អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

ប្រមុខរដ្ឋអំណាចប៉ាឡេស្ទីន និងរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលជួបគ្នាលើកដំបូងនៅក្នុងដែនដីប៉ាឡេស្ទីន

រដ្ឋមន្រ្តី​ការពារជាតិ​អ៊ីស្រាអែល​លោក​បេននី ហ្គង់ និង​ប្រមុខ​រដ្ឋអំណាច​ប៉ាឡេស្ទីន​លោក​ម៉ាម៉ូដ អាបាស់​បាន​ជួប​គ្នា​នៅ​ក្នុង​តំបន់​ស៊ីហ្សកដានី​ដែនដី​ប៉ាឡេស្ទីន។ ជំនួប​ក្នុង​កម្រិត​នេះ​រវាង​ភាគី​ប៉ាឡស្ទីន និង​អ៊ីស្រាអែល​ជា​ជំនួប​លើកទី១ តាំង​ពី​លោក​ណាវតាលី បេននែត​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ក្នុង​ខែ​មិថុនា។ អ្វី​ជា​ការ​កត់សម្គាល់ លោក​បេននី ហ្គង់​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​លោក​ម៉ាម៉ូដ អាបាស់​ដោយ​ផ្ទាល់​នៅ​ទីក្រុង​រ៉ាម៉ាឡា​នៃ​តំបន់​ស៊ីហ្សកដានី​ដែល​ជា​ទីស្នាក់ការ​របស់​រដ្ឋអំណាច​ប៉ាឡេស្ទីន។

ប្រមុខរដ្ឋអំណាចប៉ាឡេស្ទីនលោកម៉ាម៉ូដ អាបាស់ (រូបស្តាំ) និងរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោកបេននី ហ្គង់។
ប្រមុខរដ្ឋអំណាចប៉ាឡេស្ទីនលោកម៉ាម៉ូដ អាបាស់ (រូបស្តាំ) និងរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោកបេននី ហ្គង់។ Thaer GHANAIM, Menahem KAHANA PPO/AFP/File
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ប្រភព​ផ្លូវការ សន្តិសុខ និង​សេដ្ឋកិច្ច​ជា​ប្រធានបទ​នៃ​ជំនួប​លើកទី១ រវាង​រដ្ឋមន្រ្តី​ការពារជាតិ​អ៊ីស្រាអែល​លោក​បេននី ហ្គង់ និង​ប្រមុខ​រដ្ឋអំណាច​ប៉ាឡេស្ទីន​លោក​ម៉ាម៉ូដ អាបាស់។ ប្រធានបទ​ទាំង​នេះ​ត្រូវ​បាន​ក្រសួង​ការពារជាតិ​អ៊ីស្រាអែល​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​របស់​ខ្លួន​ថា លោក​ហ្គង់​បាន​និយាយ​ប្រាប់​លោក​អាបាស់​ពី​ការ​ដែល​អ៊ីស្រាអែល​ព្យាយាម​រក​វិធានការ​ដើម្បី​ជួយ​ពង្រឹង​សេដ្ឋកិច្ច​របស់​រដ្ឋអំណាច​ប៉ាឡេស្ទីន រួម​ទាំង​រក​មធ្យោបាយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​លើ​វិស័យ​សន្តិសុខ និង​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ស៊ីហ្សកដានី និង​តំបន់​ហ្កាហ្សា។ តំបន់​ហ្កាហ្សា​ដែល​កំពុង​គ្រប់គ្រង​ដោយ​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់។

មាន​ការ​កត់សម្គាល់​ចំនួន​ពីរ​នៅ​ក្នុង​ជំនួប​រវាង​រដ្ឋមន្រ្តី​ការពារជាតិ​អ៊ីស្រាអែល និង​ប្រមុខ​រដ្ឋអំណាច​ប៉ាឡេស្ទីន​ពេល​នេះ ទី១ ជំនួប​កម្រិត​នេះ​ជា​ជំនួប​លើក​ទី១ តាំង​ពី​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​ណាវតាលី បេននែត​ឡើង​កាន់​អំណាច​ក្នុង​ខែ​មិថុនា និង​ទី២ ជំនួប​នេះ​បាន​ធ្វើ​ឡើង ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​វិល​ត្រឡប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ណាវតាលី បេននែត​នៅ​អាមេរិក​ដែល​លោក​បាន​ចូល​ជួប​លោក​ចូ បៃដិន​នៅ​សេតវិមាន។ គេ​នៅ​មិន​ទាន់​ដឹង​ពី​ទំនាក់ទំនង​រវាង​ប៉ាឡេស្ទីន​ជាមួយ​អ៊ីស្រាអែល​ក្នុង​សម័យ​លោក​ណាវតាលី បេននែត​ទេ។ អ្វី​ដែល​គេ​ដឹង​នៅ​ក្នុង​ជំនាន់​អតីត​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ ទំនាក់ទំនង​រវាង​ភាគី​ទាំង​ពីរ​បាន​ស្គាល់​ភាព​រកាំរកូស​ខ្លាំង​ណាស់។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា លោក​បេននែត​ជា​អ្នកជាតិនិយម​ដាច់ខាត​ដែល​ប្រឆាំង​នឹង​ការ​បង្កើត​រដ្ឋប៉ាឡេស្ទីន។ ចំណែក​ខុទ្ទកាល័យ​របស់​លោក​បេននែត​បាន​បញ្ជាក់​ច្បាស់ៗ​ថា រដ្ឋាភិបាល​ចម្រុះ​របស់​លោក​បេននែត​ដែល​មាន​ការ​ចូលរួម​ពី​គណបក្ស​ឆ្វេងនិយមជ្រុល និង​ស្តាំជាតិនិយម​គ្មាន​បំណង​ណា​មួយ​ដើម្បី​ផ្តើម​និយាយ​ពី​សន្តិភាព​ជាមួយ​ភាគី​ប៉ាឡេស្ទីន​ឡើយ។ នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ថា ជម្រៅ​នៃ​បញ្ហា​រវាង​ភាគី​ទាំង​ពីរ​បន្ត​ចោទ​ជា​បញ្ហា​ដដែល ព្រោះ​ចូរ​កុំ​ភ្លេច​ថា​សម្រាប់​ប៉ាឡេស្ទីន ការ​ចង់​បាន​រដ្ឋ​ស្របច្បាប់​មួយ​រស់ក្បែរ​អ៊ីស្រាអែល​នៅ​ជា​បុព្វហេតុ​ចម្បង​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ