អានតួអត្ថបទ

ប្រទេស​អារ៉ាប់​កាន់តែច្រើន​បាន​ធ្វើ​ពហិការ មិនទិញ​ផលិតផល​បារាំង ដោយសារ​រូបត្លុក​មហាម៉េដ

សារ​ប្រឆាំង​ប្រធានាធិបតីបារាំង និង​ពហិការ​មិនទិញ​ទំនិញ​បារាំង ផ្ទុះឡើង​នៅបណ្តាប្រទេស​អារ៉ាប់។ នៅ​ថ្ងៃ​សៅរ៍ ប្រជាជន​កាន់សាសនា​អ៊ីស្លាម ប្រមាណ ២០០​នាក់​បានធ្វើ​បាតុកម្ម នៅ​មុខ​ស្ថានទូត​បារាំង ក្នុង​ទីក្រុង​តែលអាវីវ ប្រទេស​អ៊ីស្រាអែល ដើម្បី​ស្រែកបរិហា​រិះគន់ ប្រធានាធិបតី បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង។ ដោយសារតែ សុន្ទរកថា ទាក់ទង​នឹង​រូបត្លុក មហាម៉េដ  លោក​ប្រធានាធិបតី​បារាំង ម៉ាក្រុង កាលពី​ថ្ងៃ​សៅរ៍ម្សិលមិញ ត្រូវ​បាន​ប្រធានាធិបតី តួកគី លោក​អ៊ែរដូហ្កាន និយាយ​ប្រមាថ ថា លោក​ត្រូវ​ទៅ​ពិនិត្យ​សុខភាព ខួរក្បាល ឡើងវិញ។ 

នៅផ្សារទំនើបមួយ​នៅ​ប្រទេស​កូវ៉ែត ទំនិញ​បារាំង ដូចជា​ហ្វ្រូម៉ាស បារាំង ត្រូវ​ដកចេញ​ពី​កន្លែង​លក់ នៅក្នុង​យុទ្ធនាការ​ពហិការ​ មិនទិញទំនិញ​បារាំង ដើម្បី​ប្រឆាំង​នឹង​នយោបាយរបស់​លោកប្រធានាធិបតី​បារាំង ដែល​ការពារ​រូបត្លុក ព្យាការី មហាម៉េដ នៅថ្ងៃទី ២​៣​តុលា ២០២០
នៅផ្សារទំនើបមួយ​នៅ​ប្រទេស​កូវ៉ែត ទំនិញ​បារាំង ដូចជា​ហ្វ្រូម៉ាស បារាំង ត្រូវ​ដកចេញ​ពី​កន្លែង​លក់ នៅក្នុង​យុទ្ធនាការ​ពហិការ​ មិនទិញទំនិញ​បារាំង ដើម្បី​ប្រឆាំង​នឹង​នយោបាយរបស់​លោកប្រធានាធិបតី​បារាំង ដែល​ការពារ​រូបត្លុក ព្យាការី មហាម៉េដ នៅថ្ងៃទី ២​៣​តុលា ២០២០ AFP - YASSER AL-ZAYYAT
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​បណ្តា​ប្រទេស​អារ៉ាប់ សារអំពាវនាវ​ឲ្យ​ធ្វើ​ពហិការ មិន​ទិញ​ទំនិញ​បារាំង​បាន​កើនឡើង​កាន់តែ​ច្រើន នៅ​ចុងសប្តាហ៍​នេះ ដោយសារ​តែ សុន្ទរកថា ដ៏ចម្រូងចម្រាស របស់​ប្រធានាធិបតី​បារាំង ទាក់ទង​នឹង​រូបត្លុក ព្យាការី មហាម៉េដ។

សារ​ជាភាសា​អារ៉ាប់ ប្រឆាំង​ប្រធានាធិបតី​បារាំង និង​សារ​អំពាវនាវ​ឲ្យ​ធ្វើ​ពហិកា​មិន​ទិញទំនិញ​បារាំង ត្រូវ​បាន​បង្ហោះ ផ្សាយ នៅក្នុង​បណ្តាញ​សង្គម​តាំង​ពី​ថ្ងៃ សុក្រ ពោល​គឺ​នៅ​មួយ​ថ្ងៃ​ក្រោយ ការថ្លែង​សុន្ទរកថា របស់​លោកប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង នៅក្នុង​ពិធីគោរព​វិញ្ញាណក្ខន្ធ​ថ្នាក់ជាតិ​សម្រាប់​គ្រូបង្រៀន Samuel Paty នៅ​សកលវិទ្យាល័យ​Sorbonne។ នៅក្នុង​ពិធីបុណ្យគោរព​វិញ្ញាណក្ខន្ធ លោក​គ្រូ Samuel Paty ដែល​ត្រូវ​ភេរវជន​អ៊ីស្លាម​ជ្រុលនិយម សម្លាប់ ដោយសារ ​តែ​លោកគ្រូ​បាន​យក​រូបត្លុក ព្យាការី មហាម៉េដ មក​បង្ហាញ បង្រៀន​ដល់​សិស្ស លោកប្រធានាធិបតី​បារាំង​បាន​បញ្ជាក់ថា “បារាំង នឹង​មិន​បោះបង់​ចោល​ទម្លាប់ គូររូបត្លុក នោះទេ”។

គឺពាក្យ​ថា បារាំង “មិនឈប់​គូររូបត្លុក”​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ប្រជាជន​កាន់សាសនា​អ៊ីស្លាម នៅក្នុង​បណ្តា​ប្រទេស​អារ៉ាប់ ខឹងមិន​សប្បាយចិត្ត និង​បាន​ប្រកាស​ធ្វើ​ពហិការ មិន​ទិញ ទំនិញ​បារាំង។ តួកគី អ៊ីរ៉ង់ ហ្សកដានី កាតា និង​កូវ៉ែត​ធ្លាប់​បាន​ចេញមុខ​បរិហាររិះគន់​ការចុះផ្សាយ រូបត្លុក ព្យាការី មហាម៉េដ ដែល​មាន​ប្រភព​ដើម​ចេញពី​កាសែតបារាំង Charlie Hebdo។ អង្គការ​ដើម្បី​សហប្រតិបត្តិការ​អ៊ីស្លាម ដែល​ប្រមូលផ្តុំ​ប្រទេស​​កាន់សាសនា​អ៊ីស្លាម បាន​សំដែង​ការសោកស្តាយ ដោយសារ​តែ​សំដី​របស់​អ្នកទទួល​ខុសត្រូវ​បារាំង មួយ​ចំនួន នឹង​អាច​ប៉ះពាល់​ដល់ទំនាក់ទំនង បារាំង អ៊ីស្លាម។

នៅ​ប្រទេស​កាតារ ក្រុមហ៊ុន​ទទួល​លក់​ផលិតផល​បារាំង បាន​ប្រកាស​ថា ខ្លួន​នឹង​ដក​ផលិតផល​បារាំង ចេញពី​កន្លែងតាំងលក់ រហូត​ដល់​មានការសម្រេចថ្មី។ សកលវិទ្យាល័យ នៅ​កាតារ​បាន​បញ្ជាក់ដែរថា ខ្លួន​ត្រូវ​ផ្អាកព្យួរ ព្រឹត្តិការណ៍​វិប្បធម៌​បារាំង ដោយសារ​សំដី​របស់​បារាំង បាន​ទៅ​ប៉ះពាល់អ៊ីស្លាម និង​និមិត្តរូប​របស់​អ៊ីស្លាម។

រូបថត​នៅលើ​បណ្តាញ​សង្គម បង្ហាញ សកម្មជន​អ៊ីស្លាម ​លើកបដា​វាយប្រហារ​លោក​ម៉ាក្រុង និង​ហាងទំនិញ​ជាច្រើន ដែល​គេ​បាន​ដកផលិតផល​បារាំង ដូចជា ហ្រ្វូម៉ាស ស្រា និង​ផលិតចេញពី Rayon។ នៅកូវ៉ែត​ដដែល ទីភ្នាក់ងារ​ទេសចរណ៍ ជាង​៣០០​បាន​ប្រកាស​ឈប់​កក់ជើងហោះហើរ​ទៅ​ប្រទេស​បារាំង។ នៅប្រទេស​ហ្សកដានី គណបក្ស​ប្រឆាំង​បាន​អំពាវនាវ​ឲ្យ​គេធ្វើ​ពហិការ​មិនទិញ ទំនិញបារាំង។ ពហិការ មិន​ឲ្យ​ទិញ​ទំនិញ​បារាំងនឹង​អាច​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​នាំចេញ​ផលិតផល​កសិចំណីអាហារ​របស់​បារាំង បើសិន វា រីករាលដាល​កាន់តែ​ខ្លាំង នៅក្នុង​បណ្តា​ប្រទេស ផ្សេងទៀត ដូចជា​អារ៉ាប៊ី សាអូឌីត និង​អេមីរ៉ា អារ៉ាប់រួម ដែល​បាន​ក្លាយ​ជា​ទិសដៅ​នាំចេញ​សំខាន់​នៃ​ផលិតផល​បារាំង។

ប្រធានាធិបតី អ៊ែដូហ្កាន ថា លោក​ប្រធានាធិបតី​បារាំង ម៉ាក្រុង ត្រូវទៅ​ឆែក ពិនិត្យ​មើល​សុខភាព​ខួរក្បាល

សង្រ្គាមពាក្យសំដី ពាក្យ​ទ្រគោះបោះបោក​រវាង​ប្រមុខរដ្ឋ​បារាំង និង​ប្រធានាធិបតី​តួកគី មិនមែន​ទើបកើតមាន ជា​លើកទី១​នោះទេ។ លោក​ប្រធានាធិបតី​តួកគី អ៊ែរដូហ្កាន ធ្លាប់​បាន​ដៀល​លោក​ម៉ាក្រុង​ម្តងហើយថា ដូចជា​មនុស្ស​ស្លាប់ នៅក្រោយ លោក​ម៉ាក្រុង បាន​ចាត់ទុក អង្គការ​អូតង់ ថា ជា​ស្ថាប័ន​ដូចស្លាប់។

នៅមុន​និយាយ​ប្រមាថ ដេញ​លោក​ម៉ាក្រុង ឲ្យ​ទៅ​ពិនិត្យ ឆែក​មើល​សុខភាព​ខួរក្បាល កាលពី​ថ្ងៃសៅរ៍ លោក ប្រធានាធិបតី​តួកគី ដែល​កំពុង​ចង់ ពង្រឹង នយោបាយ​អ៊ីស្លាមនិយម ក្នុង​ប្រទេស បាន​បរិហារ​រិះគន់ វិធានការ​របស់​រដ្ឋាភិបាល​បារាំង កាលពី ២សប្តាហ៍មុន នៅពេល លោកប្រធានាធិបតីបារាំង ឡើង​ថ្លែង​ពី​ភាពចាំបាច់​ក្នុង​ការរៀបចំ​ឡើងវិញ អ៊ីស្លាមនិយម នៅក្នុង​ទឹកដី​បារាំង នៅក្នុង​កាលៈទេសៈ ដែល​បារាំង​កំពុងបង្កើតច្បាប់ សម្រាប់ ប្រយុទ្ធប្រឆាំង​នឹង​ក្រុមបំបែកខ្លួន​អ៊ីស្លាម។

នៅថ្ងៃ​សៅរ៍ វិមាន​ប្រធានាធិបតី​បារាំង បាន​ប្រតិកម្ម​ប្រឆាំង​តប​នឹង​ការលើកឡើង​របស់​ប្រធានាធិបតី​តួកគី ដោយ​បាន​កោះហៅ ឯកអគ្គរដ្ឋទូត​បារាំងចូល​ស្រុកវិញ ដើម្បី​ពិគ្រោះយោបល់។ នៅក្នុង​ប្រវត្តិ​ទំនាក់ទំនងការទូត​បារាំង​និង តួកគី នេះ​ជា​លើកទី ១ ដែលបារាំង​កោះហៅ អង្គទូត​របស់ខ្លួន​ចូល​ប្រទេស​វិញ ដើម្បី សំដែង​ការប្រឆាំង​នឹង​សំដី​ប្រមាថ​របស់​ប្រធានាធិបតី​តួកគី។

សម្រាប់ វិមាន​អេលីហ្សេ សំដី​ជេរប្រមាថ បែប​ញុះញង់​របស់​ប្រធានាធិបតី​តួកគី គឺជារឿង​ដែល​មិនអាច​ទទួលយកបាន។ តាម​វិមាន​ប្រធានាធិបតី​បារាំង ​តួកគី​មិនបាន​សំដែង ការសោកស្តាយ​អ្វីនោះទេ នៅក្រោយ គ្រូបង្រៀន​បារាំង ត្រូវ​ភេរវក អ៊ីស្លាម សម្លាប់​កាត់ក ប៉ុន្តែ តួកគី​បែរ​ជា​ចេញមុខ អុជអាល ឲ្យ​គេស្អប់ ពហិកា​មិនទិញទំនិញ​បារាំង ដោយសារ​តែ​នយោបាយ ប្រយុទ្ធប្រឆាំង នឹង​ក្រុមអ៊ីស្លាមជ្រុលនិយម​នៅទឹកដី​បារាំង ទៅវិញ។

សម្រាប់ អ្នកជំនាញ តួកគី បាន​ដំឡើងសំឡេង រិះគន់​ប្រធានាធិបតី​បារាំង កាន់តែ​ខ្លាំង ចាប់តាំង​ពី​ប៉ុន្មាន​ខែ​ចុងក្រោយនេះ ដោយសារ​តែ​បារាំង បាន​ចេញមុខ តតាំង​ប្រឆាំង​រិះគន់ តួកគី ក្នុង​សំណុំរឿង​ជាច្រើន ដែល​មានតាំង ពី មហិច្ឆតា​រុករក​ប្រេង​របស់​តួកគី នៅ​សមុទ្រ​មេឌីទែរ៉ាណេ ការលូកដៃ​របស់​តួកគី នៅក្នុង​សង្រ្គាម​លីប៊ី និង​ចុងក្រោយ នៅ​ក្នុង​សង្រ្គាម​ប្រយុទ្ធគ្នា​នៅ​ការ៉ាបាក់ រវាង​ទ័ព​អាស៊ែរបៃហ្សង់ និង​ទ័ព​អាមេនី។ បារាំង ដែល​ជាសមាជិក​សំខាន់​មួយ​របស់​សហភាព​អឺរ៉ុប បាន​ព្រមាន សាជាថ្មី កាលពី​ថ្ងៃ​សៅរ៍ម្សិលមិញ​ថា បើសិន តួកគី មិនព្រម​ឈប់​មហច្ឆិតា​យោធា និង​ការរុករក​ប្រេង​នៅ​មេឌីទែរ៉ាណេ ទេ នោះ​តួកគី​គឺ​មាន​ពេល​តែ​២ខែ​ទៀត ប៉ុណ្ណោះ មុន​នឹង​ត្រូវ​រងទណ្ឌកម្មសេដ្ឋកិច្ច​ពី​សហភាព​អឺរ៉ុប។

រូបត្លុក ព្យាការី​មហាម៉េដ ជា​ប្រភព​នៃការថ្នាំងថ្នាក់​ចិត្ត​របស់​ប្រជាជន​កាន់សាសនា​អ៊ីស្លាម

សម្រាប់​ប្រជាជន​កាន់សាសនា​អ៊ីស្លាម ការយកព្យាការី​មហាម៉េដ មក​គូរ​ជា​រូបត្លុក កំប្លែង យ៉ាងដូច្នេះ គឺ​ជារឿង​មិនអាច​ទទួល​យកបាននោះទេ។ នៅក្នុង​សាសនា​អ៊ីស្លាម គេ​ហាមដាច់ខាត​មិន​ឲ្យ​គូរ បញ្ចេញ រូបព្យាការី មហាម៉េដ​នោះទេ។ នៅ​តាម​ប្រទេស​កាន់សាសនា​អ៊ីស្លាម​តឹងរ៉ឹងមួយចំនួន ការល្មើស គូរ​បង្ហាញ​រូប​មហាម៉េដ របៀប​មាក់វាយ នឹង​ត្រូវគេកាត់ទោសប្រហារ​ជីវិត។

ប៉ុន្តែ សម្រាប់ រដ្ឋាភិបាល​បារាំង ដែល​ប្រកាន់​គោរព​ច្បាប់ សាធារណរដ្ឋ សិទ្ធិ​សេរីភាព​ក្នុងការបញ្ចេញ​មតិ​គឺជារឿង​សំខាន់។ គួរ​បញ្ជាក់​ថា បារាំង​ជា​សាធារណរដ្ឋ​ដែល​មិន​បាន​យក​សាសនា​ណា​មួយ​ជា​សាសនា​របស់​រដ្ឋ​ទេ មាន​ន័យ​ថា ពលរដ្ឋ​មាន​សិទ្ធិ​ជឿ គោរព និង​ប្រណិបត្តិ​សាសនា​រៀងៗ​ខ្លួន។ នៅក្នុង ពិធី​គោរពវិញ្ញាណក្ខន្ធ គ្រូបង្រៀន ដែល​ត្រូវ ឃាតករ​អ៊ីស្លាមជ្រុលនិយម សម្លាប់​កាត់ក្បាល កាលពី​សប្តាហ៍មុន លោកម៉ាក្រុង បាន​បញ្ជាក់ថា បារាំង​នឹង​មិន​លះបង់​ចោល សេរីភាព ទម្លាប់​គូរ​រូបត្លុក ដែល​ជា​ផ្នែក​មួយ នៃ ការបញ្ចេញ​សិទ្ធិ​សេរីភាព បញ្ចេញមតិ​នៅ​សាធារណរដ្ឋ​បារាំង​នោះ​ទេ។ តាម​រដ្ឋបារាំង ការបិទខ្ទប់ សេរីភាព​បញ្ចេញមតិ ដើម្បី​គ្រាន់តែ ការពារ​អារម្មណ៍​របស់​សហគមន៍​សាសនា​ណាមួយ នឹង​អាច​ទៅ ប៉ះពាល់ ដល់​ការរួបរួមជាតិ របស់​បារាំង។

សម្រាប់ ក្រុមសាសនា​អ៊ីស្លាម ដែល​ដឹកនាំ​នៅ​តំបន់ហ្កាហ្សា ប៉ាឡេស្ទីន ការជេរប្រមាថ​សាសនា និង ព្យាការី មហាម៉េដ មិនមែន​ជា​សេរីភាព បញ្ចេញមតិ​នោះទេ។ ប៉ុន្តែ ជា​វា​ការជំរុញ ឲ្យ​មាន​វប្បធម៌ ស្អប់​ទៅវិញទេ។ អ្នកកាន់សាសនា​អ៊ីស្លាម​ជឿថា ច្បាប់​ប្រឆាំង ក្រុមបំបែកខ្លួន​អ៊ីស្លាម​និយម នៅ​បារាំង នឹង​រឹតតែ​ធ្វើ​ឲ្យ​ក្រុមស្តាំនិយមជ្រុល បាន​ដៃ មាន​កម្លាំង ខ្លាំង ដើម្បី រើសអើង វាយប្រហារ អ្នកកាន់​សាសនា​អ៊ីស្លាម នៅ​ប្រទេស​បារាំង។

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ