អានតួអត្ថបទ
សង្រ្គាមអ៊ុយក្រែន-នុយក្លេអ៊ែរអ៊ីរ៉ង់

បារាំង អាល្លឺម៉ង់ និងអង់គ្លេស​ព្រមាន​កុំឲ្យគេ​យក​កិច្ចព្រមព្រៀង​​នុយក្លេអ៊ែរអ៊ីរ៉ង់​ ជាចំណាប់ខ្មាំង

បារាំង អង់គ្លេស និងអាល្លឺម៉ង់​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម នៅថ្ងៃ​សៅរ៍ ដើម្បី​រំលឹកប្រាប់​ភាគី​រុស្ស៊ី​ពីគ្រោះថ្នាក់​ដួលរលំសាជាថ្មី ​កិច្ចព្រមព្រៀងអន្តរជាតិ​ស្តីពី​នុយក្លេអ៊ែរអ៊ីរ៉ង់ បើសិន​រុស្ស៊ី​នៅតែ​ដាក់លក្ខខណ្ឌ នៅក្នុងការចរចា។ ការចរចា​ស្តីពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែលមានគោលដៅ​រារាំង​មិន​ឲ្យអ៊ីរ៉ង់ផលិត​អាវុធនុយក្លេអ៊ែរ ជាថ្នូរនឹង​ការដកទណ្ឌកម្ម​សេដ្ឋកិច្ច ទើបផ្តល់​ពន្លឺ​វិជ្ជមាន នៅមួយរយៈចុងក្រោយនេះ ប៉ុន្តែ ក៏ត្រូវផ្អាក នៅនាទីចុងក្រោយ ដោយ​រុស្ស៊ី ដែលជា​ហត្ថលេខី​សំខាន់មួយ នៃកិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់។

ទូរទស្សន៍ជាតិអ៊ីរ៉ង់បង្ហាញ​ម៉ាស៊ីន​ចម្រើនសារធាតុអ៊ុយរ៉ាញ៉ូម ផលិតឡើង​ក្នុងស្រុក ដែលតាំងបង្ហាញ​ក្នុង​ទីក្រុង​តេហេរ៉ង់ នៅឆ្នាំ ២០១៨ ឆ្នាំ​ដែលអាមេរិក​ដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ​អ៊ីរ៉ង់
ទូរទស្សន៍ជាតិអ៊ីរ៉ង់បង្ហាញ​ម៉ាស៊ីន​ចម្រើនសារធាតុអ៊ុយរ៉ាញ៉ូម ផលិតឡើង​ក្នុងស្រុក ដែលតាំងបង្ហាញ​ក្នុង​ទីក្រុង​តេហេរ៉ង់ នៅឆ្នាំ ២០១៨ ឆ្នាំ​ដែលអាមេរិក​ដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ​អ៊ីរ៉ង់ AP
ផ្សាយពាណិជ្ជកម្ម

មួយថ្ងៃ​ក្រោយ ការចរចា​ស្តីពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ត្រូវ​ផ្អាក​ដោយប្រថុចញ៉ុច បំផុត នៅ​ទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស បារាំង អាល្លឺម៉ង់ និងអង់គ្លេស ប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​បានចេញមុខ ព្រមាន​កុំ​ឲ្យ​គេ​យក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ធ្វើជា​អាជីវកម្ម ដើម្បីប្រយោជន៍​ផ្ទាល់ខ្លួន។

នៅក្នុង​សេចក្តីថ្លែងការណ៍រួម នៅថ្ងៃ​សៅរ៍ បារាំង អង់គ្លេស និងអាល្លឺម៉ង់ បាន​បញ្ជាក់ប្រាប់​ភាគីរុស្ស៊ីថា ការទាមទារ ដាក់​លក្ខខណ្ឌ របស់​រុស្ស៊ី​អាចធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ត្រូវ​ដួលរលំ។ ជាលទ្ធផល​ប្រជាជន​អ៊ីរ៉ង់ នៅតែមិនទាន់​ដកខ្លួន​រួចផុត​ពីទណ្ឌកម្ម​សេដ្ឋកិច្ច ចំណែក សហគមន៍​អន្តរជាតិ​នៅតេ​មិនទាន់បានការធានា​ស្តីពី​កម្មវិធីនុយក្លេអ៊ែរ​យោធា​របស់អ៊ីរ៉ង់។

សូមបញ្ជាក់ថា ដោយមានការចូលរួម​ដោយ​ប្រយោល​របស់​ភាគី​អាមេរិក បារាំង អង់គ្លេស ចិន រុស្ស៊ី និង​អាល្លឺម៉ង់ បានបើក​ការចរចា​ជាមួយ​អ៊ីរ៉ង់ ដើម្បីស្តារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល ដួលរលំ នៅ​ឆ្នាំ ២០១៨ ដោយសារ​អាមេរិក ដកខ្លួន និង​ត្រលប់​ទៅដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់។ ដោយជាប់រងទណ្ឌកម្ម​សាជាថ្មី​របស់អាមេរិក អ៊ីរ៉ង់ បាន​ផ្គើន រំលោភ​កិច្ចព្រមព្រៀង​ជាបន្តបន្ទាប់ ដូចជា​ ចម្រើន​សារធាតុអ៊ុយរ៉ាញ៉ូម​ក្នុង​កម្រិត​មួយខ្ពស់ ដែលហាម​ដោយ​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥។ ជាមួយ​ចេតនា​របស់អ៊ីរ៉ង់ ដែល​ចង់ស្តារកិច្ចព្រមព្រៀង ដើម្បី​រួចផុត​ពីទណ្ឌកម្ម​សេដ្ឋកិច្ច ការចរចា​បានបោះជំហាន​ជាវិជ្ជមាន​រហូត​ធ្វើ​ឲ្យ​គេ​មានសង្ឃឹមថា អាមេរិក​នឹង​អាច​ត្រលប់​មកចូល​ក្នុងកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ និង​យល់ព្រម​ដកទណ្ឌកម្ម​សេដ្ឋកិច្ច​ពីអ៊ីរ៉ង់។

ប៉ុន្តែ ជា​អកុសល​ការចរចា ក៏ត្រូវជាប់គាំង ផ្អាក តាំងពីថ្ងៃទី ៥​មីនា បន្ទាប់ពី​ប្រមុខការបរទេស​រុស្ស៊ី​បាន​ដាក់លក្ខខណ្ឌថា នៅពេល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានស្តារ​ឡើងវិញ អាមេរិក​ត្រូវ​ធានា​ថា ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​រុស្ស៊ី ដោយសារ​សង្រ្គាមនៅអ៊ុយក្រែន នឹង​មិនត្រូវ​អនុវត្ត ​ធ្វើ​ឲ្យប៉ះពាល់​ដល់​ទំនាក់ទំនងពាណិជ្ជកម្ម ការធ្វើជំនួញដោះដូរ វត្ថុធាតុដើម​រវាង​អ៊ីរ៉ង់​និង​រុស្ស៊ីនោះទេ។ អាមេរិក​បាន​បដិសេធ​មិនទទួល​ស្តាប់ ការទាមទារ​របស់​រុស្ស៊ី​ក្នុងហេតុផលថា ទណ្ឌកម្ម សេដ្ឋកិច្ច​ទៅលើ​រុស្ស៊ី ដោយសារធ្វើសង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន ជារឿងដាច់ដោយឡែក គ្មានជាប់ទាក់ទង​នឹង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នោះទេ។

ក្នុងករណី អាមេរិក​អាច​ត្រលប់ចូល​កិច្ចព្រមព្រៀង នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដើម្បី​បង្កា​កុំ​ឲ្យអ៊ីរ៉ង់​មាន​លទ្ធភាព​ផលិតអាវុធនុយក្លេអ៊ែរ អ៊ីរ៉ង់​នឹង​អាចរួចផុត​ពីទណ្ឌកម្ម​សេដ្ឋកិច្ច និង​អាច​នាំចេញប្រេង​យកទៅលក់​នៅ​ទីផ្សារអន្តរជាតិ។ នៅក្រោយលែងជាប់​ទណ្ឌកម្ម​សេដ្ឋកិច្ច នៅឆ្នាំ ២០១៦ អ៊ីរ៉ង់​អាច​នាំចេញប្រេង​២លានបារីល ក្នុង​មួយថ្ងៃ។ ប៉ុន្តែ ដោយសារ​អាមេរិក​ត្រលប់ទៅដាក់ទណ្ឌកម្ម​នៅ​ឆ្នាំ ២០១៨ អ៊ីរ៉ង់ អាច​លួចលក់ ប្រេង​ឲ្យ​ចិន តែ​ប៉ុណ្ណោះ។

អ្នកជំនាញ​វាយតម្លៃថា ដោយ​ទាមទារ​ដាក់លក្ខខណ្ឌ​ ដើម្បីខ្ទាស់ជើង មិន​ឲ្យ​គេអាច​ស្តារកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ អ៊ីរ៉ង់ រុស្ស៊ី មាន​មហិច្ឆតា ​ចង់​បន្ទុចបង្អាក់​កុំ​ឲ្យ​អ៊ីរ៉ង់​រួចផុត​ពីទណ្ឌកម្ម ពោល​គឺ​រុស្ស៊ី​មិនចង់​ឲ្យ​ប្រេងអ៊ីរ៉ង់ ក្លាយជាគូ​ប្រជែង​របស់ខ្លួន នៅ​ផ្សារប្រេង​អន្តរជាតិ។ គេអាចនិយាយថា នៅក្រោយ​ការដកទណ្ឌកម្ម ប្រេងរបស់​អ៊ីរ៉ង់​នឹង​អាច​ទៅបំពេញការខ្វះខាត​ប្រេង នៅទីផ្សារ នៅបន្ទាប់​ពី អាមេរិក​បន្ថែម ដាក់​ទណ្ឌកម្ម​លើ​ការនាំចេញប្រេង​រុស្ស៊ី ក្នុងរឿង​រុស្ស៊ីធ្វើ​សង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន។ អ៊ីរ៉ង់ និង​រុស្ស៊ីជាសម្ព័ន្ធមិត្ត​នឹងគ្នា ប៉ុន្តែ នៅក្នុងកាលៈទេសៈ នេះ រុស្ស៊ី នៅតែ​ចង់ចងដៃ អ៊ីរ៉ង់ មិន​ឲ្យ​លក់ប្រេង ដោយសារ​តែ​រុស្ស៊ី ចង់​ឲ្យ​ប្រទេស​លោកខាងលិច ជាពិសេស អឺរ៉ុប នៅតែ​ពឹងផ្អែក​លើ​ប្រេង ឧស្ម័នរបស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ