អានតួអត្ថបទ
អ៊ីរ៉ង់-តួកគី-ធនធានធម្មជាតិ

អ៊ីរ៉ង់ តវ៉ានឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនី របស់តួកគី នៅលើដងទន្លេអារ៉ាស

ការគ្រប់គ្រងនឹងប្រើប្រាស់ធនធានទឹក កំពុងតែក្លាយជាបញ្ហាទំនាស់ការទូត រវាង​តួកគី និង​ អ៊ីរ៉ង់។ លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ឲ្យដឹងថា​ រដ្ឋាភិបាល​លោកបានបង្ហាញការជំទាស់​​ ​ចំពោះគម្រោង​សាងសង់ទំនប់វារីអគ្គិសនី ដែលតួកគីចង់សាងសង់លើដងទន្លេអារ៉ាស (Aras) ទន្លេដែលហូរកាត់តួកគី ព្រមទាំងជាព្រំដែន​ពុះចែករវាង អ៊ីរ៉ង់ និង អាម៉េនី។ រវាង អ៊ីរ៉ង់ និង​ តួកគី គឺគ្មានកិច្ចព្រមព្រៀងណាមួយ ដើម្បីគ្រប់គ្រងធនធានទឹករួមគ្នាទេ។

មនុស្សដើរឆ្លងដីបាតទន្លេ Zayandeh ដែលមានស្ពានឆ្លងកាត់ចំណាស់៤ពាន់ឆ្នាំ ឈ្មោះស្ពាន​ Si-o-seh Pol។ ក្រុងអ៊ីសប៉ាហង់​ ថ្ងៃទី ១០ កក្កដា ២០១៨
មនុស្សដើរឆ្លងដីបាតទន្លេ Zayandeh ដែលមានស្ពានឆ្លងកាត់ចំណាស់៤ពាន់ឆ្នាំ ឈ្មោះស្ពាន​ Si-o-seh Pol។ ក្រុងអ៊ីសប៉ាហង់​ ថ្ងៃទី ១០ កក្កដា ២០១៨ AP - Vahid Salemi
ផ្សាយពាណិជ្ជកម្ម

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Irna កាលពីថ្ងៃអង្គារ នៅចំពោះអង្គសភាអ៊ីរ៉ង់ លោក Hossein Amir-Abdoullahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាន​ថ្លែងថា ការដែលតួកគី សាងសង់ទំនប់​នៅលើដងទន្លេដែលហូរឆ្លងព្រំដែន គឺវាជារឿងមិនអាចទទួលយកបានទេ ហើយអ៊ីរ៉ង់នឹងធ្វើការប្រឆាំងតវ៉ា។

លោកប្រមុខការបរទេសអ៊ីរ៉ង់ បាន​បន្ថែមថា លោកបាន​លើកឡើងពីបញ្ហានេះ ជាមួយ​សមភាគី​តួកគី ចំនួន៣លើករួចហើយ រវាង៣ខែមកនេះ ដោយជួបនិយាយគ្នាផ្ទាល់នៅទីក្រុង​ញូយ៉ក នៅតេអេរ៉ង់ និង​បានទូរស័ព្ទនិយាយគ្នាបន្ថែមទៀត។ លោកបានទាមទារឲ្យ​ភាគីតួកគី ត្រូវតែពិចារណាឡើងវិញឲ្យ​បានច្បាស់ ទាក់ទិននឹងគម្រោងសាងសង់ទំនប់ នៅលើដងទន្លេអារ៉ាស។ លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានទទួលស្គាល់ដែរថា ដោយគ្មានកិច្ចព្រមព្រៀងគ្រប់គ្រងធនធានទឹក រវាងអ៊ីរ៉ង់ និងតួកគី លោកក៏បានស្នើឲ្យ​បង្កើតគណកម្មាធិការចម្រុះមួយ ដើម្បីឲ្យ​ភាគីទាំង​២ធ្វើការរួមគ្នាក្នុងវិស័យនេះ។

សូមបញ្ជាក់ថា ទន្លេអារ៉ាស (Aras) មានប្រភពនៅលើខ្ពង់រាប​ភាគខាងកើតតួកគី ហើយ​ហូរកាត់មក ពុះចែកជាព្រំដែនធម្មជាតិ រវាងតួកគីអាម៉េនី រវាងអ៊ីរ៉ង់ និង​អាម៉េនី  រវាងអ៊ីរ៉ង់ និងអាហ៊្សែបៃហ្សង់ មុននឹងហូរទៅ​ជួបនឹងទន្លេ Kura ហើយបន្ទាប់មកហូរចូលទៅក្នុង​សមុទ្រ​កាសព្យែន។

ខ្ពង់រាបតួកគី គឺជាប្រភពនៃដងទន្លេដ៏សំខាន់ៗមួយចំនួន ដូចជាទន្លេ Tigre និងទន្លេ Euphrate ដែលប្រទេសផ្សេងទៀតនៅខាងក្រោម​រំពឹងយ៉ាងខ្លាំង។ អ៊ីរ៉ាក់ និង​ស៊ីរី ដែល​ទទួលផលរួមគ្នា ពីទន្លេទាំង២នេះ បានចុះហត្ថលេខានៅឆ្នាំ​១៩៩៧ ផ្តល់សច្ចាប័ន ដល់សន្ធិសញ្ញាអង្គការសហប្រជាជាតិគ្រប់គ្រងដងទន្លេ។ ដោយឡែក តួកគី និង អ៊ីរ៉ង់ មិនបានចុះហត្ថលេខាទេ។ សន្ធិសញ្ញានេះ បានចែងកំណត់អំពី​ការតព្វកិច្ចគោរពគ្នាទៅវិញទៅមក​ បែងចែក ប្រើប្រាស់ ដោយស្មើភាពគ្នា នូវ​ធនធានទឹក រវាងប្រទេសក្បែរខាងដែលមានដងទន្លេហូរកាត់។

គួរកត់សំគាល់ថា ធនធានទឹកនៅតាមដងទន្លេគឺជាបញ្ហាសំខាន់ណាស់ សម្រាប់ប្រទេសក្នុងតំបន់ដើម​បូព៌ា ដែលក្តៅហួតហែង សំបូរវាលខ្សាច់​។ កន្លងមក តួកគី និង​ អ៊ីរ៉ង់ ធ្លាប់បានសាងសង់ទំនប់ជាច្រើន បង្កឲ្យ​ប៉ះពាល់ផងដែរ ដល់អ៊ីរ៉ាក់ និងស៊ីរី ដែលស្ថិតនៅខាងក្រោម។ បញ្ហាប្រើប្រាស់ធនធានទឹក ការសាងសង់ទំនប់ ដោយ​គ្មានការគោរពចំពោះប្រទេសក្បែរខាង ពីសំណាក់តួកកីនៅពេលនេះ អាចក្លាយជាចំណុចចាប់ផ្តើមថ្មីមួយ នៃវិបត្តិការទូតរវាង​តួកគី និងអ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ