អានតួអត្ថបទ
អេមីរ៉ាត អារ៉ាប់រួម-នុយក្លេអ៊ែរ

អេមីរ៉ាតអារ៉ាប់រួម មហាសេដ្ឋីប្រេង ដែលមានរោងចក្រនុយក្លេអ៊ែរ ចាប់ផលិតបានអគ្គិសនី

នៅក្រោយ ដាក់​ឲ្យ​ដំណើរការ កាលពី​ខែ សីហា ឆ្នាំមុន រោងចក្រ​នុយក្លេអ៊ែរ​ទី១ របស់​ប្រទេស​អេមីរ៉ាត អារ៉ាប់រួម ​ចាប់ផ្តើម​ផលិតបាន​អគ្គិសនី លើកដំបូង​របស់ខ្លួន កាលពី​ថ្ងៃអង្គារ​ទី ៦​មេសា។ នាយករដ្ឋមន្រ្តី​អេមីរ៉ាអារ៉ាប់ រួម បាន​ប្រកាសដំណឹង គួរជាទី​មោទនៈ​របស់​ប្រទេស​មហាសេដ្ឋីប្រេង និង​ទើប​មានជាលើកទី១ នៅ​ពិភពលោក​អារ៉ាប់​។

មជ្ឈមណ្ឌល​ថាមពល​នុយក្លេអ៊ែរ បារ៉ាកា ដែលស្ថិតនៅ​៣០០គីឡូម៉ែត្រ​ពី​ទីក្រុង​អាប៊ូដាប៊ី របស់​អេមីរ៉ាត អារ៉ាប់រួម ចាប់ផលិត​បាន​អគ្គិសនី​ជាលើកទី​១ នៅថ្ងៃទី ៦​មេសា ២០២១
មជ្ឈមណ្ឌល​ថាមពល​នុយក្លេអ៊ែរ បារ៉ាកា ដែលស្ថិតនៅ​៣០០គីឡូម៉ែត្រ​ពី​ទីក្រុង​អាប៊ូដាប៊ី របស់​អេមីរ៉ាត អារ៉ាប់រួម ចាប់ផលិត​បាន​អគ្គិសនី​ជាលើកទី​១ នៅថ្ងៃទី ៦​មេសា ២០២១ STRINGER WAM/AFP
ផ្សាយពាណិជ្ជកម្ម

មាន​មជ្ឈមណ្ឌល​ថាមពល​នុយក្លេអ៊ែរ ដែល​ផលិត​បាន​អគ្គិសនី សម្រាប់​ការប្រើប្រាស់។ នេះគឺ​ទើបមាន​ជា​លើកទី១ ក្នុង​ពិភពអារ៉ាប់។ នៅក្រោយ វិនិយោគ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ (២៤ពាន់​លាន​ដុល្លារ) ទៅលើ​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល អស់​រាប់ឆ្នាំ អេមីរ៉ាត អារ៉ាប់ រួម​បាន​ទទួល​ផល​ជាផ្លែផ្កា នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ នៅពេល ម៉ាស៊ីនប្រតិករ ទី ១ ដែល​ដាក់​ឲ្យ​ដំណើរការ កាលពី ឆ្នាំ មុន ចាប់ផលិត​បាន​អគ្គិសនី សម្រាប់​បណ្តាញ​ភ្លើងជាតិ​អេមីរ៉ាត អារ៉ាប់រួម ។

សម្រាប់​រាជបុត្រ​ស្នងរាជ្យ និងជា​អ្នកដឹកនាំ​ផ្ទាល់ អេមីរ៉ាត អារ៉ាប់រួម  Mohammed ben Zayed Al-Nahyane អគ្គិសនី ផលិត​បាន​ពី​រោងចក្រ​នុយក្លេអ៊ែរ បារ៉ាកា នៅ​ថ្ងៃ​អង្គារ ជា​ការបោះជំហាន​ប្រវត្តិសាស្រ្ត​សម្រាប់​អេមីរ៉ាត អារ៉ាប់រួម ដែល​ចង់​ពង្រឹង​វិស័យ​អគ្គិសនី​ក្នុង​ស្រុក។

តាម​គម្រោង ​ មជ្ឈមណ្ឌល​ថាមពល​នុយក្លេអ៊ែរ​ស៊ីវិល ​ដែល​សាងសង់​ឡើង ដោយ​សហគ្រាស ថាមពល​នុយក្លេអ៊ែរ​អេមីរ៉ាតអារ៉ាប់រួម ជាមួយ ក្រុមហ៊ុន​កូរ៉េខាងត្បូង ក្នុង​តម្លៃ ២៤​ពាន់លាន​ដុល្លារ ត្រូវ​បំពាក់​ម៉ាស៊ីន​ប្រតិករ​ចំនួន ៤ ដែល​អាច​មានសមត្ថភាព​ផលិត​អគ្គិសនី ចំនួន ៥ ៦០០ ម៉េហ្គាវ៉ាត់ សម្រាប់​បម្រើ​សេចក្តី​ត្រូវការ​២៥%​នៅក្នុង​ប្រទេស។

ជា​មហាសេដ្ឋី​ផលិត​ប្រេង លំដាប់​លេខ​៤ នៃ​ក្រុមប្រទេស​ផលិតប្រេង Opep អេមីរ៉ាត អារ៉ាប់រួម  មាន ធនធាន​ប្រេង​គ្រប់គ្រាន់​ដើម្បី​ផលិត​អគ្គិសនី​តាម តម្រូវការ​ប្រើប្រាស់​ក្នុង​ប្រទេស។ ប៉ុន្តែ ចាប់តាំង​ពី​ការកកើត​រដ្ឋ អេមីរ៉ាត អារ៉ាប់រួម ដែល​ជា​បណ្តុំ​បញ្ចូលគ្នា នៃ​រាជបុរី​អេមីរ៉ាត​ចំនួន ៧ នៅ​ឆ្នាំ ១៩៧១ មក អេមីរ៉ាត អារ៉ាប់រួម ​បានសន្សំ​គំនិត​បំពាក់​បច្ចេកវិទ្យា សម្រាប់​មហិច្ឆតា​ថាមពល​នុយក្លេអ៊ែរ។ ក្រៅពី​នុយក្លេអ៊ែរ មហាសេដ្ឋីប្រេងមួយនេះ បាន​អភិវឌ្ឍ​កម្មវិធី ផ្សេងទៀត ដែលមាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​ផលិត​ថាមពល​កកើត​ឡើងវិញ ដូចជា កង្ហារយក្ស ឬ​ផ្ទាំងសូ្របកំដៅ ព្រះអាទិត្យ​ជាដើម។ គោលដៅ គឺ​ប្រើ​ថាមពល​កកើត​ឡើងវិញ សម្រាប់​ផ្គត់ផ្គង់​អគ្គិសនី ៥០% នៃ​តម្រូវការសរុប​របស់​ប្រទេស នៅ​ឆ្នាំ ២០៥០។

អេមីរ៉ាត អារ៉ាប់រួម  ដែល​មាន​ប្រជាជន​សរុប ជិត ១០លាននាក់ ត្រូវការ​ថាមពល​ផ្សេង ក្រៅ​ពី​ប្រេង និង​ឧស្ម័ន​ដែល​ខ្លួន​មាន សម្រាប់​ផលិតអគ្គិសនី ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ដែល​ចេះ​តែ​កើនឡើង ដោយសារ​តែ​ការប្រើ​ម៉ាស៊ីន​ត្រជាក់ រាប់លានគ្រឿង សម្រាប់​ទប់ទល់​នឹង​អាកាសធាតុ​ក្តៅខ្លាំង​ នៅប្រទេស​អារ៉ាប់​មួយ​នេះ។

កាតា ប្រទេស​ជិតខាង របស់អេមីរ៉ាត អារ៉ាប់រួម  ធ្លាប់​ចាត់ទុក​មជ្ឈមណ្ឌល​ថាមពល​នុយក្លេអ៊ែរ​របស់អេមីរ៉ាត អារ៉ាប់រួម  ថា អាច​បំពុល​បរិស្ថាន និង​គំរាមកំហែង​សន្តិសុខ​ក្នុង​តំបន់។ ប៉ុន្តែ ក្នុងបរិបទ​ដែល​តំបន់​កំពុងតានតឹង​ដោយសារ​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ អេមីរ៉ាត អារ៉ាប់រួម  តែងអះអាងថា កម្មវិធីនុយក្លេអ៊ែរ​របស់​ខ្លួន​មាន​គោលដៅ​ស៊ីវិល និងធ្លាប់​បាន​បង្ហាញ​តម្លាភាព​ដោយ អនុញ្ញាត​ឲ្យ​ក្រុមអធិការកិច្ច​របស់ទីភ្នាក់ងារ ថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ AIEA ចូល​ទៅ​អង្កេតតាមដាន​ជា​ប្រចាំ។ នៅ​ចុងឆ្នាំ​នេះ​ទៀតសោត មជ្ឈមណ្ឌល​នុយក្លេអ៊ែរ នៅ​បារ៉ាកា នឹង​ទទួល​រៀបចំ សមយុទ្ធ ដ៏ស្មុគស្មាញ​របស់ AIEA​ដើម្បី ធ្វើតេស្ត សាកល្បង​សមត្ថភាព របស់​រដ្ឋាភិបាល ក្នុង​ករណី មាន​គ្រោះថ្នាក់ នុយក្លេអ៊ែរ​ធ្ងន់ធ្ងរ។ សមយុទ្ធដែលមាន​រយៈពេល ៣៦ម៉ោង ដែល​រៀបចំ នៅរាល់ ៣ ឬ​៥ឆ្នាំម្តង នឹង​មានការចូលរួម​ពី​ប្រទេស​ចំនួន ១៧០ នៅក្នុង​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ