អានតួអត្ថបទ
អ៊ីស្រាអែល-អារ៉ាប៊ីសាអូឌីត

ពាក្យ​ចចាមអារ៉ាមថា​ លោក​ណេតាន់យ៉ាហ៊ូ ទៅជួប​​ព្រះអង្គម្ចាស់​បេនសាល់ម៉ាន់​ ជាមួយ​​លោក​ប៉ុមប៉េអូ​

បណ្តាញ​ព័ត៌មាន អ៊ីស្រាអែល ចុះផ្សាយ​ថា លោក ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានធ្វើដំណើរ​ទៅ​អារ៉ាប៊ីសាអូឌីតដោយស្ងាត់ៗ ដើម្បី​ជួបប្រជុំ ជាមួយ​ព្រះអង្គម្ចាស់រាជទាយាទ ម៉ូហាម៉េដ បេនសាល់ម៉ាន់ កាលពីថ្ងៃអាទិត្យ​ ទី​២២វិច្ឆិកា ដោយមានវត្តមាន​របស់​លោក ម៉ៃឃ៍ ប៉ុមប៉េអូ​ រដ្ឋមន្ត្រីការបរទេសអាមេរិកផង។ ដំណឹងនេះ ត្រូវបាន​រដ្ឋមន្ត្រីម្នាក់នៃរដ្ឋាភិបាលអ៊ីស្រាអែល អះអាងថាជាការពិតមែន។ តែយ៉ាងណា ភាគី​អារ៉ាប៊ីសាអូឌីត បានប្រកែកថា គ្មានជំនួបនោះទេ។

រូបភាព​ផ្គុំ របស់​លោក ណេតាន់យ៉ាហ៊ូ និង​ ព្រះអង្គម្ចាស់រាជទាយាទ ម៉ូហាម៉េដ បេនសាល់ម៉ាន់
រូបភាព​ផ្គុំ របស់​លោក ណេតាន់យ៉ាហ៊ូ និង​ ព្រះអង្គម្ចាស់រាជទាយាទ ម៉ូហាម៉េដ បេនសាល់ម៉ាន់ REUTERS - RONEN ZVULUN
ផ្សាយពាណិជ្ជកម្ម

យោងតាម​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មានអ៊ីស្រាអែល បានលើកឡើងថា លោកណេតាន់យ៉ាហ៊ូ បាន​ធ្វើដំណើរទៅទីក្រុង​ណេអុំ Naom ដែលជា​ទីក្រុងបង្កើតថ្មីនៅភាគខាងជើងបង្អស់ នៃដែនដីអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យទី​២២វិច្ឆិកា។ លោក ណេតាន់យ៉ាហ៊ូ ត្រូវបាន​អមដំណើរ ដោយ​លោក យ៉ូស៊ី កូអេន មេបញ្ជាការ​ក្រុមចារកិច្ចសម្ងាត់​អ៊ីស្រាអែល ថែមទៀតផង។ ប្រភពដដែលអះអាងថា លោកណេតាន់​យ៉ាហ៊ូ បានទៅជួបប្រជុំ ជាមួយព្រះអង្គម្ចាស់រាជទាយាទ ម៉ូហាម៉េដ បេនសាល់ម៉ាន់ ដោយមានវត្តមានរបស់​លោក ប្រមុខការទូតអាេមរិក ម៉ៃឃ៍ ប៉ុមប៉េអូ ផងដែរ។

នៅរសៀលថ្ងៃចន្ទ លោក Yohav Gallant រដ្ឋមន្ត្រីក្រសួងអប់រំអ៊ីស្រាអែល បានបញ្ជាក់​នៅតាម​តាមរលកធាតុអាកាស​វិទ្យុយោធាអ៊ីស្រាអែល ថាលោកនាយករដ្ឋមន្ត្រី ណេតាន់​យ៉ាហ៊ូ ពិតជាបានធ្វើដំណើរទៅ អារ៉ាប៊ីសាអូឌីត ពិតមែន។

ផ្ទុយទៅវិញ លោករដ្ឋមន្ត្រីក្រសួងការបរទេស​អារ៉ាប៊ីសាអូឌីត Fayçal ben Farhane បានសរសេរលើ Twitter ថា ដំណឹងចចាមអារ៉ាមនេះ គឺជារឿងមិនពិតទេ។ គ្មានការប្រជុំណាមួយ រវាង​ព្រះអង្គម្ចាស់រាជទាយាទម៉ូហាម៉េដ បេនសាល់ម៉ាន់​ ជាមួយ​នឹង​លោក​ប៉ុមប៉េអូ​ និង​លោកណេតាន់យ៉ាហ៊ូឡើយ។ វាក៏ពុំ​ពុំមាន​ការចុះផ្សាយ ឬការ​បញ្ជាក់ណាមួយ ពី​សំណាក់ភ្នាក់ងារ​ព័ត៌មាន​​ផ្លូវការរបស់​អារ៉ាប៊ីសាអូឌីត ស្តីពីជំនួបនេះដែរ។ 

ដោយឡែក លោក ម៉ៃឃ៍ ប៉ុមប៉េអូ ពិតជាមាន​វត្តមាន​នៅ​អារ៉ាប៊ីសាអូឌីតពិតមែន​ ដោយ​បានជួបជាមួយ​ព្រះអង្គម្ចាស់ មហាម៉េដ បេនសាល់ម៉ាន់។ នៅលើទំព័រ Twitter លោក​ប្រមុខការទូតអាមេរិក បានសរសេរថា « ការប្រជុំគ្នា គឺបានធ្វើទៅ ប្រកបដោយ​ខ្លឹមសារស្ថាបនា។ លោក​បន្ថែមថា « ចំណងសហប្រតិបត្តិការសន្តិសុខ និងសេដ្ឋកិច្ច របស់យើង គឺមានកម្លាំងរឹងមាំ ហើយ​យើងនឹង​បន្តអភិវឌ្ឍន៍វា ដើម្បី​ប្រឆាំងជាមួយ​ឥទ្ធិពលចង្រៃ របស់អ៊ីរ៉ង់នៅក្នុងតំបន់ »។

គួរបញ្ជាក់ថា ប្រមុខការបរទេសអាេមរិក កំពុងតែព្យាយាម​បញ្ចុះបញ្ចូលអារ៉ាប៊ីសាអូឌីត ឲ្យ​ចាប់ដៃ ទទួលស្គាល់អ៊ីស្រាអែល ដូចអេមៀរ៉ាត់អារ៉ាប់រួម និង បារ៉ែន ដើម្បី​អនុវត្តយុទ្ធសាស្ត្ររួមគ្នា ទប់ទល់ជាមួយអ៊ីរ៉ង់។ តែយ៉ាងណា រហូតមកទល់ពេលនេះ អារ៉ាប៊ីសាអូឌីត នៅមិនទាន់បង្ហាញជំហរទន់ទោរណាមួយ​ ទៅរកអ៊ីស្រាអែលឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ