អានតួអត្ថបទ
អ៊ីរ៉ាក់-អាមេរិក

មនុស្ស​ម្នាក់​ស្លាប់​និង​ច្រើន​នាក់​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​ដោយ​រ៉ុក​កែត​នៅ​អ៊ីរ៉ាក់

ការ​វាយ​ប្រហារ​ដោយ​រ៉ុកកែតសំដៅលើ​មូលដ្ឋានទ័ព​អាមេរិក​មួយ​កន្លែង​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់​ បាន​បណ្តាល​ឲ្យ​បុគ្គលិក​ស៊ីវិល​ម្នាក់​ស្លាប់​ និង​មនុស្សប្រមាណ ៥នាក់​ផ្សេង​ទៀត​រងរបួស​។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹងពី​ខាង​មន្ត្រី​សន្តិសុខអ៊ីរ៉ាក់​ និង​សម្ព័ន្ធ​ចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​។

ផ្សែងបានហុយឡើងទ្រលោមនៅតំបន់ Erbil បន្ទាប់ពីមានការវាយប្រហារដោយ រ៉ុកកែត នៅជិតអាកាសយានដ្ឋាន Erbil ប្រទេសអ៊ីរ៉ាក់នាល្ងាចថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។
ផ្សែងបានហុយឡើងទ្រលោមនៅតំបន់ Erbil បន្ទាប់ពីមានការវាយប្រហារដោយ រ៉ុកកែត នៅជិតអាកាសយានដ្ឋាន Erbil ប្រទេសអ៊ីរ៉ាក់នាល្ងាចថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។ REUTERS - THAIER AL-SUDANI
ផ្សាយពាណិជ្ជកម្ម

ការ​បាញ់​រ៉ុកកែត​សំដៅលើ​មូលដ្ឋានទ័ព​អាមេរិកកើតឡើងនៅ​ក្បែរ​អាកាសយាន​ដ្ឋាន​អន្តរជាតិ Erbil​ ​កាលពី​ល្ងាចថ្ងៃចន្ទ​ ទី១៥ កុម្ភៈ​ម្សិលមិញ ​។ នេះ​គឺជា​លើកទីមួយ​ហើយ​ក្នុង​រយៈពេល​ជិត ២ ខែ​ ដែល​មូលដ្ឋានទ័ព​ឬក៏​ទី​ស្នាក់​ការ​យោធា​របស់​ប្រទេស​លោកខាងលិច​ទទួល​រង​នូវ​ការ​វាយប្រហារ​ដូច្នោះ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​។

រំពេចក្រោយនោះ​ ប្រមុខ​ការបរទេស​អាមេរិកលោក​ អង់តូនី​ ប្ល៊ីងកិន​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​មួយភ្លាម​ ហើយបាន​សន្យាផងដែរ​ថានឹង​នាំយក​អ្នក​ដែល​បាន​ប្រព្រឹត្ត​រឿងនេះ​ឲ្យមក​ទទួល​ខុសត្រូវចំពោះទង្វើ​របស់ពួកគេ​។

លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​រូបនេះ​បានបន្ថែមទៀតថា​ មាន​បុគ្គលិក​ស៊ីវិល​របស់អាមេរិក​ច្រើន​នាក់​បាន​រង​របួស​នៅក្នុង​ការវាយប្រហារ​ខាងលើ​ ប៉ុន្តែ​លោកមិន​បាន​បញ្ជាក់​ឬក៏​ផ្តល់​ព័ត៌មាន​លម្អិតបន្ថែម​លើស​នេះ​ឡើយ​។

ជុំវិញរឿងនេះ​ គេនៅមិនទាន់ឃើញ​លោក ចូ បៃដិន ដែលម្ចាស់​សេតវិមាន​អាមេរិក​បច្ចុប្បន្ន​ បញ្ចេញជា​ប្រតិកម្ម​តបតអ្វី​នោះទេ​។ ដោយឡែក​ អតីត​ប្រធានាធិបតី​លោកដូណាល់​ ត្រាំ​ បាន​ ធ្លាប់​បាន​គំរាមថា​ ការ​សម្លាប់​ជនជាតិ​អាមេរិក​ណាម្នាក់​ ដូចជា​នៅ​ក្នុងការ​វាយប្រហារ​ដោយ​រ៉ុកកែត​បែបនេះ​ នឹងជំរុញឲ្យ​មាន​យុទ្ធនាការ​ទម្លាក់គ្រាប់បែក​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ជាមិនខាន​។

យោងទៅតាម​ប្រភពពី​ខាងមន្ត្រី​សន្តិសុខ​ចម្រុះអ៊ីរ៉ាក់​ និងអាមេរិក​ និយាយ​ប្រាប់​សារព័ត៌មាន​បារាំង​ AFP យ៉ាងហោចណាស់​ មានរ៉ុកកែត​ចំនួនបីគ្រាប់​ ត្រូវ​បាន​គេបាញ់​សំដៅទៅ​លើ​អាកាសយានដ្ឋាន​ Erbil​ ​ នៅភាគខាងជើង​អ៊ីរ៉ាក់​ ក្បែរ​ទីតាំង​របស់​កង​កម្លាំង​ទ័ព​អន្តរ​ជាតិ ដឹកនាំ​ដោយអាមេរិក​ ដើម្បី​ប្រយុទ្ធប្រឆាំង​បោសសំអាត​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម។

ដោយឡែក​ អង្គការសហប្រជាជាតិ​វិញ​បានចេញមុខ​ព្រមាន​នៅថ្ងៃ​អង្គារនេះ​ថា​ អ៊ីរ៉ាក់​អាចនឹង​បាត់បង់​ម្ចាស់ការ​លែង​អាច​គ្រប់គ្រងស្ថានការណ៍​នៅក្នុង​ស្រុកទេសបាន​ដូចមុន​ បន្ទាប់ពី​ហេតុការណ៍​វាយ​ប្រហារ​ដោយរ៉ុកកែត​លើ​មូលដ្ឋានទ័ព​អាមេរិកនេះ​។

គួរ​គូសបញ្ជាក់ជូនថា​ ចាប់តាំង​ពី​អ៊ីរ៉ាក់​បាន​ប្រកាសជ័យជម្នះ​លើពួក​សកម្មប្រយុទ្ធ​អង្គការ​រដ្ឋអ៊ីស្លាម​ នៅចុងឆ្នាំ​ ២០១៧ មក​ សម្ព័ន្ធ​ទ័ព​អន្តរ​ជាតិ​ដឹកមុខ​ដោយ​សហរដ្ឋអាមេរិក​ ត្រូវ​បាន​កាត់បន្ថយ​មកនៅត្រឹម​ចំនួន​ក្រោម​ ៣ ៥០០ នាក់​ ដែលក្នុងនោះ​មាន​កងទ័ព​អាមេរិក​ចំនួន ២៥០០ នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ