អានតួអត្ថបទ

ស៊ីរី៖ស្លាប់យ៉ាងតិច ៩០នាក់នៅក្នុងការប្រយុទ្ធគ្នា ៣ថ្ងៃរវាងកម្លាំងគួដឌីស្ថាន និងពួកជីហាត

នៅ​ក្នុង​ប្រទេស​ស៊ីរី ការ​ប្រយុទ្ធ​គ្នា​រវាង​កម្លាំង​គួដឌីស្ថាន​នៅ​ប៉ែក​ឦសាន និង​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី៣ នា​ថ្ងៃ​សៅរ៍ ទី២២ មករា។ ការ​ប្រយុទ្ធ​គ្នា​នេះ​បាន​កើត​មាន​ឡើង ក្រោយ​ពី​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​បាន​វាយប្រហារ​ក្រោម​ទ្រង់ទ្រាយ​ធំ​លើ​ពន្ធនាគារ​មួយ​ស្ថិត​ក្នុង​ស្រុក​ហាសាកេ។ តាម​អង្គការ​អ្នកសង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ីរី ការ​វាយប្រហារ​រយៈពេល ៣ថ្ងៃ​រវាង​កម្លាំង​គួដឌីស្ថាន និង​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៩០នាក់។

នៅស៊ីរី មានស្លាប់យ៉ាងតិច ៩០នាក់នៅក្នុងការប្រយុទ្ធគ្នា ៣ថ្ងៃរវាងកម្លាំងគួដឌីស្ថាន និងពួកជីហាត
នៅស៊ីរី មានស្លាប់យ៉ាងតិច ៩០នាក់នៅក្នុងការប្រយុទ្ធគ្នា ៣ថ្ងៃរវាងកម្លាំងគួដឌីស្ថាន និងពួកជីហាត AFP - -
ផ្សាយពាណិជ្ជកម្ម

បើ​តាម​អង្គការ​សង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ីរី ក្នុង​ចំណោម​មនុស្ស​ស្លាប់​ទាំង ៩០នាក់ មាន​យ៉ាង​តិច ២៨នាក់​ជា​សមាជិក​របស់​កម្លាំងគួដឌីស្ថាន មាន ៥នាក់​ជា​ជនស៊ីវិល និង​មាន ៥៦នាក់​ជា​យុទ្ធជន​របស់​អង្គការ​រដ្ឋអ៊ីស្លាម។ តាម​ពិត ការ​ប្រយុទ្ធ​គ្នា​រវាង​កម្លាំងគួដឌីស្ថាន និង​ពួក​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម​បាន​ចាប់​ផ្តើម​ពី​ការ​វាយប្រហារ​របស់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី២០​ឆ្លង​ចូល​ថ្ងៃ​សុក្រ ទី២១ មករា​ទៅ​លើ​ពន្ធនាគារ Ghwayran ស្ថិត​ក្នុង​ស្រុក​ហាសាកេ។ អង្គការ​សង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ីរី​បាន​បន្ថែម​ថា កម្លាំង​គួដឌីស្ថាន​ក៏​ទទួល​បាន​ជំនួយ​ពី​កម្លាំង​ប្រជាធិបតេយ្យស៊ីរី និង​ការ​គាំទ្រ​ពី​កម្លាំងសម្ព័ន្ធមិត្ត​អន្តរជាតិ។

គួរ​បញ្ជាក់​ថា ជម្រើស​វាយប្រហារ​លើ​ពន្ធនាគារ​របស់​ពួក​ជីហាត​ក៏​ដោយសារ​តែ​ពន្ធនាគារ​នោះ​មាន​ដាក់​អ្នកទោស​គ្នីគ្នា​គេ​ប្រមាណ​ជា ៣ ៥០០នាក់ ក្នុង​នោះ​ក៏​មាន​ថ្នាក់ដឹកនាំ​របស់​ពួក​គេ​ជា​ច្រើន​នាក់​ដែរ។ នៅ​ក្នុង​ការ​វាយប្រហារ​ចូល​ក្នុង​ពន្ធនាគារ ពួក​ជីហាត​យក​បាន​អាវុធ​ជា​ច្រើន និង​មាន​អ្នកទោស​មួយ​ចំនួន​បាន​ឆ្លៀត​រត់​ចេញ​ពី​ពន្ធនាគារ។ តែ​ក្នុង​ពេល​ជាមួយ​គ្នា មាន​អ្នកទោស​ជា​ច្រើន​នាក់​ក៏​ត្រូវ​បាន​កម្លាំង​គួដឌីស្ថាន​ចាប់​ខ្លួន​បាន​វិញ​ដែរ។ ដោយឡែក ជនស៊ីវិល​ដែល​រស់​នៅ​ក្នុង​តំបន់​ជុំវិញ​ពន្ធនាគារ​បាន​ភៀសខ្លួន​ទៅ​កាន់​តំបន់​ជិតខាង​ដើម្បី​ជ្រកកោន​ជាមួយ​បងប្អូន​មួយ​រយៈ។

អង្គការ​រដ្ឋអ៊ីស្លាម​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​កាល​ពី​ថ្ងៃ​សុក្រ ទី២១ មករា​ថា គោលដៅ​នៃ​ការ​វាយប្រហារ​លើ​ពន្ធនាគារ Ghwayran គឺ​ដើម្បី​រំដោះ​អ្នកទោស​របស់​ពួក​គេ។ គួរ​បញ្ជាក់​ថា នៅ​តំបន់​ខាង​ជើង​ស៊ីរី​ដែល​កំពុង​កាន់កាប់​ដោយ​ពួក​គួដឌីស្ថាន ពន្ធនាគារ​ភាគ​ច្រើន​ជា​សាលារៀន​ដែល​គ្មាន​ស្តង់ដារ​សន្តិសុខ​សម្រាប់​ដាក់​អ្នកទោស​យូរអង្វែង​ទេ។ តាម​រដ្ឋអំណាច​គួដឌីស្ថាន មាន​អ្នកទោស​ជីហាត​ប្រមាណ​ជា ១២ ០០០នាក់​មក​ពី ៥០ជនជាតិ​ផ្សេង​គ្នា​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ដែល​ខ្លួន​កំពុង​គ្រប់គ្រង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ