អានតួអត្ថបទ

ធនាគារ​ពិភពលោក​៖​កម្ពុជា​អាច​សម្រេច​គោលដៅ​យានយន្ត​អគ្គិសនី​ឆ្នាំ​២០៥០

ប្រធាន​គ្រប់គ្រង​ធនាគារពិភពលោក​(World Bank)​ប្រចាំនៅ​កម្ពុជា​យល់ឃើញថា​គោលដៅ​នៃ​ដំណើរឆ្ពោះទៅ​ប្រើយានយន្ត​អគ្គិសនី គឺ​អាចសម្រេចបាន ​និង​ជួយឲ្យ​កម្ពុជាសម្រេចគោកដៅ​អព្យាក្រឹត​កាបូនតាម​មហិច្ឆតា​របស់​ខ្លួន​នៅឆ្នាំ​២០៥០​។ ​នេះបើតាម​សេចក្តីប្រកាស​ព័ត៌មាន​មួយ​របស់​ធនាគារពិភពលោក​ចេញផ្សាយ​នៅថ្ងៃ​ទី​២៨ ​ខែ​មីនា ​ឆ្នាំ​២០២៤​នេះ​។

បច្ចុប្បន្ន​ ជប៉ុនគ្រប់គ្រងចំណែកទីផ្សារ​រថយន្តអគ្គិសនី​​ត្រឹម​ក្រោម ៥% ប៉ុណ្ណោះ នៃ​ទីផ្សារ​រថយន្តអគ្គិសនី​ពិភពលោក
បច្ចុប្បន្ន​ ជប៉ុនគ្រប់គ្រងចំណែកទីផ្សារ​រថយន្តអគ្គិសនី​​ត្រឹម​ក្រោម ៥% ប៉ុណ្ណោះ នៃ​ទីផ្សារ​រថយន្តអគ្គិសនី​ពិភពលោក AP - Eugene Hoshiko
ផ្សាយពាណិជ្ជកម្ម

ប្រទេសកម្ពុជា​អាចសម្រេចគោលដៅ​ដ៏មានមហិច្ឆតា​របស់ខ្លួន​ក្នុងការបង្កើនចំនួន​យានយន្តអគ្គិសនី​នៅលើដងផ្លូវ ​ប្រសិនបើ​អនុវត្តតាមផែនការ​ដែលបាន​រៀបចំឡើង​យ៉ាងប្រុងប្រយ័ត្ន​។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​របស់ធនាគារពិភពលោក​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​។

លោកស្រី ​ម៉ារីយ៉ាម សាលីម ​ប្រធាន​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំនៅ​កម្ពុជាក៏មាន​សុទិដ្ឋិនិយម​ដូចគ្នានេះដែរ​ និងថាគោលដៅ​មួយនេះ​ទាមទារឲ្យមាន​ការវាយតម្លៃ​ដោយប្រុងប្រយ័ត្ន​លើការ​ផ្លាស់ប្តូរនេះ​។ អ្នកគ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំកម្ពុជា​ដដែលពន្យល់ថា ​បច្ចុប្បន្ន​ប្រជាជនកម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ច្រើនពីការប្រើប្រាស់​យានយន្តជជុះ​តម្លៃទាប ​ដែលនាំចូលពី​បរទេស តែវា​ក៏ជាឧបសគ្គមួយដល់កំណើននៃ​ការប្រើប្រាស់យានយន្ត​អគ្គិសនីផងដែរ​។

ដោយអះអាងពីការ​ព្យាយាមជួយដល់រដ្ឋាភិបាល​កម្ពុជាលើបញ្ហានេះ លោកស្រី ​ម៉ារីយ៉ាម សាលីម ផ្តល់យោបល់​ថា​ ដើម្បីធានាឲ្យមាន​យានយន្តអគ្គិសនី​នៅលើដងផ្លូវច្រើន​ជាងយានយន្តប្រើសាំង​ ឬប្រេងម៉ាស៊ូត កម្ពុជា​ចាំបាច់ត្រូវធ្វើកំណែទម្រង់​បទបញ្ញត្តិនៃការនាំចូល ​និងការប្រើប្រាស់​យានយន្តដោយ​ប្រើវិធីរឹតបន្តឹង​បន្តិចម្តងៗ​។

កម្ពុជាគួរតែអនុវត្ត​គោលនយោបាយដែលតម្រូវឲ្យ​លែងមានយានយន្ត​ប្រើប្រេងឥន្ធនៈ​ ធ្វើចរាចរណ៍​តទៅទៀតនៅពេល​អាយុកាលរបស់វាចូលដល់​រយៈពេលជាក់លាក់​ណាមួយ​។ វិធីនេះនឹង​បង្កើនតម្រូវការសម្រាប់​យានយន្តថ្មី និងជួយបើកផ្លូវ​ឲ្យយានយន្តអគ្គិសនីជ្រៀត​ចូលក្នុងទីផ្សារ​ឲ្យកាន់តែលឿន។ ​នេះបើតាមប្រធាន​ធនាគារពិភពលោក​ប្រចាំកម្ពុជា​។

សូមរំលឹកថា ​កាលពីខែធ្នូ ឆ្នាំ២០២១ ​រដ្ឋាភិបាលកម្ពុជាបាន​កំណត់គោលដៅ​ក្លាយជាសេដ្ឋកិច្ច​មានអព្យាក្រឹតកាបូន​នៅត្រឹមឆ្នាំ ២០៥០​។ យុទ្ធសាស្ត្ររបស់​រដ្ឋាភិបាលនៅឆ្នាំ២០៥០​ សម្រាប់ការដឹកជញ្ជូន​គ្មានបំភាយកាបូន​គឺរួមមាន៧០%​នៃម៉ូតូ ​និង៤០%នៃ​រថយន្ត និង​រថយន្តសាធារណៈ​ក្នុងទីប្រជុំជន​ជាយានយន្តអគ្គិសនី​។

ស្របពេលកំណើន​សេដ្ឋកិច្ចកម្ពុជា ​ចំនួនយានយន្តសរុប​ដែលកំពុងធ្វើចរាចរណ៍​នៅតាមដងផ្លូវ​ត្រូវបានប៉ាន់ស្មានថា​អាចនឹងកើនឡើងពី ​៦លានគ្រឿង នាពេល​បច្ចុប្បន្នទៅដល់ ៨លាន​គ្រឿងនៅឆ្នាំ​២០៣០ និងកើនដល់​ ១៤លានគ្រឿងនៅ​ឆ្នាំ២០៥០។ ​ក៏ប៉ុន្តែបច្ចុប្បន្ននេះ ​ចំនួនរថយន្តអគ្គិសនី​ជាក់ស្តែង​ដែលកំពុងធ្វើចរាចរណ៍​នៅលើដងផ្លូវក្នុង​ប្រទេសកម្ពុជា​មានតិចជាង ​១ ០០០គ្រឿង​នៅឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ