អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ជំងឺមហារីក ៖ តើ​ធ្វើ​ដូចម្តេច​ទើប​អាចសម្រួល​​ផលរំខាន​នៃការ​ព្យាបាល​ដោយ​ថ្នាំគីមី ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ៤ កុម្ភៈ ជាទិវា​ពិភពលោក​ប្រឆាំង​នឹង​ជំងឺ​មហារីក។ បច្ចុប្បន្ន​នេះ ជំងឺមហារីកជា​ដើម​ហេតុ​ដំបូង​គេ​នៃ​មរណភាព​របស់​មនុស្ស​​នៅ​លើផែនដី។ មហារីក​​សម្លាប់​ជីវិត​ច្រើន​​ជាង​សង្គ្រាម​ និង​គ្រោះមហន្តរាយធម្មជាតិ​ទៅ​ទៀត។ ប៉ុន្តែ​មហារីក​ជា​ជំងឺ​ដែល​អាច​ព្យាបាល​បាន និង​ព្យាបាល​បាន​ជា។ គ្រាន់​តែ​ថាក្នុង​ពេល​​​ព្យាបាល​ ​អ្នក​ជំងឺ​អាច​ទទួល​ផលរំខាន​ ដោយ​ថ្នាំ​ធ្វើ​ទុក្ខ​ខ្លាំង​។ តើ​អ្នក​ជំនាញ​គ្មាន​មធ្យោបាយ​អ្វី​ជួយ​សម្រួល​អាការៈ​ធ្វើ​ទុក្ខ​របស់​ថ្នាំ​ទេ​ឬ ? តើ​អ្នក​ជំងឺ​មហារីក​ត្រូវ​ធ្វើ​យ៉ាង​ណា​ខ្លះ​ដើម្បី​អាច​ប្រឈម​នឹង​ឥទ្ធិពល​ថ្នាំ  ?

កុមារ​កើត​ជំងឺ​មហារីក ទទួល​ការ​ថែទាំ​រាងកាយ​ពី​គ្រូពេទ្យ​
កុមារ​កើត​ជំងឺ​មហារីក ទទួល​ការ​ថែទាំ​រាងកាយ​ពី​គ្រូពេទ្យ​ Getty Images via AFP - NOAM GALAI
ផ្សាយពាណិជ្ជកម្ម

មហារីក​ជា​ជំងឺ​គួរ​ឱ្យ​ខ្លាច​រអារ​បំផុត​ដែល​អាច​ឆក់​យក​ជីវិត​មនុស្ស​ទាំង​ក្មេង ប៉ុន្តែ​វេជ្ជសាស្ត្រ​កាន់​តែ​ជឿន​លឿន និងអាចព្យាបាល​ជំងឺ​មហារីក​បាន​កាន់​តែប្រសើរឡើង ឱ្យ​​បាន​ជា​សះស្បើយ​វិញ​ ក្នុង​អត្រា​កាន់​តែ​ខ្ពស់ នា​ពេល​បច្ចុប្បន្ន​នេះ ប្រសិនបើ​គេ​​វែក​ឃើញ​ជំងឺ​ បាន​ឆាប់​តាំងពី​ដំណាក់កាល​ដំបូង​មែនទែន។

ប៉ុន្តែការព្យាបាល​ជំងឺ​មហារីក ជាក់​ស្តែងការព្យាបាល​ដោយ​ថ្នាំគីមី​ អាច​បង្ក​ផលរំខានច្រើន និងការ​​ធ្វើ​ទុក្ខ​ខ្លាំង ដល់​អ្នក​ជំងឺ។ ព្យាបាល​ដោយ​គីមី គឺ​ជា​ការ​ប្រើ​ថ្នាំ​ចាក់​ ឬ​ថ្នាំ​លេប ដែល​សំដៅ​ទៅ​កម្ចាត់​កោសិកា​មហារីក​ ឬ​កំរិត​កោសិកា​មហារីក​កុំ​ឱ្យ​ពង្រីក​ខ្លួន ​ឆ្លង​រាលដាល​ទៅ​លើ​កោសិកា ឬ​សរីរាង្គ​ផ្សេង​ទៀត។ ប៉ុន្តែ​ថ្នាំ​ប្រភេទ​នេះ មាន​​អំណាច​ខ្លាំង អាច​វាយប្រហារ​លើ​កោសិកាល្អ ​គ្មាន​ជំងឺ និង​អាច​ផ្តល់​ផលវិបាក​ គួរ​ឱ្យ​ខ្លាច ដូច​ជា ជ្រុះ​សក់ ក្អួត​ ចង្អោរ ឈឺក្បាល នឿយហត់​ខ្លាំង រលាក​រលាត់​ស្បែក ...

នៅពេល​មាន​អាការៈ​សញ្ញា​រំខាន អ្នក​ជំងឺ​ចាំបាច់​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជំងឺមហារីក​វិញ​ភ្លាម​ ដើម្បី​រិះរង​មធ្យោបាយ​ និង​ថ្នាំ​ព្យាបាល​អបបន្ថែម។ សម្រាប់លោកស្រី​វេជ្ជបណ្ឌិត​ អាឡិចសង់ដ្រា លារី នៅប្រទេស​បារាំង​វិញ គ្រូពេទ្យ​ពិត​ជា​អាច​រក​វិធី​ជួយ​សម្រួល​អាការៈ​ធ្វើ​ទុក្ខ​របស់​អ្នក​ជំងឺ​រង​ការព្យាបាល​ដោយ​គីមី​បាន​ច្រើន នៅ​តាម​ស្ថានភាព​ជាក់​ស្តែងនីមួយៗ។ ឧទាហរណ៍ ការ​ជ្រុះ​សក់។ គ្រប់​អ្នក​ជំងឺ​ទទួល​ការ​ព្យាបាល​ដោយ​ថ្នាំគីមី មិន​សុទ្ធ​តែ​ត្រូវ​ជ្រុះសក់​ទេ ប៉ុន្តែ​ជ្រុះសក់​ជា​ផលរំខាន​ដ៏ចម្បង​មួយ។ ​​ដើម្បីការពារ​ករណី​ជ្រុះសក់ មន្ទីរពេទ្យ​ជា​ច្រើន​នៅប្រទេសបារាំង ​កំពុង​ចាប់​ផ្តើម​សាក​ល្បង​វិធីសាស្ត្រ​ឱ្យ​អ្នក​ជំងឺ​​ពាក់​មួកត្រជាក់​ខ្លាំង​​ ដែល​មាន​សីតុណ្ហភាព​ប្រមាណ​៣​អង្សា ​ដូច​ប្រដាប់​ដាក់​ទឹក​កក​យក​មក​ស្អំក្បាល។ ហេតុ​អ្វី​មួកទឹកកក ? ពីព្រោះ​ភាព​ត្រជាក់​អាច​រឹត​បង្រួម​សរសៃ​ឈាមដែល​តភ្ជាប់​ទៅ​ចិញ្ចឹម​ស្បែក​ក្បាល ឱ្យ​រួម​តូច។ ជា​លទ្ធផល ថ្នាំ​គីមី​ព្យាបាល​ជំងឺ​មហារីក មិន​អាច​ហូរតាម​ឈាម​បានដោយ​​ស្រួល​ទៅត្រង់​ម្តុំត្រជាក់​ខ្លាំង​​នោះ ទើប​ឬសសក់​នៅ​មាំ​ល្អ​មិន​ជ្រុះ។ ប៉ុន្តែ​ការ​ពាក់​មួក​ទឹកកក​មិនមែន​តែ​អាច​ធ្វើ​ទៅកើត​ស្រេច​នឹង​ចិត្ត​ទេ។ ត្រូវ​មាន​ពិធីសារវេជ្ជសាស្ត្រ​ច្បាស់លាស់​ ដោយ​ត្រូវ​ពាក់តាំងពី​​មុន​ចាក់​ថ្នាំគីមី​កន្លះម៉ោង និង​​ នៅពេលកំពុង​ ហើយ​បន្ត​ពាក់​​ក្រោយ​​ចាក់​ថ្នាំគីមីហើយប្រហែល​កន្លះ​ម៉ោង​ទៀត។

ក្នុង​ករណីមួកត្រជាក់​​គ្មាន​ប្រសិទ្ធភាព សក់ក៏​នឹង​ដុះ​ឡើង​វិញ នៅពេល​ការ​ព្យាបាល​ដោយ​ថ្នាំ​គីមី​ចប់​សព្វគ្រប់ ឬ​នៅពេល​​អ្នក​ជំងឺ​បាន​ជា​សះស្បើយ​ពី​ជំងឺ ប៉ុន្តែ​នៅ​មាន​​ករណី​មួយ​ ដែល​វេជ្ជសាស្ត្រ​នៅមិន​ទាន់​អាច​រកឃើញ​មធ្យោបាយ​ជួយ​បានក្នុង​អំឡុង​ពេល​នៃការព្យាបាល គឺ​អាការៈ​អស់​កម្លាំង។ ប៉ុន្តែ​​​អ្នក​ជំងឺ​ផ្ទាល់​អាច​ជួយ​ខ្លួន​ឯង​តាម​រយៈ​កាយវិការ​ដ៏​សាមញ្ញៗ ដូច​ជា​បន្ត​បញ្ចេញ​សកម្មភាព​កាយ​សម្បទា ទទួល​ទាន​ឱ្យ​បាន​ជាប់​លាប់​និង​ត្រឹម​ត្រូវ។ នេះ​ជា​ការណែនាំរបស់​​អ្នក​ស្រីវេជ្ជបណ្ឌិត ចំពោះ​​គ្រប់​អ្នក​ជំងឺ​មហារីក​ទាំង​អស់​ សូម​ស្តាប់​ប្រសាសន៍​របស់អ្នក​ស្រី​វេជ្ជបណ្ឌិត Alexandra Leary

“គ្រប់អ្នក​ជំងឺ​សុទ្ធ​តែបាន​ដឹង​ជា​មុន​​អំពីផលរំខាន​នៃ​ការព្យាបាល​ដោយ​ថ្នាំគីមី។ ប៉ុន្តែ​អ្វី​ដែលលំបាកបំផុត​ គឺនៅ​ពេល​ជួប​ផលរំខាន​នោះដោយជាក់ស្តែង។ មាន​ផលរំខាន​ខ្លះ​ គ្រូពេទ្យ​អាច​ជួយ​បាន ប៉ុន្តែ​ផលរំខាន​ខ្លះ​ទៀត មិន​អាច​ទេ។ ខ្ញុំ​សូម​សារភាព​ដោយ​ត្រង់​ថា ខ្ញុំ​គ្មាន​ថ្នាំ​អី​លេប​ទៅ​ធ្វើ​ឱ្យ​បាត់​អាការៈ​អស់​កម្លាំង​ទេ។ ប៉ុន្តែ​ផ្ទុយទៅវិញ ​អ្នក​ជំងឺ​អាច​ជួយ​ខ្លួនឯង​បាន! សូម​បន្ត​រក្សា​ខ្លួន​ឱ្យ​មាន​សកម្មជានិច្ច ! កុំ​ដំអក់​យល់​ថាខ្លួន​ឈឺ ខ្លួន​​កើត​មហារីក​ ​ខ្សោយអស់​កម្លាំង​ហើយ​លាក់​ខ្លួន​ពួន​​ដេកនៅលើ​គ្រែ​ ក្នុង​ផ្ទះ​ឱ្យ​សោះ។ សូម​សាកល្បង​បញ្ចេញ​កម្លាំង​កាយ​សម្បទា ធ្វើ​សកម្មភាព​កីឡា។ ខ្ញុំ​មិន​ឱ្យ​អ្នក​ទៅ​ហក់លោត​ ឬ​រត់​ប្រណាំង​ម៉ារ៉ាតុង​ទេ តែ​អ្នក​អាច​ ហាត់ប្រាណ​ជំនួយ​បេះ​ដូង សរសៃ​ឈាម។ ភាព​សកម្ម នឹង​ជួយ​អ្នក​បាន​ច្រើនណាស់។ សូម​ជឿចុះ! ចំណែក​ឯ​របប​អាហារ​វិញ សូមកុំ​ធ្វើ​បាប​ខ្លួន​បង្អត់​ និង​តម​អាហារ​អី ជា​ពិសេស​ចំពោះ​អ្នក​ជំងឺ​ដែល​ស្រក​គីឡូ និង​ខ្សោយស្រាប់។ សូម​ចង​ចាំ​ថា​ នៅពេល​កំពុង​ព្យាបាល​ អ្នក​ជំងឺ​បាត់​បង់​ចំណង់​ក្នុង​ការ​ទទួល​ទាន ព្រោះ​ជួន​មាត់​លែង​ដឹង​រសជាតិ ​ ជួន​​ហេងហាង​ដូច​មានរសជាតិស៊ី​​ច្រេះក្នុងមាត់។ ដូច្នេះ​សូម​ជ្រើសរើស​មុខ​ម្ហូបណាដែល​មាន​រសជាតិ​ខ្លាំងៗ ខុស​​ប្លែក​ពី​អ្វី​យើង​មាន​ទម្លាប់បរិភោគកាលមុន​ឈឺ​ ជា​បន្លែផ្លែឈើ​ស្រស់ៗ ឬ​ជា​អាហារ​ហិរៗ បើ​មាត់​លែង​ដឹង​ជាតិ”។

អ្នក​ជំងឺ​មហារីកកំពុង​ចាក់​គីមី ​អាច​ស្វែង​ការ​វិធី​ជួយ​សម្រួល​អាការៈ​ធ្វើ​ទុក្ខ​​ ផ្សេង​ទៀត។ ជា​ជំនួយអម​វេជ្ជសាស្ត្រ​ ​ដែល​​​មិនមែន​ជា​ការ​ប្រើ​ថ្នាំ ដែល​មិនមែន​ជា​​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ តែ​គឺ​ការ​សម្រួល​សរសៃ សម្រួល​ចលនា ដូច​ជា​ការ​ធ្វើ​ម៉ាស្សាច្របាច់​បាត​ជើង ប្របាច់​សរសៃ ឬ​ដោយ​ការ​ប្រើ​ម្ជុលវិទ្យាសាស្ត្រ ព្រោះ​វិធីសាស្ត្រ​ទាំង​នេះ គ្មាន​ហានិភ័យប៉ះពាល់​ដល់​ការ​ព្យាបាល​ដោយ​ថ្នាំគីមីទេ គឺ​មាន​តែ​ផ្តល់​ផលល្អ​ដែល​អ្នក​ជំងឺ​នឹងដឹង​ភ្លាម​នៅពេល​បាន​សាកល្បងម្តង​ឬ​ពីរដង​។ បើ​តាម​អ្នកស្រីវេជ្ជបណ្ឌិត អ្នក​ជំងឺ​មហារីក​ចំនួន​ពាក់​កណ្តាល​ មាន​អារម្មណ៍​ថា​ធូរស្បើយ​ច្រើននៅពេល​បាន​ទទួល​ជំនួយ​អមវេជ្ជសាស្ត្រ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ