អានតួអត្ថបទ
លីបង់-ស៊ីរី

ទស្សនកិច្ចដ៏កម្ររបស់គណៈប្រតិភូលីបង់ទៅកាន់ស៊ីរីដើម្បីជជែកលើសំណុំរឿងថាមពល

នៅ​ថ្ងៃ​សៅរ៍ ទី៤ កញ្ញា គណៈប្រតិភូ​លីបង់​មួយ​ក្រុម​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្នុង​ប្រទេស​ស៊ីរី។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកទី១ មិន​ធ្លាប់​មាន​គិត​តាំង​ពី ១០ឆ្នាំ​កន្លង​ទៅ ពោល​តាំង​ពី​ស៊ីរី​បាន​ធ្លាក់​ក្នុង​សង្រ្គាមស៊ីវិល​ហែកហួរ​ផ្ទៃក្នុង។ គណៈប្រតិភូ​លីបង់​ដែល​ដឹកនាំ​ដោយ​អនុប្រធាន​ក្រុមប្រឹក្សា​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការពារជាតិ និង​រដ្ឋមន្រ្តី​ការបរទេស​ត្រូវ​បាន​រដ្ឋមន្រ្តី​ការបរទេស​ស៊ីរី​ទទួល​នៅ​ព្រំដែន​ជាមួយ​នឹង​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ និង​រដ្ឋមន្រ្តី​ថាមពល។ គោលដៅ​នៃ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​លីបង់​នៅ​ស៊ីរី​ពេល​នេះ គឺ​ដើម្បី​ជជែក​លើ​សំណុំរឿង​ថាមពល​ដែល​លីបង់​ចង់​នាំ​ចូល​ដោយ​ឆ្លង​កាត់​តាម​ទឹកដី​ស៊ីរី។

ទស្សនកិច្ចដ៏កម្ររបស់គណៈប្រតិភូលីបង់ទៅកាន់ស៊ីរីដើម្បីជជែកលើសំណុំរឿងថាមពល
ទស្សនកិច្ចដ៏កម្ររបស់គណៈប្រតិភូលីបង់ទៅកាន់ស៊ីរីដើម្បីជជែកលើសំណុំរឿងថាមពល REUTERS - YAMAM AL SHAAR
ផ្សាយពាណិជ្ជកម្ម

កម្មវត្ថុ​នៃ​វត្តមាន​របស់​គណៈប្រតិភូ​លីបង់​នៅ​ក្នុង​ទឹកដី​ស៊ីរី​ពេល​នេះ គឺ​ដើម្បី​ពិភាក្សា និង​ជជែក​ជា​មួយ​ថ្នាក់ដឹកនាំ​ស៊ីរី​ពី​លទ្ធភាព​ដឹកជញ្ជូន​តាម​ទឹកដី​ស៊ីរី​នូវ​ហ្គាស និង​ភ្លើងអគ្គិសនី​ដែល​លីបង់​ទិញ​ពី​ប្រទេស​អេហ្ស៊ីប​តាម​រយៈ​ប្រទេស​ហ្សកដានី។ គួរ​បញ្ជាក់​ថា លីបង់​ដែល​កំពុង​ផុងខ្លួន​ជ្រៅ​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​កំពុង​រងគ្រោះ​ខ្លាំង​ដោយ​កង្វះ​ថាមពល ពិសេស​ហា្គស និង​ភ្លើង​អគ្គិសនី។ វិបត្តិ​មួយ​នេះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​លីបង់​រាប់សិបលាននាក់។ មាន​ថ្ងៃ​ខ្លះ និង​កន្លែង​ខ្លះ ការ​ផ្តាច់​ភ្លើង​អគ្គិសនី​មាន​រហូត​ដល់​ទៅ ២៣ម៉ោង​ក្នុង​មួយ​ថ្ងៃ។

អ្វី​ជា​ការ​កត់សម្គាល់ នេះ​ជា​លើកទី១ ក្នុង​រយៈពេល ១០ឆ្នាំ​ដែល​មាន​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ថ្នាក់ដឹកនាំ​លីបង់​នៅ​ស៊ីរី ពោល​តាំង​ពី​ស៊ីរី​បាន​ធ្លាក់​ក្នុង​សង្រ្គាម​ហែកហួរ​ផ្ទៃក្នុង។ តាំង​ពី​ពេល​នោះ​មក ប្រទេស​ទាំង​ពីរ​មិន​បាន​ផ្តាច់​ទំនាក់ទំនង​ការទូត​នឹង​គ្នា​ទេ។ តែ​ដំណើរ​ទស្សនកិច្ច​របៀប​នេះ​ក៏​គេ​មិន​ធ្លាប់​ឃើញ​មាន​ដែរ។ អ្វី​ដែល​គេ​ធ្លាប់​ឃើញ​មាន​កន្លង​មក គឺ​ទស្សនកិច្ច​ជា​លក្ខណៈ​ឯកជន​របស់​រដ្ឋមន្រ្តី​លីបង់​នៃ​ចលនា​ហេស្បូឡាលីបង់​ដែល​ជា​សម្ព័ន្ធ​របស់​ស៊ីរី។ អ៊ីចឹង​ហើយ​បាន​ជា​មាន​ការ​លើក​ឡើង​នៅ​ពេល​នេះ​ថា ទស្សនកិច្ច​របស់​គណៈប្រតិភូ​លីបង់​ចម្រុះ​នៅ​ស៊ីរី​ពេល​នេះ​មាន​បង្កប់​ដោយ​និមិត្តរូបខ្ពស់។

គួរ​រម្លឹក​ថា តាំង​ពី ១ឆ្នាំ​មក​ហើយ​ដែល​លីបង់​បាន​ចរចា​ទិញ​ថាមពល​ពី​ប្រទេស​អេហ្ស៊ីប។ តែ​ចំណោត​នៅ​ត្រង់​រឿង​ការ​ដឹកជញ្ជូន​ដែល​លីបង់​ត្រូវ​ដឹក​ឆ្លង​កាត់​តាម​ទឹកដី​ស៊ីរី។ ឧបសគ្គ​នៅ​ត្រង់​ថា ស៊ីរី​បាន​ជាប់​ទណ្ឌកម្ម​អាមេរិក​ដែល​លីបង់​មិន​អាច​ប្រើប្រាស់​ទឹកដី​ស៊ីរី​បាន។ គឺ​ទើប​នៅ​ខែ​សីហា​ដែល​រដ្ឋបាល​អាមេរិក​បាន​បន្ទន់​ជំហរ។ ប្រធានាធិបតី​លីបង់​បាន​លើក​ឡើង​ពី​ភ្លើងខៀវ​របស់​អាមេរិក​ដែល​អនុញ្ញាត​ឲ្យ​លីបង់​អាច​នាំ​ថាមពល​ចូល​ដោយ​ដឹក​ឆ្លង​កាត់​ទឹកដី​ស៊ីរី។ លើស​ពី​នេះ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​លីបង់​ថែម​ទាំង​ប្រកាស​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថា អាមេរិក​នឹង​ជួយ​លីបង់​លើ​ការ​នាំ​ហ្គាស និង​ភ្លើងអគ្គីសនី​ពី​អេហ្ស៊ីប​ដោយ​ឆ្លង​កាត់​ទឹកដី​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ