អានតួអត្ថបទ
អាមេរិក-អ៊ីរ៉ង់-នយោបាយ

ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​ ចេញមុខ​ព្រមាន​អាមេរិក​ភ្លាមៗ​ក្រោយ​មាន​នាវា​ចម្បាំង​ជាច្រើន​គ្រឿង​ក្នុង​ដៃ​

ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​ នៅថ្ងៃ​ព្រហស្បតិ៍​ ទី ២៨​ ឧសភា​ បាន​ចេញមុខ​ព្រមាន​អាមេរិក​ថា​អ៊ីរ៉ង់​ ប្រឆាំង​ជាដាច់ខាត​ទៅនឹង​វត្តមាន​របស់​កងទ័ព​ជើងទឹក​អាមេរិក​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែក្ស​។ ការ​ប្រកាស​ព្រមាន​ខាង​លើនេះ​ ត្រូវ​គេ​ដឹងថា​ ធ្វើឡើង​ក្តៅៗ​ភ្លាម​តែម្តង​ បន្ទាប់ពី​ប្រទេស​អ៊ីរ៉ង់​ ទទួលបាន​នាវា​ចម្បាំង​ និង​ទូក​ល្បាត​ថ្មីៗ​នៅក្នុង​ដៃ​ជាង​ ១០០ គ្រឿង​រួច​មក​។

Iran's new combat vessels include speedboats, coastal patrol boats and submarines, according to state TV
Iran's new combat vessels include speedboats, coastal patrol boats and submarines, according to state TV IRANIAN DEFENCE MINISTRY/AFP
ផ្សាយពាណិជ្ជកម្ម

នាវា​ចម្បាំង និងទូកល្បាតថ្មីៗ​ទាំងនោះ​ រួមមាន​ដូចជា​នាវា​ល្បាត​តាម​ឆ្នេរសមុទ្រ​ Zolfaghar នាវា​មុជ​ទឹក​ Taregh​ និងទូកល្បឿនលឿន Ashura ជាដើម​។ ឧត្តម​សេនីយ៍​ ហូសស៊ីន សាឡាមី មេ​បញ្ជាការ​កង​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់ បាន​និយាយ​​ថា​ ការ​ពង្រីក​អំណាច​កងទ័ព​ជើងទឹក​អ៊ីរ៉ង់​ ដើម្បី​ការពារ​ខ្លួន​គឺជា​រឿង​ដែល​អ៊ីរ៉ង់​ត្រូវ​តែធ្វើ​។

ស្របពេល​ដែល​អះអាង​ប្រាប់ថា​ ការ​ពង្រឹង​អំណាច​ផ្លូវទឹក​របស់​ក្រុង​តេហេរ៉ង់​ មិនមែន​ជា​សកម្មភាព​ចង់​វាយ​ប្រយុទ្ធ​សត្រូវ​នោះ លោកមេ​បញ្ជាការ​ ហូសស៊ីន​ សាឡាមី​ បាន​សង្កត់ធ្ងន់​ដែរថា​ អ៊ីរ៉ង់​ នឹង​មិន​ឱនក្បាល​ជាដាច់​ខាត​នៅ​ចំពោះ​មុខ​សត្រូវ​ មិន​ថា​សត្រូវ​នោះ​ជា​អ្នកណា​ឡើយ​។

គួរ​គូស​បញ្ជាក់ជូនថា​ ទំនាក់ទំនង​រវាង​ប្រទេស​អ៊ីរ៉ង់​និង​សហរដ្ឋអាមេរិក​ បាន​ផ្តើម​តានតឹង​នឹង​គ្នាខ្លាំង​តាំងពី​ឆ្នាំ​ ២០១៨​ នៅពេល​ដែលលោក​ប្រធានាធិបតី​អាមេរិក​ដូណាល់​ ត្រាំ សម្រេច​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ និង​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជាបន្តបន្ទាប់​លើប្រទេស​នេះ​។

មួយវិញទៀត​ ទំនាក់​ទំនង​រវាង​អាមេរិក​-អ៊ីរ៉ង់​ កាន់​តែ​អាក្រក់​ទ្វេឡើង​នៅ​ក្នុង​ខែមករា​ដើម​ឆ្នាំ​ ២០២០​ នេះ​ បន្ទាប់ពី​ឧត្តមសេនីយ​អ៊ីរ៉ង់​កាសឹម​ សូឡីម៉ានី ​ត្រូវ​យន្តហោះ​ដ្រូន​អាមេរិក​បាញ់​សម្លាប់​នៅ​ប្រទេស​អ៊ីរ៉ាក់។

ប្រទេសអ៊ីរ៉ង់​ រហូត​មកទល់នឹងពេលនេះ​ មិន​ដែល​ចុះញ៉ម​នឹង​សម្ពាធ​ទណ្ឌកម្ម​របស់​អាមរិក​ ដែល​ធ្លាក់​មក​ជាបន្តបន្ទាប់​នោះឡើយ​។ មិនតែ​ប៉ុណ្ណោះ​ អ៊ីរ៉ង់​ថែមទាំង​បាន​ធ្វើសកម្មភាព​ផ្គើន​អាមេរិក​ជារឿយៗ​ មាន​ដូចជា​លូកដៃ​ក្នុងកិច្ចការ​ប៉ាឡេស្ទីន​និង​បន្ត​ចម្រើន​សារធាតុអ៊ុយ​រ៉ាញ៉ូម​ជាដើម​។

នៅថ្ងៃ​ព្រហស្បតិ៍​ ទី​ ២៨​ ឧសភា​ ក្រុងតេហេរ៉ង់​ ថែម​ទាំង​បាន​អះអាង​ថា​ អ៊ីរ៉ង់​ គ្មាន​បាន​រង​ផលប៉ះពាល់​អ្វី​ពី​ទណ្ឌកម្ម​ទាំងអស់​របស់​អាមេរិក​ដែល​ដាក់​ធ្វើខ្លួន​ឡើយ​។

គួររំឭកជូនថា នៅប៉ុន្មានថ្ងៃមុន​ សហរដ្ឋ​អាមេរិក​បាន​សម្រេច​បញ្ឈប់​នូវ​រាល់ការ​លើកលែង​ចំពោះ​ទណ្ឌកម្ម​ដាក់​លើអ៊ីរ៉ង់​។ នេះ​ ជាការ​ឆ្លើយតប​យ៉ាងឆាប់រហ័ស​របស់​អាមេរិក​ ចំពោះ​សកម្មភាព​ផ្គើន​របស់​អ៊ីរ៉ង់​ដែល​ហ៊ាន​ដឹកប្រេង​ចំនួន​ ៥​កប៉ាល់​ ក្នុង​ចំណុះ ១លាន ៥សែន​ធុង​ទៅឲ្យ​វ៉េណេស៊ុយអេឡា​ កាលពី​ថ្ងៃទី ២៤ ឧសភា​កន្លងទៅ​។

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក​ ម៉ៃក៏ ប៉ុមប៉េអូ បាន​និយាយ​ សហរដ្ឋអាមេរិក​កំពុង​ឆ្លើយតប​ដោយ​ “ភាពឆ្លាតវៃ​” ទៅកាន់​ប្រទេស​អ៊ីរ៉ង់​ដែល​កំពុង​ដើរ​លើផ្លូវ​បំផ្លាញ​ខ្លួនឯង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ