អានតួអត្ថបទ
អ៊ីរ៉ាក់-អ៊ីរ៉ង់

អ៊ីរ៉ង់​ប្រកាស​ថា​ជា​អ្នក​បាញ់​មីស៊ីល​លើ​អ៊ីរ៉ាក់​ដើម្បី​បង្ខូច​ផលប្រយោជន៍​អ៊ីស្រាអែល

ឆ្មាំ​បដិវត្ត ឈ្មោះ​​កង​កម្លាំង​យោធា​របស់​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​  បាន​ប្រកាស​ទទួលស្គាល់​នៅ​ថ្ងៃ​រសៀល​ថ្ងៃអាទិត្យ​ទី ១៣​មីនា​២០២២​នេះ​ថា ខ្លួន​ជា​អ្នក​បាញ់​មីស៊ីល​លើ​តំបន់​Erbil អែរប៊ីល​ ប្រទេស​អ៊ីរ៉ាក់។ អ៊ីរ៉ង់អះអាង​ថា​​ចង់​បាញ់​សំដៅ​លើ​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ​អ៊ីស្រាអែល នៅ​អ៊ីរ៉ាក់ ហើយព្រមាន​ធ្វើ​​ប្រតិបត្តិការ​បំផ្លាញ​បំផ្លាញ​អ៊ីស្រាអែល​ថ្មីៗ​ទៀត។

ទីតាំងនៅ​តំបន់​គួឌីស្ថាន​អ៊ីរ៉ាក់​ដែល​រង​មីស៊ីល​អ៊ីរ៉ង់ ថ្ងៃទី១៣​មីនា ២០២២
ទីតាំងនៅ​តំបន់​គួឌីស្ថាន​អ៊ីរ៉ាក់​ដែល​រង​មីស៊ីល​អ៊ីរ៉ង់ ថ្ងៃទី១៣​មីនា ២០២២ AFP - SAFIN HAMED
ផ្សាយពាណិជ្ជកម្ម

នៅ​លើ​គេហទំព័រ​ Sapah News ឆ្មាំ​បដិវត្តអ៊ីរ៉ង់​បាន​អះអាង​ថា មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ ដែល​ផ្សំ​​គំនិត​ និង​ល្បិចជាមួយ​​​​អ៊ីស្រាអែល ត្រូវ​រង​ការ​វាយប្រហារ​ពី​សំណាក់មីស៊ីល​ដ៏​ខ្លាំង​ទំនើប​បំផុត។ ប៉ុន្តែ​ជាមួយ​នឹ​ងការ​ចោទ​ប្រកាន់​​អ៊ីរ៉ង់ ថា​ចង់​បិទ​បាំង​ទង្វើ​ឧក្រិដ្ឋ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ អាជ្ញាធរ​គួឌីស្ថាន​បាន​ប្រកាស​ថាទិសដៅ​វាយប្រហារ​ជា​ទីតាំង​ស៊ីវិល​ សេចក្តី​ប្រកាស​របស់​អ៊ីរ៉ង់​គ្មាន​មូលដ្ឋាន​ត្រឹម​ត្រូវ​ទេ។ ក្នុង​តំបន់​នេះ​ គ្មាន​មជ្ឈមណ្ឌល​ជា​របស់​អ៊ីស្រាអែលតាំង​​នៅឡើយ គឺ​មាន​តែ​សំណង់​ថ្មី​ជា​ស្ថានកុងស៊ុល​អាមេរិកមួយ​នេះទេ។ ហើយ​ មីស៊ីល ប្រភេទ​ បាលីស្ទិកឆ្លង​ព្រំដែន​ និយាយ​ឱ្យ​ចំ​បាញ់​ចេញ​មក​ទិស​ខាង​កើត ចំនួន​១២​គ្រាប់​ហោះ​ សំដៅ​លើ​ស្ថានកុងស៊ុល​អាមេរិក​នៅ​ក្រុង​អែរប៊ីលនេះ​ឯង​​​។ ប៉ុន្តែ​ជា​សំណាង​ល្អ ការ​វាយប្រហារ​នេះ​មិន​បង្កឱ្យ​មាន​ជន​រង​គ្រោះ​ដល់​ជីវិត​។  នេះ​បើ​តាម​អាជ្ញាធរ​គួឌីស្ថានដដែល ដែល​បាន​ថ្ងូរ​ថ្ងូរ​ថា​ តំបន់​គួឌីស្ថាន​បាន​ក្លាយ​ជា​ចំណុច​វាយប្រហារ​របស់​អ៊ីរ៉ង់​កាន់​តែ​ខ្លាំង ​តែ​ពុំ​សូវ​ឃើញមាន​ប្រតិកម្ម​អន្តរជាតិ​ទេ។

ជា​ការ​ពិត អ៊ីស្រាអែលពុំ​ទាន់​បញ្ចេញ​​ប្រតិកម្ម​អ្វី​ទាំង​អស់។ ប្រតិកម្ម​ចម្បង​និង​ដំបូង​​គេ​មាន​មក​ពី​ខាង​បារាំង។ ក្រសួងការបរទេស​បារាំង​បាន​​ប្រកាស​ថ្កោលទោសអ៊ីរ៉ង់​ចំៗ ដោយ​បញ្ជាក់​ថា ការ​បាញ់​មីស៊ីល​លើ​តំបន់អែរប៊ីល ជា​ការ​គំរាមកំហែង​សន្តិសុខ​អ៊ីរ៉ាក់​និង​តំបន់ទាំង​មូល ព្រមទាំង​អាច​បំផ្លាញ​កិច្ចខិត​ខំប្រឹង​ស្តារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ទៀត។

សូម​បញ្ជាក់​ថា​ការ​បាញ់​មីស៊ីល​លើ​អ៊ីរ៉ាក់​ថ្ងៃ​អាទិត្យ​នេះ ប្រព្រឹត្ត​ទៅ​តែមួយ​សប្តាហ៍​ក្រោយ​ពី​មេដឹកនាំជាន់​ខ្ពស់​នៃ​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​ពីរ​បាន​ស្លាប់​នៅ​ប្រទេស​ស៊ីរី​​ ទំនង​ក្នុង​ប្រតិបត្តិការ​របស់​​អ៊ីស្រាអែល​ និងចំ​ថ្ងៃ​ដែល​កិច្ចចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កំពុង​ចាប់​ផ្តើម​តែ​ត្រូវ​អាក់ខាន​ទៅវិញ​ ដោយ​ហេតុ​សំណើ​ថ្មី​របស់​រុស្ស៊ី។

អ៊ីរ៉ាក់ដែល​​​មាន​ព្រំដែន​​ខាង​កើត​ប្រវែង​ជិត​១៥០០គីឡូម៉ែត្រ ​​ជាប់​អ៊ីរ៉ង់ មាន​តួនាទី​ស្ទើរ​មិន​អាច​ខ្វះ​បាន​ខាង​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច​​សម្រាប់​ប្រទេស​ជិត​ខាង។ ប៉ុន្តែ​អ៊ីរ៉ាក់​បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយប្រហារ​របស់​អ៊ីរ៉ង់​ជា​ញឹកញយ។ កាលពី​ឆ្នាំ​២០២០ អ៊ីរ៉ង់​បានបាញ់​មីស៊ីល២២​គ្រាប់​លើ​មូលដ្ឋានទ័ព​អាមេរិក​ពីរ ដើម្បី​សង​សឹក​អាមេរិក​ដែល​បាន​សម្លាប់​ឧត្តមសេនីយ៍​របស់​ខ្លួន។ នៅ​ចុងខែ​មករា​​ឆ្នាំ​២០២១ រ៉ុកកែតឬ​ដ្រូន​យោធា​​ចំនួន​៦​បាន​បាញ់​មក​លើ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​បាកដាដ ។ តែ​ជា​រៀង​រាល់​ការ​វាយប្រហារ​ដោយ​ដ្រូន​ឬ​រ៉ុកកែត អ៊ីរ៉ង់​ពុំ​ដែល​ទទួល​ស្គាល​ថា​ជា​ទង្វើ​របស់​ពួក​គេ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ