អានតួអត្ថបទ
អាមេរិក

លោក​ចិប ប៊ូស ​ដកខ្លួន​ពី​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក

លោកស្រី​ហ៊ីឡារី គ្លីនតុន និង​លោក​ដូណាល់ ត្រាំ គឺ​ជា​អ្នក​ទទួល​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​អាមេរិក កាលពីយប់ថ្ងៃ​សៅរ៍។ ចំណែកឯ​​លោក ចិប ប៊ូស (Jeb Bush) ដែល​ត្រូវជា​កូនប្រុស និង​​ប្អូនប្រុស​អតីត​ប្រធានាធិបតី​អាមេរិក បាន​ប្រកាស​ដកខ្លួន​ចេញ​ពី​ការ​បោះឆ្នោត ក្រោយ​ពី​ទទួល​បានសំឡេង​គាំទ្រ​តិចតួច​ នៅ​ក្នុងការ​បោះឆ្នោត​ចំនួន ៣រដ្ឋ​ជាប់ៗគ្នា។

លោក​ចិប ប៊ូស (Jeb Bush) អតីត​អភិបាល​រដ្ឋ Florida និង​ជា​កូនប្រុស និង​ប្អូនប្រុស អតីត​ប្រធានាធិបតី​អាមេរិក
លោក​ចិប ប៊ូស (Jeb Bush) អតីត​អភិបាល​រដ្ឋ Florida និង​ជា​កូនប្រុស និង​ប្អូនប្រុស អតីត​ប្រធានាធិបតី​អាមេរិក REUTERS/Brian Snyder
ផ្សាយពាណិជ្ជកម្ម

លោក​ ចិប ប៊ូស អតីត​អភិបាលរដ្ឋ Florida ​ត្រូវបានគេមើលឃើញ​ថា​ជា​មនុស្ស​ទី៣​នៅ​ក្នុង​ត្រកូល​ប៊ូស ដែល​អាច​​នឹង​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក បន្ទាប់​ពី​លោក​ចច ប៊ូស ជាឪពុក ដែល​កាន់តំណែង​ពីឆ្នាំ​​១៩៨៩ ដល់​ឆ្នាំ​១៩៩៣ និង​លោក​ចច ដាបិលយូ ប៊ូស ជា​បងប្រុស ដែល​កាន់តំណែង​ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០០៩។

កន្លងមក លោក​ចិប ប៊ូស ត្រូវ​បាន​គណបក្ស​សាធារណរដ្ឋ​ដាក់ក្តីសង្ឃឹមច្រើនជាងគេ ក្នុងការ​ប្រជែង​ដណ្តើម​តំណែង​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ ក្តីសង្ឃឹម​បាន​ក្លាយ​ទៅជា​ការខក​ចិត្ត នៅ​ពេល​ដែល​គេមើលឃើញ ពី​សំឡេង​គាំទ្រ​តិចតួច ដែល​លោក​ចិប ប៊ូស ទទួល​បាន​​នៅ​ក្នុងការបោះឆ្នោត​ចំនួន ៣រដ្ឋ​កន្លងទៅនេះ។

នៅ​រដ្ឋ Iowa ដែល​ជារដ្ឋ​រៀបចំ​ការ​បោះឆ្នោត​ដំបូងគេ កាល​ពីថ្ងៃ​ទី១​កុម្ភៈ លោក​ចិប ប៊ូស ទទួល​បាន​សំឡេង​គាំទ្រ​​មិនដល់ ៣%​ផង ហើយស្ថិត​នៅ​លំដាប់​ទី ៦ បើ​ធៀប​នឹង​បេក្ខជន​ផ្សេងទៀត ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ​ដូចគ្នា។ នៅ​រដ្ឋ​បន្ទាប់​មក​ទៀត គឺ​នៅរដ្ឋ New Hampshire អតីត​អភិបាល​រដ្ឋ​​ Florida បាន​កើនសំឡេង​មក​ដល់ ១១% ប៉ុន្តែ នៅតែ​ចាញ់​ប្រៀប​ឆ្ងាយ​ពី​បេក្ខជន​ផ្សេងទៀត ដោយ​ស្ថិត​នៅ​រហូតដល់​ទៅ​លំដាប់ទី៤។

លទ្ធផល​ដ៏​គួរ​ឲ្យ​ខកចិត្ត​ជា​បន្តបន្ទាប់​នេះ គឺ​ជា​សម្ពាធ​ដ៏​ធំមួយ សម្រាប់​លោក ចិប ប៊ូស ដោយសារ​តែ​លោក​ចាប់ផ្តើម​បាត់​ការ​គាំទ្រ​ទាំង​ខាង​នយោបាយ និង​ខាង​ហិរញ្ញវត្ថុ ពី​សំណាក់​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ។ លោក​ចិប ប៊ូស បានដាក់​ក្តីសង្ឃឹម​ច្រើន​ទៅលើ​រដ្ឋ South Carolina ក្នុងការ​ស្តារប្រជាប្រិយភាព​ឡើងមកវិញ ដោយ​លោក​បាន​ទាក់ទាញ​បងប្រុស​របស់​លោក គឺ​លោក​ចច ដាបិលយូ ប៊ូស ឲ្យ​ចូល​មក​ជួយ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ ក៏ប៉ុន្តែ នៅទីបំផុត​ទៅ លោក​ចិប ប៊ូស នៅតែ​ត្រូវ​ទទួល​បរាជ័យ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​តែ ៨% ប៉ុណ្ណោះ និង​ស្ថិត​នៅ​យ៉ាងដាច់ឆ្ងាយ​ពី​លោក​ដូណាល់ ត្រាំ។

នៅ​យប់ថ្ងៃ​សៅរ៍ ក្រោយ​ពី​ការប្រកាស​លទ្ធផល​នៅ​រដ្ឋ South Carolina លោក​ចិប ប៊ូស ក៏​បាន​ប្រកាស​ទាំង​ទឹកភ្នែក​ដកខ្លួន​ចេញ​ពី​ការបោះឆ្នោត​ប្រធានាធិបតី ហើយ​ក្តីសង្ឃឹម​ដែល​ថា​នឹង​អាច​មាន​មនុស្ស​ទី៣ នៃ​ត្រកូលប៊ូស នៅ​សេតវិមាន​ ក៏​ត្រូវ​រលាយ​តែ​ត្រឹមនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ