អានតួអត្ថបទ
ស៊ីរី-សហរដ្ឋ​អាមេរិក

កងកម្មង់ដូ​អាមេរិកបើក​ប្រតិបត្តិការ​នៅ​ស៊ីរី តាមចាប់​​ពួក​ជីហាត

នៅព្រឹកព្រហាម​ថ្ងៃ​ព្រហស្បតិ៍​ទី ០៣​កុម្ភៈ ២០២២ កង​កម្មង់ដូពិសេសអាមេរិក បាន​បើក​ប្រតិបត្តិការ​នៅ​ភាគ​ពាយ័ព្យ​ប្រទេសស៊ីរី ដើម្បី​តាមចាប់​ពួកជីហាត។ ​ប្រតិបត្តិការ​ដ៏​កម្រ​នេះ បានបង្ក​ឱ្យ​មានស្លាប់​យ៉ាង​ហោច​ណាស់ ៩​នាក់​ ក្នុង​នោះ​បី​នាក់​ជាជន​ស៊ីវិល។ នេះ​បើ​តាម​ប្រភព​អង្គការ​ក្រៅរដ្ឋាភិបាល។

កងកម្មង់ដូ​អាមេរិកបើក​ប្រតិបត្តិការ​នៅ​ស៊ីរី ស្លាប់​យ៉ាង​ហោច​៩នាក់
កងកម្មង់ដូ​អាមេរិកបើក​ប្រតិបត្តិការ​នៅ​ស៊ីរី ស្លាប់​យ៉ាង​ហោច​៩នាក់ © DELIL SOULEIMAN/AFP
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តី​ថ្លែងការណ៍ មន្ទីរបញ្ចកោណ​បាន​អះអាង យ៉ាង​ខ្លី​ ថា “កងកម្លាំងពិសេសអាមេរិក បាន​ចេញ​ធ្វើ​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំងនឹងពួក​ភេរវនិយម នៅ​ក្នុង​ប្រទេស​ស៊ីរី ភាគពាយ័ព្យ ដោយ​ជោគជ័យ និង​ដោយ​គ្មាន​ជនរងគ្រោះ​ ក្នុង​ជួរ​ទ័ព​អាមេរិកទេ។ ព័ត៌មាន​បន្ថែម ​នឹងផ្តល់​ជូន​ទៅ​តាម​ក្រោយ”។

បើ​តាម​អង្គការ​សង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ីរី OSDH ដែល​មាន​បណ្តាញ​ច្រើន​ក្នុង​ប្រទេសស៊ីរីវិញ កងកម្មង់ដូរ​អាមេរិក បាន​ជិះ​ឧទ្ធម្ភាចក្រ​ទៅ​ចុះ​នៅ​ក្បែរ​ជំរំ​ Atmé ​ក្នុង​តំបន់ Idleb ​ ដែល​មួយ​ភាគ​ធំ​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម​និង​ពួក​អ៊ីស្លាម​ជីហាត។​ បើ​តាមអ្នកជំនាញ ជំរំ​ជន​ភៀស​ខ្លួន​ អាតមេ ដ៏​ចង្អៀតនេះ តែង​ត្រូវ​បានពួក​​​ជីហាត​ប្រើ​ជា​មូលដ្ឋាន និង​ជាកន្លែងលាក់​ខ្លួន។ ប្រតិបត្តិការ​តាម​ចាប់​ខ្លួន​ជន​ជីហាត​ដែល​អាមេរិក​ស្វែង​រក ដៅ​លើ​អាគារមួយមាន​ពីរ​ជាន់ និង​បាន​បន្ត​ដោយ​​ការ​​ប្រយុទ្ធគ្នា រយៈ​ពេល​២ម៉ោង​។ មាន​ស្លាប់​​មនុស្សជា​ច្រើន​ ក្នុង​នោះ​ខ្លះ​ជាកុមារ​ និង​​ជា​ស្ត្រីផង។ នេះ​បើ​តាម​ការ​លម្អិត​បន្ថែម​របស់​អង្គការ​ក្រៅរដ្ឋាភិបាល ដដែល។

នេះ​ជា​ប្រតិបត្តិការដ៏កម្រ និង​ជា​ប្រតិបត្តិការអាមេរិក​​ទ្រង់ទ្រាយ​ធំ​ទី​មួយ​គិត​ចាប់​តាំងពីប្រតិបត្តិការ​យោធា​កាលពី​ខែ​តុលា​២០១៩ សម្លាប់​​មេកើយ​អង្គការ​រដ្ឋអ៊ីស្លាម​ជីហាត Abou Bakr al-Baghdadi មក និង​ប្រព្រឹត្ត​ទៅ​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ពួក​អង្គការ​រដ្ឋអ៊ីស្លាម​បាន​បើកការវាយប្រហារ​មួយ​លើ​ពន្ធនាគារ កាន់​កាប់​ដោយ​កងកម្លាំងប្រជាធិបតេយ្យ​ស៊ីរី ថ្ងៃទី ២០មករា​២០២២។

សូមរំលឹកថា ស៊ីរី​បាន​ធ្លាក់​ក្នុង​សង្គ្រាមតាំងពី​ឆ្នាំ​២០១១មក។ ក្រៅ​អំពីអង្គការ​រដ្ឋអ៊ីស្លាម តំបន់ Idleb ​របស់ស៊ីរី និង​ខេត្ត​ជុំ​វិញ ​បានក្លាយ​ជា​មូលដ្ឋាន​សំងំ​កម្លាំង​របស់​ពួក​អង្គការ​ភេរវនិយមផ្សេងៗ មានជាអាទិ៍​ពួក​អាល់កៃដា និង​កម្លាំង​ឧទ្ទាម​ផ្សេងៗ ដែល​ជា​ទិស​ដៅ​វាយប្រហារ​តាម​ផ្លូវអាកាសដ៏​ចំបង​របស់​កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី កងកម្លាំងសម្ព័ន្ធ​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​នឹង​ពួក​ជីហាតដឹកនាំដោយ​សហរដ្ឋ​អាមេរិក និង​កងកម្លាំងពិសេស​អាមេរិក (កងកម្មង់ដូ)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ