អានតួអត្ថបទ
អ៊ីស្រាអែល

អ៊ីស្រាអែល៖លុយបានពីការលក់អាវុធក្នុងឆ្នាំ ២០២០ មានជាង ៨ ៣០០លានដុល្លារ

នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល ក្រសួង​ការពារជាតិ​បាន​ប្រកាស​ក្នុង​ថ្ងៃ​អង្គារ ទី១ មិថុនា​ថា ការ​នាំ​អាវុធ​ចេញ​ក្នុង​ឆ្នាំ ២០២០ គិត​ជា​ទឹកប្រាក់​មាន​ជាង ៨ ៣០០លានដុល្លារ។ អាស៊ី និង​ប៉ាស៊ីហ្វិក​ជា​តំបន់​ដែល​អ៊ីស្រាអែល​បាន​លក់​អាវុធ​ឲ្យ​ច្រើន​ជាង​គេ។ តាម​វិទ្យាសា្ថន​ស្រាវជ្រាវ​អន្តរជាតិ​ស្តីពី​សន្តិភាព​នៅ​ក្នុង​ទីក្រុង​ស្តុកខុល ប្រទេស​ស៊ុយអែត អ៊ីស្រាអែល​ស្ថិត​លំដាប់​ទី៨ ជា​ប្រទេស​ដែល​បាន​នាំ​អាវុធ​ចេញ​ច្រើន​ជាង​គេ​លើ​លោក​ក្នុង​ឆ្នាំ ២០២០។

អ៊ីស្រាអែលថា លុយបានពីការលក់អាវុធក្នុងឆ្នាំ ២០២០ មានជាង ៨ ៣០០លានដុល្លារ។
អ៊ីស្រាអែលថា លុយបានពីការលក់អាវុធក្នុងឆ្នាំ ២០២០ មានជាង ៨ ៣០០លានដុល្លារ។ AFP - JALAA MAREY
ផ្សាយពាណិជ្ជកម្ម

ឆ្នាំ ២០២០ ជា​ឆ្នាំទី២ ដែល​អ៊ីស្រាអែល​បំបែក​កំណត់ត្រា​ជា​ប្រវត្តិសាស្រ្ត​ក្នុង​ការ​នាំ​អាវុធ​ចេញ​ដោយ​ទទួល​បាន​ប្រាក់​ជាង ៨ ៣០០លានដុល្លារ។ បើ​ធៀប​នឹង​ឆ្នាំ ២០១៩ គឺ​មាន​ការ​កើន​ឡើង​ចំនួន ១៥% ឬ​ស្មើ​នឹង ១ ០០០លានដុល្លារ។ តែ​នៅ​ចាញ់​ឆ្នាំ ២០១៧ ដែល​មាន​ដល់​ទៅ ៩ ៣០០លានដុល្លារ។ ជាមួយ​នឹង​ការ​បំបែក​កំណត់ត្រា​ថ្មី​ពេល​នេះ អ៊ីស្រាអែល​ត្រូវ​បាន​វិទ្យាសា្ថន​ស្រាវជ្រាវ​អន្តរជាតិ​ស្តីពី​សន្តិភាព​ក្រុង​ស្តុកខុល​ហៅកាត់​ស៊ីព្រី​ចាត់​ចំណាត់ទី៨ ជា​ប្រទេស​ដែល​បាន​នាំ​អាវុធ​ចេញ​ច្រើន​ជាង​គេ​ក្នុង​លោក​នៅ​ឆ្នាំ ២០២០។ តាម​ស៊ីព្រី អតិថិជន​សំខាន់ៗ​ដែល​បាន​ទិញ​អាវុធ​អ៊ីស្រាអែល​ច្រើន​ជាង​គេ គឺ​ឥណ្ឌា កាណាដា វៀតណាម និង​អាស៊ែបៃហ្សង់​នៅ​ក្នុង​ជម្លោះ​ជាមួយ​អាមេនី​កាល​ពី​ឆ្នាំ ២០២០។

ក្រសួង​ការពារជាតិ​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា គ្រឿងសព្វាវុធ​ពេញ​និយម​ដែល​លក់​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ ២០២០ មាន​ប្រព័ន្ធ​រ៉ាដា និង​រ៉ាដា​សម្រាប់​ចាប់​សញ្ញា​នៅ​ពេល​បាញ់​គ្រាប់មីស៊ីល អាវុធ និង​គ្រាប់ផ្ទុះ ឬ​មួយ​ក៏​ដ្រូន។ « កំណើន​នៃ​ការ​នាំ​អាវុធ​ចេញ​ក្នុង​សម័យ​កូវីដ១៩ ជា​ជោគជ័យ​មួយ​ដ៏​ធំ » នេះ​ជា​ការ​យល់​ឃើញ​របស់​ឧត្តមសេនីយ​យ៉ាអៀរ គូឡាស។ មជ្ឈិមបូព៌ា អាស៊ី និង​ប៉ាស៊ីហ្វិក​តំណាង​ឲ្យ ៤៤% នៃ​ការ​នាំ​អាវុធ​អ៊ីស្រាអែល​សរុប​ក្នុង​ឆ្នាំ ២០២០។ បន្ទាប់​មក ៣០% នាំ​ទៅ​កាន់​អឺរ៉ុប ២០% នាំ​ទៅ​កាន់​អាមេរិកខាងជើង ៤% នាំ​ទៅ​កាន់​អាហ្រ្វិក និង ២% នាំ​ទៅ​កាន់​អាមេរិកខាងត្បូង។

ក្នុង​នាម​ជា​ប្រទេស​ដែល​បាន​លក់​អាវុធ​ឲ្យ​អាស៊ែបៃហ្សង់​ច្រើន​ជាង​គេ អ៊ីស្រាអែល​មាន​ជាប់​ពាក់ព័ន្ធ​ដោយ​ប្រយោល​នៅ​ក្នុង​ជម្លោះ​ប្រដាប់អាវុធ​រវាង​អាស៊ែបៃហ្សង់ និង​អាមេនី​ក្នុង​ឆ្នាំ ២០២០ កន្លង​ទៅ។ ក្នុង​រយៈពេល ៥ឆ្នាំ​ចុង​ក្រោយ​នេះ អ៊ីស្រាអែល​បាន​ក្លាយ​អ្នក​ផ្គត់ផ្គង់​អាវុធ​ទី១ ឲ្យ​អាស៊ែបៃហ្សង់​ដោយ​លក់​បាន​លុយ​ជាង ៧៤០លានដុល្លារ នេះ​បើ​តាម​វិទ្យាសា្ថន​ស្រាវជ្រាវ​អន្តរជាតិ​ស្តីពី​សន្តិភាព​ក្រុង​ស្តុកខុល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ