អានតួអត្ថបទ

អង្គការមូលនិធិប្រាសាទពិភពលោកប្រគល់ការដ្ឋានអភិរក្ស និងជួសជុល៣កន្លែងឲ្យកម្ពុជាវិញ

អង្គការមូលនិធិប្រាសាទពិភពលោក(World Monument Fund)របស់សហរដ្ឋអាមេរិក បានសម្រេចប្រគល់ការដ្ឋានអភិរក្ស និងជួសជុលប្រាសាទចំនួន៣កន្លែង ក្នុងរមណីយដ្ឋានអង្គរទៅឲ្យអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញ បន្ទាប់ពីជួសជុលរួចរាល់។ ការប្រគល់នេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែមករាឆ្នាំ២០២៤ ចំខួបទី៣៥ឆ្នាំ នៃបេសកកម្មរបស់អង្គការមូលនិធិប្រាសាទពិភពលោក។

ការដ្ឋានជួសជុលមុខប្រាសាទព្រះខ័ន
ការដ្ឋានជួសជុលមុខប្រាសាទព្រះខ័ន © Fresh News
ផ្សាយពាណិជ្ជកម្ម

បើតាម​ក្រសួង​វប្បធម៌ ការដ្ឋានជួសជុលចំនួន៣នោះ មាន ប្រាសាទតាសោម ប្រាសាទព្រះខ័ន និងរោងទងនៃចម្លាក់សមុទ្រកូទឹកដោះរបស់ប្រាសាទអង្គរវត្ត។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានថ្លែងនៅក្នុងពិធីប្រគល់ការដ្ឋានជួសជុលប្រាសាទ នោះថា អាជ្ញាធរជាតិអប្សរានឹងបន្តថែរក្សាប្រាសាទទាំង៣នេះ ហើយកម្ពុជានឹងចងចាំជារៀងរហូតចំពោះការរួមចំណែករបស់មូលនិធិប្រាសាទពិភពលោក(WMF)ក្នុងការជួយការពារបេតិកភណ្ឌជាតិរបស់កម្ពុជា​។

ទោះជាគម្រោងការជួសជុលប្រាសាទបានចប់ តែរដ្ឋមន្ត្រីក្រសួងវប្បធម៌រូបនេះ នៅចង់បន្តធ្វើការជាមួយអង្គការមូលនិធិប្រាសាទពិភពលោកក្នុងវិស័យទូលំទូលាយដូចជា ការផ្លាស់ប្តូរជំនាញស្តីពី ការអភិរក្ស វេទិកាយុវជនសម្រាប់ការគ្រប់គ្រងបេតិកភណ្ឌ ការស្រាវជ្រាវផ្នែកបុរាណវិទ្យា និងសិក្ខាសាលារួមគ្នាដើម្បីចែករំលែកបទពិសោធន៍ជាដើម។

បើតាម នាយិកាប្រតិបត្តិរបស់អង្គការមូលនិធិប្រាសាទពិភពលោកគឺ លោកស្រី Benedicte De Montlaur អង្គការរបស់​លោកស្រីបានចូលរួមការងារជួសជុលប្រាសាទនៅរមណីដ្ឋានអង្គរបានចាប់ផ្តើមតាំងពីឆ្នាំ១៩៨៩ជាមួយនឹងបេសកកម្មចុះវាល ដើម្បីវាយតម្លៃស្ថានភាពនៃប្រាសាទ ឆ្លើយតបតាមការស្នើសុំរបស់អតីតព្រះមហាក្សត្រកម្ពុជាសម្តេច សីហនុ។ បន្ទាប់មកអង្គការមូលនិធិប្រាសាទពិភពលោកក៏បានបង្កើតកម្មវិធីអភិរក្ស និងបណ្តុះបណ្តាលដ៏ទូលំទូលាយ ដោយជួយបំពេញបន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(RUFA) ដែលទើបនឹងបើកឡើងវិញនាពេលនោះ។

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋាភិបាលចិន បានធ្វើពិធីប្រគល់-ទទួលជំនួយអំពីគំរោងជួសជុល និងអភិរក្សប្រាសាទតាកែវនេះ ជូនមកកម្ពុជាវិញ បន្ទាប់ពីជួសជុលរួច។

ប្រាសាទតាកែវ បានចាប់ផ្តើមជួសជុលតាំងពីឆ្នាំ២០១១ ហើយបានបញ្ចប់នៅឆ្នាំ២០១៨ ដោយប្រើប្រាស់ថវិកាអស់ប្រមាណ ៤០លានយ័នស្មើជាង៥លានដុល្លារ។

រិឯសាលាបារាំង​ចុងបូព៌ា​វិញ ក៏បាន​បញ្ចប់​គម្រោង​ជួសជុល​ប្រាសាទបាពួន កាល​ពី​ខែមេសាឆ្នាំ២០២១១​ ក្រោយ​បើក​ការដ្ឋាន តាំងពី​ឆ្នាំ​១៩៩៥។ ដោយប្រើរយៈពេល ១៦ឆ្នាំ ក្រុមស្ថាបត្យករ​បារាំង និង​ក្រុមការងារ​ខ្មែរ​ជាង​៣០០​នាក់​បាន​សម្រេច​សមិទ្ធិផល​ផ្គុំ​ប្រាសាទ​បាពួន​ចំណាស់​១០០០ឆ្នាំ​ឡើងវិញ និង​រូបព្រះពុទ្ធ​ចូល​និព្វាន​ដ៏​ធំជាងគេ នៅក្នុង​ប្រទេស​កម្ពុជា ដែល​ស្ថិតនៅ​ពីក្រោយ​ប្រាសាទនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ