អានតួអត្ថបទ
យេម៉ែន

យេម៉ែន៖កិច្ចព្រមព្រៀងសន្តិភាពរវាង​រដ្ឋាភិបាល និង​ពួកអ្នកទាមទារផ្តាច់ទឹកដីនិយម​កំពុង​ជួបគ្រោះថ្នាក់

នៅ​ក្នុង​ប្រទេស​យេម៉ែន ក្រុម​អ្នកទាមទារផ្តាច់ទឹកដីនិយម​បាន​ប្រកាស​ក្នុង​ថ្ងៃ​អាទិត្យ ទី២៦ មេសា​ពី​ការ​ដាក់​តំបន់ប៉ែកខាងត្បូង​ជា​តំបន់​ស្វយ័ត។ ការ​សម្រេច​ជា​អន្តោម័ត​របស់​ក្រុម​អ្នកទាមទារផ្តាច់ទឹកដីនិយម​យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចព្រមព្រៀង​ដែល​ពួក​គេ​បាន​ចុះ​ហត្ថលេខា​ជាមួយ​រដ្ឋាភិបាល និង​បាន​រុញ​ទម្លាក់​ថែម​ទៀត​នូវ​ជម្លោះ​រវាង​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម​ហ៊ូទី​ដែល​កំពុង​កាន់កាប់​នៅ​តំបន់​ប៉ែក​ខាង​ជើង។ គួរ​រម្លឹក​ថា យេម៉ែន​បាន​ធ្លាក់​ក្នុង​សង្រ្គាមផ្ទៃក្នុង​ហែកហួរ​គ្នា​តាំង​ពី​ឆ្នាំ ២០១៤ មក​ម្ល៉េះ។

លោក Aidarous al-Zoubeidi ប្រធានក្រុមប្រឹក្សាអន្តរកាលប៉ែកខាត្បូងក្នុង​ប្រទេសយេម៉ែន
លោក Aidarous al-Zoubeidi ប្រធានក្រុមប្រឹក្សាអន្តរកាលប៉ែកខាត្បូងក្នុង​ប្រទេសយេម៉ែន Saleh Al-OBEIDI / AFP
ផ្សាយពាណិជ្ជកម្ម

គឺ​តាម​រយៈសេចក្តីប្រកាស​ព័ត៌មាន​មួយ​ដែល​ក្រុមប្រឹក្សា​អន្តរកាល​ប៉ែក​ខាត្បូង​បាន​ប្រកាស​ស្វ័យភាព​ក្នុង​តំបន់​ដែល​ខ្លួន​កំពុង​ឈរ​ជើង។ តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ក្រុម​អ្នកទាមទារផ្តាច់ទឹកដីនិយម​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​រដ្ឋាភិបាល​ទទួល​ស្គាល់​ដោយ​អង្គការសហប្រជាជាតិ​ពី​បទ​មិន​គោរព​កាតព្វកិច្ច និង​បាន​ប្រឆាំង​នឹង​បុព្វហេតុ​នៃ​តំបន់​ប៉ែកខាងត្បូង។ ហេតុអ្វី​បាន​ជា​មាន​ការ​ប្រកាស​ស្វ័យភាព​នៅ​ពេល​នេះ ព្រោះ​តាម​ពិត​ទៅ និង​អ្វី​ដែល​ក្រុម​អ្នកបះបោរ​នៅ​ប៉ែកខាងត្បូង​ចង់​បាន​តាំង​ពី​ដើម គឺ​ឯករាជ្យភាព​ទេ​តើ។ តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ពួក​គេ​ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ជាមួយ​រដ្ឋាភិបាល​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៩ ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។

កិច្ចព្រមព្រៀង​សន្តិភាព​កាល​ណោះ​បាន​បិទបញ្ចប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កម្លាំង​រដ្ឋាភិបាល និង​កម្លាំង​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម។ ដូច្នេះ​ចង់ ឬ​មិន​ចង់ ការ​សម្រេច​ជា​អន្តោម័ត​របស់​ក្រុម​អ្នកទាមទារផ្តាច់ទឹកដីនិយម​ពេល​នេះ​បាន​ធ្វើ​ឲ្យ​អតីត​សម្ព័ន្ធមិត្ត​ទាំង​ពីរ​វិល​ត្រឡប់​ទៅ​ប្រឈម​មុខ​ដាក់​គ្នា​ជា​ថ្មី​ក្នុង​ពេល​ដែល​ប្រទេស​កំពុង​ប្រឈម​ទប់​នឹង​ការ​ឆ្លង​របស់​ជំងឺ​កូវីដ-១៩។ ទន្ទឹម​គ្នា​នេះ ភាព​ប្រេះឆា​ជា​ថ្មី​រវាង​រដ្ឋាភិបាល និង​ក្រុម​អ្នកទាមទារផ្តាច់ទឹកដីនិយម​នៅ​ប៉ែកខាងត្បូង​នឹង​អាច​រុញ​ជម្លោះ​រវាង​រដ្ឋាភិបាល និង​ក្រុមឧទ្ទាម​ហ៊ូទី​ដែល​កំពុង​គ្រប់គ្រង​តំបន់​ប៉ែកខាងជើង​ឲ្យ​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លាំង​ដែរ។

ខុស​ពី​ពួកអ្នកទាមទារផ្តាច់ទឹកដីនិយម​នៅ​ប៉ែកខាងត្បូង ក្រុមឧទ្ទាម​ហ៊ូទី​នៅ​ប៉ែកខាងជើង​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់​មិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​ទេ។ ការ​វាយប្រហារ​ផ្លូវយោធា​រវាង​កម្លាំង​រដ្ឋាភិបាល និង​កម្លាំង​ឧទ្ទាម​ហ៊ូទី​នា​រយៈពេល ៥ឆ្នាំ​ចុង​ក្រោយ​បាន​បណ្តាល​ឲ្យ​មាន​ជនស៊ីវិល​ស្លាប់​ជា​ច្រើន​ពាន់នាក់ និង​បាន​រុញ​ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​មហន្តរាយ​មនុស្សធម៌​ដ៏​អាក្រក់ខ្លាំង​ជាង​គេ​ក្នុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ