អានតួអត្ថបទ

ភាពតានតឹង​កើនឡើង​ខ្លាំង រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន នៅតំបន់​ហ្កាហ្សា

កងទ័ព​អ៊ីស្រាអែល​នៅ​ថ្ងៃ អាទិត្យនេះ បាន​បើកការវាយប្រហារ​តាមផ្លូវអាកាស​លើ​ទីតាំង ​របស់​ក្រុមហាម៉ាស និង​បិទ​ដែន​នេសាទ នៅ​ហ្កាហ្សា ដែនដី​ប៉ាឡេស្ទីន នៅបន្ទាប់ពី​មាន​ការបាញ់ផ្លោង រ៉ុកកែត និង​ការបង្ហោះប៉េងប៉ោង​ភ្ជាប់គ្រាប់ផ្ទុះ ចេញពី​តំបន់​ហ្កាហ្សា សំដៅ​ទឹកដីភាគខាងត្បូង​អ៊ីស្រាអែល។ ភាពតានតឹង នៅព្រំដែន អ៊ីស្រាអែល និងហ្កាហ្សា របស់​ប្រជាជន​ប៉ាឡេស្ទីន ​កើនឡើង​មួយកម្រិតថែម​ទៀត នៅក្នុង​បរិបទ​ដែល ​អ៊ីស្រាអែល​ទើប​បាន​ចុះ​កិច្ចព្រមព្រៀង ចង​ស្ពានមេត្រី ជាមួយ​ប្រទេស​អារ៉ាប់​មួយទៀត គឺ​អេមរ៉ាតអារ៉ាប់រួម ដែល​ប្រជាជន​ប៉ាឡេស្ទីន​ចាត់ទុក​ថា ជា​ការក្បត់ ផលប្រយោជន៍​ប៉ាឡេស្ទីន។

កុមារប៉ាឡេស្ទីន​មើលផ្ទះរបស់ខ្លួន នៅ​ជំរំភៀសខ្លួន Buriej ក្នុង​តំបន់​ហ្កាហ្សា​ដែល​ត្រូវ​រងបំផ្លាញ​ដោយសារ​ការវាយប្រហារ​ផ្លូវអាកាសរបស់​អ៊ីស្រាអែល កាលពី​ថ្ងៃ​សៅរ៍ ទី​១៥ សីហា ២០២០
កុមារប៉ាឡេស្ទីន​មើលផ្ទះរបស់ខ្លួន នៅ​ជំរំភៀសខ្លួន Buriej ក្នុង​តំបន់​ហ្កាហ្សា​ដែល​ត្រូវ​រងបំផ្លាញ​ដោយសារ​ការវាយប្រហារ​ផ្លូវអាកាសរបស់​អ៊ីស្រាអែល កាលពី​ថ្ងៃ​សៅរ៍ ទី​១៥ សីហា ២០២០ AP - Khalil Hamra
ផ្សាយពាណិជ្ជកម្ម

កងទ័ព​អ៊ីស្រាអែល នៅ​ថ្ងៃ​អាទិត្យនេះ បាន​សម្រេច​បិទ​ដែននេសាទ​របស់​ប្រជាជន​ប៉ាឡេស្ទីន បិទច្រកចេញចូល​តែមួយ រវាង​អ៊ីស្រាអែល ជាមួយ​ហ្កាហ្សា និង​បើក​ការវាយប្រហារ​តាមផ្លូវ​អាកាស​លើ​ទីតាំង​របស់​ក្រុមហាម៉ាស នៅតំបន់​ហ្កាហ្សា។ វិធានការ​របស់​កងទ័ព​អ៊ីស្រាអែល ធ្វើឡើង នៅក្នុង​កាលៈទេសៈ ដែល​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន កំពុង​ចាប់តានតឹង នឹង​គ្នា កាន់តែ​ខ្លាំង នៅ​មួយរយៈ​ចុងក្រោយនេះ។

នៅ​ចុងសប្តាហ៍​កន្លងទៅ អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​តាមផ្លូវអាកាស សំដៅ ទីតាំង​របស់​ក្រុមហាម៉ាស ដែល​គ្រប់គ្រង​តំបន់​ហ្កាហ្សា​ប៉ាឡេស្ទីន នៅបន្ទាប់​ពី​ខ្លែង និង​ប៉េងប៉ោង ដែល​មាន​ភ្ជាប់​គ្រឿងផ្ទុះឆេះ ត្រូវ​បាន​បង្ហោះ​ចេញពី​តំបន់​ហ្កាហ្សា ​ទៅ​ធ្លាក់​ឆេះ នៅទឹកដី​ភាគខាងត្បូង អ៊ីស្រាអែល។

តាម​ក្រុមពន្លត់អគ្គិភ័យ​អ៊ីស្រាអែល ខ្លែង និង​ប៉េងប៉ោង ភ្ជាប់គ្រឿងផ្ទុះ​បាន​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ រាប់រយ​កន្លែង ដែល​នៅក្នុង​មាន​១៩​កន្លែង នៅក្នុង​ថ្ងៃ​សៅរ៍ម្សិលមិញ។ នៅ​ថ្ងៃ​អាទិត្យ​នេះ កងទ័ព​អ៊ីស្រាអែល​បាន​អះអាង​ថា ខ្លួន​បាន​បើក​ប្រតិបត្តិការ ផ្លូវអាកាស វាយប្រហារ សាជាថ្មី​ទីតាំង ហេដ្ឋារចនាសម្ព័ន្ធ​របស់​ក្រុមហាម៉ាស ដែល​មាន​ផងដែរ កន្លែង​ស្តុកទុក គ្រាប់រ៉ុកកែត ប៉ុន្ទាប់​ពី​មាន​រ៉ុកកែត ៣ដើម ត្រូវគេ​បាញ់​ចេញពី​ហ្កាហ្សា ចូល​ទឹកដី អ៊ីស្រាអែល នៅ​ព្រឹកព្រលឹម​ថ្ងៃ​អាទិត្យ។

ភាពតានតឹង បានកើនឡើង នៅតាម​ព្រំដែនអ៊ីស្រាអែល ជាមួយ​តំបន់​ហ្កាហ្សា ជាទី ដែល​ប្រជាជន​ប៉ាឡេស្ទីន​បាន​ចាប់​ធ្វើ​កុប្បកម្ម គប់គ្រាប់បែក និង​គ្រឿងផ្ទុះ សំដៅ របង​សន្តិសុខ អ៊ីស្រាអែល ដើម្បី​សំដែង​កំហឹង​តវ៉ា​របស់​ពួកគេ ទៅ​នឹង​កិច្ចព្រមព្រៀង​ចងស្ពានមេត្រី ដែល អ៊ីស្រាអែល បាន​ចុះជាមួយ អេមីរ៉ាតអារ៉ាប់រួម កាលពី​ថ្ងៃ ព្រហស្បតិ៍។

តាម​អេមីរ៉ាតអារ៉ាប់រួម កិច្ចព្រមព្រៀង សន្តិភាព ជាមួយអ៊ីស្រាអែល​នឹង​ធ្វើ​ឲ្យ​អ៊ីស្រាអែល ឈប់​កាត់យកដី​ប៉ាឡេស្ទីន នៅ​តំបន់​ស៊ីហ្សកដានី។ អ៊ីស្រាអែលវិញ ប្រើពាក្យ ​ផ្អាក​គម្រោង​កាត់យកដី​ប៉ាឡេស្ទីន ប៉ុន្តែ​មិនមែន​ឈប់នោះទេ។ យ៉ាងណាក៏ដោយ សម្រាប់ ប្រជាជន​ប៉ាឡេស្ទីន ដោយ​ចុះកិច្ចព្រមព្រៀង ចងស្ពានមេត្រី​ជាមួយ អ៊ីស្រាអែល ប្រទេស​អារ៉ាប់ អេមីរ៉ាតអារ៉ាប់រួម បាន​ក្បត់​ផលប្រយោជន៍​របស់​ប្រជាជន​ប៉ាឡេស្ទីន។

ប៉ុន្តែ សម្រាប់​អ្នកវិភាគ​ប៉ាឡេស្ទីន ការបាញ់​គ្រាប់រ៉ុកកែត និង​ការបញ្ជូន​ខ្លែង ប៉េងប៉ោង​មាន​គ្រឿងផ្ទុះ ឲ្យ​ទៅ​ផ្ទុះធ្លាក់​នៅក្នុង​ទឹកដី​អ៊ីស្រាអែល​ជា​ចេតនា​របស់​ប្រជាជន​ប៉ាឡេស្ទីន ដើម្បី ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​អ៊ីស្រាអែល ឲ្យ​យល់ព្រម​បើកផ្លូវ ឲ្យ មាន​ជំនួយ​មនុស្សធម៌ របស់​ប្រទេស​កាតា សម្រាប់​ប្រជាជន​ប៉ាឡេស្ទីន ទៅ​តាម​កិច្ចព្រមព្រៀង បទឈប់បាញ់ កាលពី​ឆ្នាំមុន។

អ៊ីស្រាអែល ដែល​បាន​ធ្វើសង្រ្គាម ប្រយុទ្ធគ្នា ៣លើក ជាមួយ ក្រុមហាម៉ាស ប៉ាឡេស្ទីន បាន​យល់ព្រម​ចុះកិច្ចព្រមព្រៀង បទឈប់បាញ់​ជាមួយ​ក្រុមហាម៉ាស ក្រោម​ជំនួយ​អន្តរាគមន៍​របស់​អង្គការ​សហប្រជាជាតិ អេហ្ស៊ីប និង​កាតារ។ ប៉ុន្តែ អ៊ីស្រាអែល ដែល​ឡោមព័ទ្ធជុំវិញ ទឹកដី​ហ្កាហ្សា របស់​ប្រជាជន​ប៉ាឡេស្ទីន បានចេញមុខ​គ្រប់គ្រង ដែនអាកាស ដែនគោក និង​ដែនទឹក​របស់​ហ្កាហ្សា នៅក្រោម​ហេតុផល ការពារ​កុំ​ឲ្យ​ក្រុមហាម៉ាស បំពាក់អាវុធ សម្រាប់​វាយប្រហារ​អ៊ីស្រាអែល។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ