អានតួអត្ថបទ

អ៊ីរ៉ង់ចេញមុខព្រមានអ៊ីស្រាអែល បើអ៊ីស្រាអែលហ៊ានធ្វើសកម្មភាពប្រឆាំងអ៊ីរ៉ង់

ប្រទេស​អ៊ីរ៉ង់​បាន​ប្រារព្ធ​ទិវាកងទ័ព​នៅ​ថ្ងៃ​ចន្ទ ទី១៨ មេសា។ ថ្លែង​នៅ​ចំពោះ​មុខ​កងទ័ព​នា​ឱកាស​នេះ ប្រធានាធិបតី​លោក​អេប្រាហ៊ីម រ៉ៃស៊ី​បាន​ព្រមាន​អ៊ីស្រាអែល​ប្រឆាំង​នឹង​រាល់​សកម្មភាព​ទាំង​ឡាយ​ដែល​មាន​គោលដៅ​វាយប្រហារ​អ៊ីរ៉ង់។ លោក​អេប្រាហ៊ីម រ៉ៃស៊ី​បាន​បន្ថែម​ថា អ៊ីរ៉ង់​នឹង​មិន​អនុញ្ញាត​ឲ្យ​អ៊ីស្រាអែល​បង្ក​អសន្តិសុខ​នៅ​ក្នុង​តំបន់​ឡើយ ទោះ​តាម​រយៈ​ប្រទេស​ណា​មួយ​ក្តី។

ប្រធានាធិបតីអ៊ីរ៉ង់ លោកអេប្រាហ៊ីម រ៉ៃស៊ី។
ប្រធានាធិបតីអ៊ីរ៉ង់ លោកអេប្រាហ៊ីម រ៉ៃស៊ី។ AP
ផ្សាយពាណិជ្ជកម្ម

« អស់​លោក​ត្រូវ​ដឹង បើ​អស់​លោក​ហ៊ាន​ធ្វើ​សកម្មភាព​ប្រឆាំង​ជាតិ​អ៊ីរ៉ង់ ទោះ​ជា​ក្នុង​រូបភាព​អ្វី ធំ ឬ​តូច​ក្តី កម្មវត្ថុ​នៃ​កម្លាំងប្រដាប់​អាវុធ​របស់​យើង​នឹង​វាយប្រហារ​ចំ​កណ្តាល​បេះដូង​របស់​របប​អស់​លោក។ កម្លាំង​ប្រដាប់អាវុធ​របស់​យើង​នឹង​មិន​ទុក​ឲ្យ​អស់លោក​នៅ​សុខ​ឡើយ » នេះ​ជា​ការ​ថ្លែង​របស់​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​អេប្រាហ៊ីម រ៉ៃស៊ី​នៅ​ចំពោះ​មុខ​កងទ័ព​នា​ឱកាស​ទិវា​កងទ័ព។ ការ​ព្រមាន​ស្រដៀង​គ្នា​នេះ​ក៏​ត្រូវ​បាន​លោក​អេប្រាហ៊ីម រ៉ៃស៊ី​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ មេសា​ថា អ៊ីរ៉ង់​នឹង​មិន​អនុញ្ញាត​ឲ្យ​សត្រូវ​ស៊ូពូជ​អ៊ីស្រាអែល​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​នៅ​ក្នុង​តំបន់​ទោះ​តាម​រយៈ​ប្រទេស​ណា​មួយ​ក៏​ដោយ សូម្បី​តែ​អ៊ីរ៉ាក់។

ការ​លើក​ឈ្មោះ​ប្រទេស​អ៊ីរាក់​ព្រោះ​កាល​ពី​ខែ​មីនា កងឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​បាន​បាញ់​គ្រាប់មីស៊ីលបាលីស្ទិក​ប្រមាណ ១២គ្រាប់​សំដៅ​លើ​ក្រុង​អ៊ែរប៊ីល​ដែល​ជា​ក្រុង​របស់​តំបន់​ស្វយ័ត​គួដឌីស្ថាន​អ៊ីរ៉ាក់។ តាម​កងឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​របស់​ខ្លួន​គឺ​មជ្ឈមណ្ឌល​យុទ្ធសាស្រ្ត​ដែល​ប្រើប្រាស់​ដោយ​អ៊ីស្រាអែល។ តែ​រដ្ឋអំណាច​ក្រុង​អ៊ែរប៊ីល​បាន​បញ្ជាក់​ពី​ការ​គ្មាន​មជ្ឈមណ្ឌល​យុទ្ធសាស្រ្ត​របស់​អ៊ីស្រាអែល​នៅ​ក្នុង​ទីក្រុង នៅ​ជុំវិញ​ទីក្រុង និង​នៅ​ក្នុង​តំបន់។ គួរ​បញ្ជាក់​ថា​រវាង​អ៊ីរ៉ង់ និង​អ៊ីស្រាអែល គឺ​ជា​សត្រូវស៊ូពូជ​ដែល​ប្រហែល​គ្មាន​ថ្ងៃ​អាច​ផ្សះផ្សា​គ្នា​បាន​ឡើយ។

អ៊ីស្រាអែល​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លិច​របស់​អាមេរិក​ក៏​កំពុង​បន្ត​លូកដៃ​នៅ​ក្នុង​កិច្ចចរចា​រវាង​អ៊ីរ៉ង់ និង​សហគមន៍​អន្តរជាតិ​ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។ មក​ដល់​ពេល​នេះ ភាគី​ពាក់ព័ន្ធ​នៃ​កិច្ចចរចា​នៅ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស​បន្ត​និយាយ​មិន​ចុះ​សម្រុង​គ្នា។ អ៊ីរ៉ង់​ទាមទារ​ឲ្យ​អាមេរិក​ដក​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ចេញ​ពី​បញ្ជី​អង្គការ​ភេរវនិយម​អន្តរជាតិ។ តែ​ក្រុម​ស្តាំនិយម​នៅ​អាមេរិក និង​អ៊ីស្រាអែល​បាន​ព្រមាន​ប្រឆាំង​ក្រុង​វ៉ាស៊ីនតោន​ជា​មុន។ មួយ​វិញ​ទៀត អ៊ីស្រាអែល​ក៏​បាន​ប្រឆាំង​ដាច់​ខាត​ពី​ការ​វិល​ត្រឡប់​ជា​ថ្មី​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ដែល​អាមេរិក​ក្នុង​ជំនាន់​ដូណាល់ ត្រាំ​បាន​ដក​ខ្លួន​ក្នុង​ឆ្នាំ ២០១៨៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ