយ​ឡែក​ផ្លូវ​ជាតិ​លេខ​៦​ រថយន្ត​ធំ​ត្រូវ​បង្វែរ​ទិស​ចរាចរណ៍​តាម​ស្ពាន​ព្រែក​​ព្នៅ​ ខណៈ​រថយន្ត​អ្នក​ដំណើរ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ ត្រូវ​ចូល​ចត​នៅ​តំបន់​OCIC​។

សម្រាប់​ផ្លូវ​២៧១ និង​៣៧១ ​រថយន្ត​ធំ​ត្រូវ​បញ្ចៀស​ចរាចរណ៍​នៅ​កែង​ផ្លូវ​២៧១ ​និង​៣៧១ ​ខណៈ​រថយន្ត​អ្នក​ដំណើរ ​និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ត្រូវ​ចូល​ចត​ត្រឹម​ចំណុច​ច្រមុះ​ជ្រូក​ក្បាល​ថ្នល់។ ​ចំណែក​ផ្លូវ​វែង​ស្រេង​រថយន្តធំ​ត្រូវ​បញ្ចៀស​ចរាចរណ៍​នៅ​ច្រមុះ​ជ្រូក​ស្ទឹង​មាន​ជ័យ​។

រីឯ​រថយន្ត​ដែល​ធ្វើ​ដំណើរ​មក​ចូល​រួម​ពិធី​បុណ្យ​អុំទូក​តាម​ផ្លូវ​ម៉ុង​ឬទ្ធី​ត្រូវ​ចូល​ចត​នៅ​បរិវេន​តំបន់​បឹង​កក់​។

បន្ថែមពី​នេះ ​អាជ្ញាធរក៏​បាន​ផ្អាក​ចំពោះ​ការដ្ឋាន​សំណង់​គ្រប់​ប្រភេទ​នៅក្នុង​ខណ្ឌ​ដូន​ពេញ ​ សាឡង់​ដឹក​ខ្សាច់ ​និង​ទូក ​កប៉ាល់​ដែល​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​មុខ​ព្រះ​បរមរាជ​វាំង​គឺ​ត្រូវ​ផ្អាក​ពី​ថ្ងៃ​ទី​២៥​ដល់​ថ្ងៃទី​២៩​វិច្ឆកា ​ខណៈ​ការ​ធ្វើ​ចរាចរណ៍​ឆ្លង​ស្ពាន​កោះ​នរា​ ក៏​ត្រូវ​ផ្អាក​ចាប់​ពី​ថ្ងៃទី​២៦​ដល់​ថ្ងៃ​ទី​២៨​វិច្ឆិកា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ