អានតួអត្ថបទ
អ៊ីរ៉ង់-អ៊ីស្រាអែល-អាមេរិក

អ៊ីរ៉ង់​បាញ់​ផ្លោង​មីស៊ីល​ជាច្រើន​គ្រាប់​ដើម្បី​ជា​សារ​ព្រមាន​អ៊ីស្រាអែល

នៅ​ថ្ងៃ​សុក្រ​ ទី២៤​ ធ្នូ​ កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​បាន​បាញ់​មីស៊ីល​បាលីស្ទិក​ដំណាល​គ្នា​ចំនួន​ ១៦ គ្រាប់​ ក្នុង​ពេល​បិទ​បញ្ចប់​សមយុទ្ធ​យោធា​រយៈពេល​ប្រាំថ្ងៃ​នៅឯ​តំបន់​ភាគ​ខាងត្បូង​ប្រទេស​។ មេទ័ព​អ៊ីរ៉ង់​និយាយ​ថា​ការ​បាញ់​មីស៊ីល​នេះ​ធ្វើឡើង​ដើម្បី​ជា​សារ​ព្រមាន​ក្តៅ​ចំពោះ​អ៊ីស្រាអែលដែលជា​សត្រូវ​។

នៅថ្ងៃសុក្រ ទី២៤ ធ្នូ ឆ្នាំ២០២១ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់ដើម្បីជាសារព្រមានចំពោះអ៊ីស្រាអែលដែលជាសត្រូវ។
នៅថ្ងៃសុក្រ ទី២៤ ធ្នូ ឆ្នាំ២០២១ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់ដើម្បីជាសារព្រមានចំពោះអ៊ីស្រាអែលដែលជាសត្រូវ។ - SEPAH NEWS/AFP
ផ្សាយពាណិជ្ជកម្ម

កងទ័ព​អ៊ីរ៉ង់​បាន​បាញ់មីស៊ីល​រយៈចម្ងាយឆ្ងាយ​ ចម្ងាយមធ្យម​ និងរយៈ​ចម្ងាយខ្លី​កាល​ពី​ថ្ងៃសុក្រម្សិលម្សិញ​ដែលជាថ្ងៃចុងក្រោយ​នៃ​សមយុទ្ធទ្រង់ទ្រាយធំ​​មានឈ្មោះថា​ Great Prophet 17 ឬប្រែជាភាសាខ្មែរថាព្យាការី​ដ៏អស្ចារ្យ។

មីស៊ីល​បាលីស្ទិក​ដែល​អ៊ីរ៉ង់​ប្រើក្នុង​សមយុទ្ធ (Emad, Ghadr, Sejjil, Zelzal, Dezful និង Zolfaqar) អាច​បាញ់​ចម្ងាយ​ចាប់ពី​ ៣៥០​ ទៅ ២០០០ គីឡូ​ម៉ែត្រ និង​បាន​ហោះ​ទៅ​វាយ​កម្ទេច​ត្រូវ​គោលដៅ​ដូចដែល​បាន​គ្រោង​ទុក​ចំ​ល្អ​១០០%​។ ចំណែក​មីស៊ីល​ចម្ងាយខ្លី​ និង​មធ្យម​របស់ខ្លួនវិញ​ អ៊ីរ៉ង់​ថា​អាច​ហោះឆ្លង​ទៅដល់​មូលដ្ឋាន​ទ័ព​អាមេរិក​ក្នុង​តំបន់​ ក៏ដូចជា​មូលដ្ឋានទ័ព​របស់​អ៊ីស្រាអែល​ដែរ​។

ឧត្តមសេនីយ៍​អ៊ីរ៉ង់​លោក​ Mohammad Bagheri បាននិយាយ​ប្រាប់​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​ថា​ សមយុទ្ធ​យោធា​នេះត្រូវបាន​រៀបចំឡើងជាពិសេស​ដើម្បីឆ្លើយតបទៅ​នឹងការ​គំរាម​កំហែង​ធ្វើ​ឡើង​ដោយ​អ៊ីស្រាអែល​នា​ប៉ុន្មានថ្ងៃថ្មីៗនេះ​។ ហើយ​ក្នុង​សមយុទ្ធ​លើកនេះដែរ​ អ៊ីរ៉ង់​បាន​ដាក់ពង្រាយ​គ្រាប់​មីស៊ីល​ចំនួនរាប់រយដែល​មាន​សមត្ថភាព​អាច​កម្ទេច​ប្រទេសណា​ដែល​ព្រហើន​ហ៊ាន​វាយ​ប្រហារ​អ៊ីរ៉ង់​។

ដោយឡែក ​ប្រធាន​កងឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​លោក Hossein Salami ​បាន​អះអាង​ថា​ សមយុទ្ធ​យោធា... គឺជាការព្រមានក្តៅ​សំដៅ​ទៅកាន់​ប្រទេសអ៊ីស្រាអែល​ដែលជា​សត្រូវ​ និងថា​ប្រសិនណា​បើ​អ្នកណា​ហ៊ាន​វាយប្រហារ​អ៊ីរ៉ង់​ នោះអ៊ីរ៉ង់​ប្រាកដជា​នឹង​កាត់​ដៃ​របស់​ពួកគេ​ចោល​ជា​មិនខាន​។

គួរបញ្ជាក់ថា​ សមយុទ្ធ​បញ្ចេញ​សាច់ដុំ​យោធា​របស់​អ៊ីរ៉ង់​ខាងលើបាន​ធ្វើ​ឡើងប៉ុន្មានថ្ងៃ​បន្ទាប់ពី​​ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក​លោក ជេក ស៊ូលីវ៉ាន់ ជួបជាមួយ​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាល​ អែលណាវតាលី ប៊ែននែត ដែលជាអ្នកប្រឆាំង​ទៅនឹង​ការ​ស្រោច​ស្រង់​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ២០១៥​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ