អានតួអត្ថបទ
យេម៉ែន-អេមីរ៉ាតអារ៉ាប់រួម

អេមីរ៉ាតអារ៉ាប់រួម​ស្ទាក់ចាប់​មីស៊ីល​បាលីស្ទិក​ពីរដើម​បាញ់​ដោយ​ក្រុម​ឧទ្ទាម​យេម៉ែន

ពួក​ឧទ្ទាមយេម៉ែន បានអះអាង​​នៅ​ថ្ងៃ ចន្ទ​ទី ២៤​ មករា ២០២២​នេះថា​នឹង​​បង្កើន​ការ​បាញ់ប្រហារ​លើ​អេមីរ៉ាតអារ៉ាប់រួម បន្ថែម​ទៀត។ ពាក្យ​ព្រមាន​នេះធ្វើ​ឡើង​ក្រោយ​ពីអាប៊ូដាប៊ី  ​ស្ទាក់​ចាប់​ និង​បំផ្លាញ មីស៊ីល​បាលីស្ទិក​ពីរ​ដើម​បាញ់​ដោយ​ក្រុម​ឧទ្ទាមហ៊ូទី​។ ​អំពើ​ហិង្សា​ថ្មី​នេះ​ អាច​នឹង​បង្ក​ឱ្យមាន​ភាព​តាន​តឹង​កើន​ឡើង​ជាថ្មី​នៅក្នុង​តំបន់។

អាកាសយានដ្ឋាន​ក្រុង​អាប៊ូដាប៊ី រង​ការប៉ុនប៉ងវាយប្រហារ​ពី​សំណាក់ ក្រុម​ឧទ្ទាមយេម៉ែន
អាកាសយានដ្ឋាន​ក្រុង​អាប៊ូដាប៊ី រង​ការប៉ុនប៉ងវាយប្រហារ​ពី​សំណាក់ ក្រុម​ឧទ្ទាមយេម៉ែន AP - Planet Labs PBC
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍ ​ក្រសួង​ការពារ​ជាតិ​អេមីរ៉ាតអារ៉ាប់រួម បានគូស​បញ្ជាក់​ថា ប្រព័ន្ធ​ការពារអាកាស​អេមីរ៉ាត ស្ទាក់​ចាប់​ និង​បំផ្លាញ​បាន​នូវ​មីស៊ីល​បាលីស្ទីក​ពីរ​ដើម​ដែល​ពួក​ឧទ្ទាម​ភេវនិយម​ហ៊ូទី​បាញ់​មក​លើ​អេមីរ៉ាត់អារ៉ាប់រួម។ ការវាយប្រហារ​នេះ មិន​បង្ក​ឱ្យ​មាន​ជន​រងគ្រោះទេ។ ចំណែក​បំណែកនិង​កម្ទេច​​គ្រាប់ ត្រូវ​បាន​ធ្លាក់​ នៅ​តាមកន្លែង​ជា​ច្រើន​ ជុំ​វិញក្រុង​អាប៊ូដាប៊ី។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ដដែល​​ ដែល​មាន​បន្ថែម​ថា អេមីរ៉ាតអារ៉ាប់រួម នឹង​ប្រើ​គ្រប់​វិធានការ​ការពារប្រទេស​​ពី​ការ​វាយប្រហារ​ផ្សេងៗ។

​នេះ គឺ​ជា​ការ​វាយប្រហារ​ថ្មីមួយ​ទៀត ពី​សំណាក់​ពួក​ឧទ្ទាម​ហ៊ូទី នៅ​យេម៉ែន ​មក​លើ​អេមីរ៉ាតអារ៉ាប់រួម​ ក្រោយ​ពី​ការវាយប្រហារតាមផ្លូវ​អាកាស​លើ​ពន្ធនាគារ​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាមហ៊ូទី នៅភាគ​ខាង​ជើង​ប្រទេសយេម៉ែន ​ដែលបង្ក​ឱ្យ​​ស្លាប់​មនុស្ស​អស់​យ៉ាង​ហោច​៧០នាក់ កាលពី​ថ្ងៃទី ២១​មករា២០២២។ កាលពី​ថ្ងៃទី ១៧​មករា ​ជា​លើក​ទីមួយ ក្រុមឧទ្ទាម​យេម៉ែន បាន​វាយប្រហារដោយ​ដ្រូន​និង​មីស៊ីលលើទីតាំង​ប្រេង​កាត និង​អាកាសយានដ្ឋាន​អាប៊ូដាប៊ី រហូត​បង្ក​ឱ្យ​ស្លាប់​មនុស្ស​បីនាក់។

ជាប់​​ឈ្មោះ​ជា​ប្រទេស​មាន​សន្តិភាព​បំផុត​ក្នុង​តំបន់ និង​ជា​សមាជិកម្នាក់​នៃ​​សម្ព័ន្ធ​អន្តរជាតិ ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត ​ដើម្បីគាំទ្រ​រដ្ឋាភិបាលយេម៉ែនក្នុង​ការ​​ធ្វើ​សង្គ្រាម​ទល់​នឹងពួក​ឧទ្ទាម​ហ៊ូទី តាំងពី​ឆ្នាំ​២០១៥​មក អេមីរ៉ាតអារ៉ាប់រួម បានទទួល​ស្គាល់ជា​លើក​ទីមួយ​ ថាប្រទេស​​ក្លាយ​ជាចំណុច​ដៅ​វាយប្រហារដ្រូន​និង​មីស៊ីល​​របស់​ពួក​ឧទ្ទាមហ៊ូទី​ ក្នុង​ដែនដី​ខ្លួន កាលពី​ថ្ងៃទី ១៧​មករាដែរ។

ចំណែក​ខាង​ ក្រុមឧទ្ទាមវិញ ជាមួយ​នឹងការ​គំរាម​​បង្កើន​ការវាយប្រហារ​លើអេមីរ៉ាតអារ៉ាប់រួម អ្នក​នាំពាក្យ​ហ៊ូទី បានអះអាងថា​ពួកគេ​នឹង​លាត​ត្រដាង​លម្អិត​អំពី​ប្រតិបត្តិការ​យោធាដែលដៅ​លើអេមីរ៉ាតអារ៉ាប់រួម និង​អារ៉ាប៊ីសាអូឌីត។

សូម​បញ្ជាក់​ថា​​ ​សង្គ្រាមនៅយេម៉ែន​បាន​អូស​បន្លាយ​ពេល​ជាង​៧ឆ្នាំហើយ។ ​បើ​តាម​ ​​​អង្គការ​សហប្រជាជាតិ​ ដែល​មិន​អាច​រក​ដំណោះស្រាយ​បិទ​បញ្ចប់​សង្គ្រាម​បាន ​គ្រប់​ភាគី​ជម្លោះសុទ្ធ​តែ​ជាប់​ចោទ​​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្មសង្គ្រាម។ ក្រុមសម្ព័ន្ធមិត្ត​អន្តរជាតិ​បានទទួល​ស្គាល់​ថា​មាន​កា​រជ្រុលជ្រួស​ក្នុង​ការ​វាយប្រហារ​ផ្លូវអាកាស ​តែ​បន្ទោស​​​ក្រុមឧទ្ទាម​ថាយក​ជន​ស៊ីវិល​ធ្វើ​ខែលការពារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ