អានតួអត្ថបទ

អូស្ត្រាលី​ប្រកាសបន្ថែមជំនួយ ២២២,៥លានដុល្លារដល់កម្ពុជានិងប្រទេសក្នុងអនុតំបន់មេគង្គ

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី​នៅ​ថ្ងៃទី​៤កុម្ភៈ​ ឆ្នាំ​២០២៤ លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបានប្រកាសផ្តល់ជំនួយបន្ថែម​ចំនួន ​​២២២,៥លានដុល្លារ តាមរយៈ​កម្មវិធីភាពជាដៃគូ​មេគង្គ-អូស្ត្រាលី ក្នុងគោលដៅ​​គាំទ្រភាពធន់ និងវិបុលភាព​នៃអនុតំបន់មេគង្គ។ គួរជម្រាបថា នេះជាដំណាក់​កាល​​​ទី២​នៃគម្រោងដែល​ផ្តល់ដោយ​រដ្ឋាភិបាលអូស្ត្រាលីទៅបណ្តាប្រទេស​នៅតាមបណ្តោយទន្លេមេគង្គ ដែលក្នុងនោះ​មានកម្ពុជាដែរ។

អូស្ត្រាលីប្រកាសបន្ថែមជំនួយ ២២២,៥លានដុល្លារដល់កម្ពុជានិងប្រទេសក្នុងអនុតំបន់មេគង្គ
អូស្ត្រាលីប្រកាសបន្ថែមជំនួយ ២២២,៥លានដុល្លារដល់កម្ពុជានិងប្រទេសក្នុងអនុតំបន់មេគង្គ © Daniel Walding / Department of Foreign Affairs and Trade - Daniel Walding
ផ្សាយពាណិជ្ជកម្ម

លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី​ នៅថ្ងៃទី៤​ខែកុម្ភៈថា រដ្ឋាភិបាលអូស្ត្រាលីសម្រាប់បន្ថែម​ការផ្តល់ជំនួយ​ក្នុងកម្មវិធី​​ភាពជាដៃគូមេគង្គ-អូស្ត្រាលីក្នុងទំហំទឹកប្រាក់ ​​២២២,៥លានដុល្លារ។​ ជាគម្រោងអនុវត្តរយៈពេល​៥ឆ្នាំ និងផ្តោតលើ​ការដោះស្រាយ​អាទិភាព​និងបញ្ហា​ប្រឈមនានារួមគ្នា ពិសេសលើការកែលម្អ​សន្តិសុខផ្លូវទឹក ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្មឆ្លងដែន។ នេះបើតាម​សេចក្តីប្រកាសព័តមានចុះថ្ងៃទី​៤កុម្ភៈ​របស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។

លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា កម្មវិធី​ភាពជាដៃគូមេគង្គ-អូស្ត្រាលី នឹងបំពេញបន្ថែម​ភាពជាដៃគូ​ទ្វេភាគី​ដ៏យូរអង្វែង​របស់អូស្ត្រាលីនិងកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​អាស៊ាន​។ ទន្ទឹមគ្នានេះ លោកស្រីរដ្ឋមន្ត្រីបានសន្យា​បន្តធ្វើការ​ជាមួយបណ្តា​ដៃគូ​ទន្លេមេគង្គ​នាពេលអនាគតដែរ។

គួរដឹងថា នេះជាដំណាក់កាលទី២នៃគម្រោង​កម្មវិធី​ភាពជាដៃគូ​មេគង្គ-អូស្ត្រាលី​ ដែលផ្តល់ដោយរដ្ឋាភិបាលអូស្ត្រាលី​ សម្រាប់​ប្រទេស​ក្នុង​អនុតំបន់​មេគង្គ រួមមានកម្ពុជា ចិន ឡាវ ភូមា ថៃ និងវៀតណាម។ ក្នុងដំណាក់កាលទី១​ គម្រោងកម្មវិធីភាពជាដៃគូមេគង្គ-អូស្ត្រាលី ត្រូវបានប្រកាសដាក់ឱ្យដំណើរការ​​សម្រាប់កម្ពុជាកាលពីឆ្នាំ២០២១ ដែល​មាន​ទឹកប្រាក់​ចំនួន​ ២៣២លាន​ដុល្លារ​ អំឡុងពេលកម្ពុជា​ប្រឈមបញ្ហាស្មុគ្រស្មាញជាច្រើន​ទាំងការស្តារសេដ្ឋកិច្ច ​និងផលប៉ះពាល់​នៃបម្រែបម្រួលអាកាសធាតុ​។ ក្រោមជំនួយគម្រោងនេះដែរ កម្ពុជាទទួលបានការគាំទ្រ​ការសាងសង់ជណ្តើរត្រីនៅទំនប់ស្លែងក្នុងខេត្តសៀមរាប ដែលផ្តល់ផលឱ្យពលរដ្ឋ​ចំនួន​៥ពាន់គ្រួសារ, ការអភិរក្សត្រីប្រភេទត្រីក្នុងស្រុកជាង១០០ប្រភេទ, ការផ្តល់វគ្គសិក្សាជំនាញខ្លីៗ​ចំនួន១៨ ដល់ពលរដ្ឋខ្មែរ​ចំនួន៤០២នាក់​ ​ក្រោមកម្មវីធី​អាហារូបករណ៍អូស្ត្រាលី Australia Awards និងការគាំទ្រ​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការប្រមូលធនធាន​ក្នុងស្រុកផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ