អានតួអត្ថបទ
អ៊ីស្រាអែល-អ៊ីរ៉ង់

អ៊ីស្រាអែល​ ប្រាប់​ពលរដ្ឋ​ខ្លួន​កុំឲ្យ​ទៅ​តួកគី ខ្លាច​ក្រែង​រង​ការវាយ​ប្រហារ​​របស់​​ចារកិច្ច​​អ៊ីរ៉ង់

ប៉ុន្មានថ្ងៃចុងក្រោយនេះ យោងតាមអាជ្ញាធរអ៊ីស្រាអែល គឺមានករណី​ប៉ុនប៉ងវាយ​ប្រហារជាច្រើនករណី ត្រូវបាន​ធ្វើ​ឡើង​ដោយ​ក្រុម​ចារកិច្ចរបស់​អ៊ីរ៉ង់ ធ្វើទៅ​លើ​ប្រជាជនអ៊ីស្រាអែល នៅទីក្រុងអ៊ីស្តង់ប៊ូល ប្រទេសតួកគី។ ការប៉ុនប៉ងវាយប្រហារ ដែល​ត្រូវបាន​អាជ្ញាធរតួកគី ទប់ស្កាត់បានទាន់ពេលវេលា។ រដ្ឋាភិបាលអ៊ីស្រាអែល កាលពីថ្ងៃចន្ទ ទី​១៣មិថុនា បានចេញសេចក្តីប្រកាស ហាមឃាត់កុំឲ្យ​ពលរដ្ឋខ្លួន ធ្វើដំណើរទៅ​តួកគី និងហៅឲ្យ​អ្នកដែលកំពុងស្ថិត​នៅទីនោះ ត្រូវចាកចេញជាបន្ទាន់។

លោក Yair Lapid រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល ក្នុងពេលធ្វើ​សន្និសីទកាសែត ថ្ងៃទី ២៤ មេសា ២០២២
លោក Yair Lapid រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល ក្នុងពេលធ្វើ​សន្និសីទកាសែត ថ្ងៃទី ២៤ មេសា ២០២២ AP - Debbie Hill
ផ្សាយពាណិជ្ជកម្ម

ដោយយោងទៅលើករណីប៉ុនប៉ងវាយ​ប្រហារបែបភេរវកម្ម ជាច្រើនករណី បង្កឡើងដោយ​ចារកិច្ចអ៊ីរ៉ង់ ធ្វើទៅលើពលរដ្ឋ​អ៊ីស្រាអែល ដែលទៅកំសាន្តនៅក្រុងអ៊ីស្តង់ប៊ូល រដ្ឋាភិបាល​អ៊ីស្រាអែល សូមប្រកាស ប្រាប់ទៅពលរដ្ឋអ៊ីស្រាអែលទាំងអស់ ត្រូវចៀសវៀង កុំធ្វើដំណើរទៅ​អ៊ីស្តង់ប៊ូល។ ចំពោះអ្នកដែលបានទៅដល់ហើយ ត្រូវប្រញាប់ត្រឡប់ចូលស្រុក​វិញជាបន្ទាន់។ នេះគឺជាអ្វីដែល​មាន​សរសេរ ក្នុងលិខិតប្រកាស របស់​លោក Yaïr Lapid រដ្ឋមន្ត្រីក្រសួងការបរទេស​អ៊ីស្រាអែល ចេញថ្ងៃទី១៣មិថុនា។​

លោករដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បាន​លើកឡើងអំពីវា គ្រោះថ្នាក់ ដែលមានជាក់ស្តែង បង្កឡើងការករណី​ប៉ុនប៉ងសំលាប់ និង​ករណីចាប់ពង្រត់ជាដើម។ លោកបានថ្លែងអរគុណ ដល់អាជ្ញាធរតួកគី ដែលបាន​ជួយសង្គ្រោះជីវិតពលរដ្ឋអ៊ីស្រាអែល ពីការវាយប្រហារ របស់ចារកិច្ចអ៊ីរ៉ង់។ បន្ថែមពីនេះ លោក Yaïr Lapid បានប្រកាសគំរាមថា នរណាក៏ដោយ ឲ្យតែហ៊ាន​រំខានដល់សន្តិសុខ អាយុជី​វិត របស់ប្រជាពលរដ្ឋអ៊ីស្រាអែល អ្នកនោះនឹងរកការវាយ​ប្រហារតបវិញពីអ៊ីស្រាអែល ទោះស្ថិតនៅទីណាក៏ដោយ។

គួរបញ្ជាក់ថា យោងតាម​ការចុះផ្សាយ​របស់​បណ្តាញ​ព័ត៌មានអ៊ីស្រាអែល ក្នុងរវាងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានករណីប៉ុនប៉ងវាយ​ប្រហារជាច្រើន មកលើ​អ្នកទេសចរណ៍ជាតិអ៊ីស្រាអែល នៅទីក្រុងអ៊ីស្តង់ប៊ូល​ ប្រទេសតួកគី។ តែការវាយ​ប្រហារនេះ ត្រូវបាន​ទប់ស្កាត់បានទាន់ពេលវេលា ដោយមានការសហការ រវាងមន្ត្រីជំនាញសន្តិសុខអ៊ីស្រាអែល និងតួកគី។

គួររំលឹកដែរថា អ៊ីស្រាអែល និងអ៊ីរ៉ង់ គឺជាសត្រូវនឹងគ្នា ដែលតែងតែធ្វើសសកម្មភាព​វាយប្រហារគ្នា ទាំងចេញមុខ ទាំងកំបាំងមុខ។ អ៊ីរ៉ង់ ចោទអ៊ីស្រាអែល ថាជាអ្នកធ្វើគ្រប់យ៉ាង ដើម្បីបំផ្លាញ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយចង់​ឲ្យអ៊ីរ៉ង់រងទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិជារៀងដរាប។ អ៊ីស្រាអែល វិញបានចោទអ៊ីរ៉ង់ថា គឺជាគ្រោះថ្នាក់តំបន់ ព្រោះ​អ៊ីរ៉ង់ បាននិងបន្តបញ្ជូន​អាវុធ ទៅឲ្យ​ក្រុមហេសបូឡាលីបង់ ព្រមទាំងក្រុមអាម៉ាសប៉ាឡេស្ទីន។

កាលពីថ្ងៃទី​២២ ឧសភា មេបញ្ជាការ​កងប្រតិបត្តិការក្រៅប្រទេស របស់​ក្រុមឆ្មាំបដិវត្តអ៊ីរ៉ង់ម្នាក់ ឈ្មោះ Sayyad Khodai ត្រូវបានគេបាញ់សម្លាប់នៅជាយក្រុងតេអេរ៉ង់។ ភាគីអ៊ីរ៉ង់អះអាងថាជាស្នាដៃរបស់ចារកិច្ចអ៊ីស្រាអែល។ ទន្ទឹមគ្នានេះ អ៊ីស្រាអែល បានបើកប្រតិបត្តិការវាយ​ប្រហារទៅលើទីតាំងមួយចំនួន ដែល​គេអះអាងថាជាទីតាំងយោធានិងឃ្លាំងស្តុកអាវុធរបស់អ៊ីរ៉ង់នៅក្នុងទឹកដីស៊ីរី។ ជាក់ស្តែងកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ អ៊ីស្រាអែលបានបាញ់មីស៊ីលទៅលើព្រលានយន្តហោះក្រុងដាម៉ាស បណ្តាល​ឲ្យខូចផ្លូវយន្តហោះចុះឡើងមួយ។ យោងតាមអ៊ីស្រាអែល អ៊ីរ៉ង់បានដឹកជញ្ជូន​អាវុធ ទៅជួយ​ក្រុមហេសបូឡាលីបង់ តាមរយៈជើងយន្តហោះអាកាសចរណ៍ស៊ីវីល ចុះនៅក្រុងដាម៉ាស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ