អានតួអត្ថបទ
ប៉ាឡេស្ទីន-អ៊ីស្រាអែល-សន្តិសុខ

មេ​ដឹក​នាំ​ប៉ាឡេស្ទីន​បើក​ជំនួប​ដ៏កម្រជាមួយ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល

ប្រធានាធិបតី​ប៉ាឡេស្ទីន​លោក​ ម៉ះមូដ អាបាស់​ បាន​ជួប​ជាមួយ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អ៊ីស្រាអែល​លោក បេននី ហ្កង់​ កាលពី​ថ្ងៃអង្គារ ២៨ធ្នូ​ ម្សិលមិញ​ ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​របស់​លោក​ទៅកាន់​ប្រទេស​អ៊ីស្រាអែល​។ ជំនួប​រវាង​ភាគីទាំងពីរ​ផ្តោត​ជា​ចំបង​លើ​បញ្ហា​សន្តិសុខនិង​សេដ្ឋកិច្ច​។ នេះ​បើ​តាម​ក្រសួង​ការពារ​ជាតិ​អ៊ីស្រាអែល​។

ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ះមូដ អាបាស់។
ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ះមូដ អាបាស់។ ASSOCIATED PRESS - Tara Todras-Whitehill
ផ្សាយពាណិជ្ជកម្ម

កាលពី​ល្ងាចថ្ងៃអង្គារម្សិលមិញ​ រដ្ឋមន្ត្រីការពារជាតិ​អ៊ីស្រាអែល​លោក​ បេននី ហ្កង់ បាន​ទទួល​ជួប​ស្វាគមន៍​លោក​ ម៉ះមូដ អាបាស់ នៅឯគេហដ្ឋាន​នាកណ្តាលទីក្រុង​រ៉ូសហាយីន​ (Rosh Haayin)។ យោងតាមមន្ត្រី​ជាន់​ខ្ពស់ប៉ាឡេស្ទីន​ កិច្ចប្រជុំនេះគឺជាលើកទីមួយ​ហើយ​ដែលលោកប្រធានាធិបតីអាបាស់បានជួប​ជាមួយ​មន្ត្រី​អ៊ីស្រាអែល​នៅក្នុង​ប្រទេសអ៊ីស្រាអែលផ្ទាល់​រាប់ចាប់តាំងពីឆ្នាំ ២០១០​មក​។

នៅក្នុង​សេចក្តីថ្លែងការណ៍មួយ​ ក្រសួងការពារជាតិអ៊ីស្រាអែល​បានប្រកាសថា​ជំនួប​ពិភាក្សា​រវាង​ រដ្ឋមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលជាមួយប្រមុខ​ដឹកនាំ​ប៉ាឡេស្ទីនមាន​គោលដៅ​កសាងទំនុកចិត្តរវាងគ្នា​។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល​បានប្រាប់សមភាគីប៉ាឡេស្ទីនពីបំណង​របស់​ខ្លួន​ក្នុងការ​ពង្រឹង​ទំនុក​ចិត្តរវាង​ប្រទេស​ទាំងពីរទាំង​នៅក្នុងវិស័យសេដ្ឋកិច្ច និងស៊ីវិលដែលនឹង​សម្រួល​ដល់​ការបើក​ផ្លូវឲ្យអ្នកជំនួញ​ប៉ាឡេស្ទីន​រាប់រយនាក់ចូលទៅរកស៊ី​នៅអ៊ីស្រាអែល។

ពីខាងប៉ាឡេស្ទីនវិញ រដ្ឋមន្ត្រីកិច្ចការ​ស៊ីវិល​ប៉ាឡេស្ទីន​និង​ជា​ជំនួយការ​ជំនិត​របស់​លោក​អាបាស់​ និយាយថាកិច្ចប្រជុំខាងលើផ្តោតផងដែរពីដំណោះស្រាយ​ទាក់​ទិននឹងជម្លោះ​នយោបាយរវាងភាគីទាំងពីរដោយដើរស្របតាម​ស្រប​ច្បាប់​អន្តរជាតិ​។

ក្រៅពីនេះ​ ភាគីទាំងពីរក៏បានពិភាក្សាផងដែរ​អំពីការសាងសង់​លំនៅឋាន​ក្នុង​តំបន់​ស៊ីហ្សកដានីដែល​ជា​ដែនដី​ប៉ាឡេស្ទីន​ក្រោម​អាណានិគម​អ៊ីស្រាអែល ​បញ្ហាសន្តិសុខ សេដ្ឋកិច្ច និង​មនុស្សធម៌​ជាច្រើន។ នេះបើតាមមន្ត្រីប៉ាឡេស្ទីនដដែល។

គួររំឭកថាកាលពីចុងខែសីហា​កន្លងទៅ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល​បានធ្វើ​ទស្សនកិច្ច​ដ៏កម្រ​មួយ​ដែរ​ទៅកាន់​ទី​ស្នាក់ការកណ្តាល​របស់​អាជ្ញាធរប៉ាឡេស្ទីន​នៅទីក្រុង​រ៉ាម៉ា់ឡា (Ramallah) ស្ថិត​នៅ​ចម្ងាយប្រមាណ ១០គីឡូម៉ែត្រពីភាគខាងជើង​ក្រុងហ្ស៊េរុយសាឡិម​។

ក៏ប៉ុន្តែ​ក្រោយការ​ចរចា​កាលណោះ​ នាយក​រដ្ឋមន្ត្រីអ៊ីស្រាអែល​ដែល​មាន​ចរិត​ឆេវឆាវលោក ណាវតាលី ប៊ែននែត បាន​គូសបញ្ជាក់​ថាគ្មាន​ដំណើរការ​សន្តិភាព​ណាមួយ​កំពុងប្រព្រឹត្តធ្វើទៅ​ជាមួយ​ប៉ាឡេស្ទីន​ឡើយ។ ដូច្នោះហើយគេ​កំពុងរងចាំមើលថាតើជំនួប​រវាង​រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល​ជាមួយប្រមុខដឹកនាំប៉ាឡេស្ទីនលើកនេះនឹង​សម្រេចបានលទ្ធផលជាដុំកុំភួនអ្វីខ្លះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ