អានតួអត្ថបទ
កម្ពុជា-សង្គម

លោកលី វណ្ណៈ៖បក្សពួកឡេង ចាន់ណា៥នាក់ឃុំខ្លួន និងជាង២០នាក់ត្រៀមបញ្ជូនទៅតុលាការ

គិតត្រឹមថ្ងៃទី២១ មីនា ឆ្នាំ២០២៤ នេះ មានមនុស្សសរុបចំនួន ៥នាក់ត្រូវបានសាលាដំបូងខេត្តសៀមរាបសម្រេចឃុំខ្លួននៅក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងអំពើបោកប្រាស់របស់អតីតឧកញ៉ា ឡេងចាន់ណា ម្ចាស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី។ លោក លី វណ្ណៈ អ្នកនាំពាក្យសាលាខេត្តសៀមរាបបានបញ្ជាក់នៅថ្ងៃទី២១ មីនានេះថា ក្រៅពីបានឃុំខ្លួនចំនួន ៥នាក់ នៅមានបក្សពួកអតីតឧកញ៉ា ឡេងចាន់ណា ជាង២០នាក់ទៀតកំពុងត្រូវបានត្រៀមបញ្ជូនទៅតុលាការដើម្បីស៊ើបសួរតាមនីតិវិធីច្បាប់។

លោកលី វណ្ណៈ៖បក្សពួកឡេង ចាន់ណា៥នាក់ឃុំខ្លួន និងជាង២០នាក់ត្រៀមបញ្ជូនទៅតុលាការ
លោកលី វណ្ណៈ៖បក្សពួកឡេង ចាន់ណា៥នាក់ឃុំខ្លួន និងជាង២០នាក់ត្រៀមបញ្ជូនទៅតុលាការ © សហការី
ផ្សាយពាណិជ្ជកម្ម

ក្នុងចំណោមមនុស្សទាំង ៥នាក់ដែលត្រូវបានសាលាដំបូងខេត្តសៀមរាបសម្រេចឃុំខ្លួនក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធីរបស់អតីតឧកញ៉ា ឡេងចាន់ណា គឺមានអតីតឧកញ៉ា ឡេងចាន់ណាដែលជាអគ្គនាយិកាក្រុមហ៊ុន និង២នាក់ជាអគ្គនាយករងដែលត្រូវបានឃុំខ្លួននៅថ្ងៃទី១៣ មីនា និងអ្នកពាក់ព័ន្ធចំនួន ២នាក់ទៀតដែលត្រូវបានឃុំខ្លួននៅថ្ងៃទី២០ មីនា។ បុគ្គលឃុំខ្លួនទាំង៥រូបនេះត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទចោទចំនួន ៣ករណី ទី១ ឆបោកមានស្ថានទម្ងន់ទោសប្រព្រឹត្តដោយក្រុមមានការចាត់តាំងតាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ ទី២ លាងលុយកខ្វក់ និងទី៣ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។

លោក លី វណ្ណៈ អ្នកនាំពាក្យសាលាខេត្តសៀមរាបបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃទី២១ មីនា ឆ្នាំ២០២៤ នេះថា ក្រៅពីការឃុំខ្លួនបុគ្គល ៥រូប មានគ្នីគ្នាអតីតឧកញ៉ា ឡេង ចាន់ណាជាង ២០នាក់ផ្សេងទៀតកំពុងត្រូវបានត្រៀមបញ្ជូនទៅតុលាការដើម្បីធ្វើការស៊ើបសួរតាមនីតិវិធីច្បាប់។ តាមលោក លី វណ្ណៈ មានពលរដ្ឋជាង ៥០០០គ្រួសារបានដាក់ពាក្យប្តឹងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី របស់អតីតឧកញ៉ាឡេង ចាន់ណាដោយចោទក្រុមហ៊ុនពីបទបានឆបោកទឹកប្រាក់វិនិយោគរបស់ពួកគេទាំងការ និងដើមសរុបជាង ៣០០លានដុល្លារ។

តាមការអះអាងរបស់ជនរងគ្រោះ ទាំងពលរដ្ឋក្នុងស្រុក និងពលករខ្មែរនៅកូរ៉េបានដាក់ប្រាក់ជាមួយគម្រោងវិនិយោគរបស់ក្រុមហ៊ុន ប៊្រីលាន ស៊ីធី ក្នុងម្នាក់ៗដល់ខ្ទង់ម៉ឺនដុល្លារដើម្បីទទួលបាននូវការប្រាក់ ឬ ប្រាក់ចំណេញ ៤%នៃប្រាក់ដើមក្នុងមួយខែ។ ការណ៍នេះបានធ្វើឱ្យពលរដ្ឋជាច្រើនទៅខ្ចីលុយពីធនាគាររហូតធ្លាក់ខ្លួនជំពាក់បំណុលដោយសារតែក្រុមហ៊ុនមិនបានទូទាត់ប្រាក់ដូចដែលសន្យា។

គួរជម្រាបជូនថា ឡេង ចាន់ណាត្រូវបានដកគោរមងារជាឧកញ៉ាកាលពីថ្ងៃទី១៤មីនា ឆ្នាំ២០២៤ ក្រោយអយ្យការអមសាលាដំបូងខេត្តសៀមរាបធ្វើការចោទប្រកាន់ជាផ្លូវការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ