អានតួអត្ថបទ

អ៊ីរ៉ង់៖ទីក្រុង និងខេត្តជាង ៥០ត្រូវបានបំពាក់ដោយប្រព័ន្ធការពារប្រឆាំងនឹងការវាយប្រហារពីក្រៅ

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ក្រសួង​ការពារជាតិ​បាន​ប្រកាស​ឲ្យ​ដឹង​ថា មាន​ទីក្រុង និង​ខេត្ត​ជាង ៥០ ត្រូវ​បាន​រដ្ឋាភិបាល​បំពាក់​ប្រព័ន្ធ​ការពារ​ដើម្បី​ប្រឆាំង​ទប់​នឹង​ការ​វាយប្រហារ​ជីវសាស្រ្ត វិទ្យុសកម្ម និង​គីម​ជា​យថាហេតុ​ពី​ក្រៅ។ ការ​ប្រកាស​របស់​ក្រសួង​ការពារជាតិ​នេះ​បាន​ធ្វើ​ឡើង​ដោយ​អនុរដ្ឋមន្រ្តី​ការពារជាតិ​ឧត្តមសេនីយ​មេឌី ហ្វារ៉ាហ៊ី និង​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ Iribnews ដែល​ជា​គេហទំព័រ​ទូរទស្សន៍​រដ្ឋ​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី៣ កញ្ញា។

​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​អ៊ីប្រាហ៊ីម រ៉ាអ៊ីស៊ី​។
​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​អ៊ីប្រាហ៊ីម រ៉ាអ៊ីស៊ី​។ AP
ផ្សាយពាណិជ្ជកម្ម

ដោយ​មិន​បាន​និយាយ​សំដៅ​លើ​ការ​វាយប្រហារ​ពី​ប្រទេស​ណា​មួយ អនុរដ្ឋមន្រ្តី​ការពារជាតិ​អ៊ីរ៉ង់​លោក​ហ្វារ៉ាហ៊ី​បាន​ត្រឹម​បញ្ជាក់​ថា ប្រព័ន្ធ​ការពារ​ដែល​រដ្ឋាភិបាល​បាន​ដាក់​តាំង​នៅ​ក្នុង​ទីក្រុង និង​ខេត្ត​ចំនួន ៥១ មាន​នាទី​ចាប់​អត្តសញ្ញាណ ឃ្លាំមើល និង​ស្ទាក់​បាញ់​កម្ទេច​លើ​រាល់​ការ​វាយប្រហារ​ជីវសាស្រ្ត វិទ្យុសកម្ម និង​គីមី​គ្រប់​ប្រភេទ។ គួរ​រម្លឹក​ថា នៅ​ក្នុង​សង្រ្គាម​រវាង​អ៊ីរ៉ង់ និង​អ៊ីរ៉ាក់​ចន្លោះ​ឆ្នាំ ១៩៨០ និង ១៩៨៨ មេដឹកនាំ​ផ្តាច់ការ​អ៊ីរ៉ាក់​កាល​ណោះ​គឺ​សាដាំ ហ៊ូសេន​បាន​ប្រើ​អាវុធគីមី​ទ្រង់ទ្រាយ​ធំ​វាយប្រហារ​លើ​អ៊ីរ៉ង់។ ក្នុង​ថ្ងៃទី២៨ មិថុនា ឆ្នាំ ១៩៨៧ ទីក្រុង Sardasht របស់​អ៊ីរ៉ង់​បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី​របស់​អ៊ីរ៉ាក់​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ១១៩នាក់ និង​របួស​ចំនួន ១ ៥១៨នាក់។

ផ្តើម​ចេញ​ពី​ព្រឹត្តិការណ៍​សោកសង្រេង​មួយ​នេះ អតីត​រដ្ឋមន្រ្តី​ការពារជាតិ​អ៊ីរ៉ង់​លោក​អាមៀ ហាតាមី​ធ្លាប់​បាន​ថ្លែង​ក្នុង​ខែ​មីនា ឆ្នាំ ២០២១ ថា ប្រទេស​របស់​លោក​ត្រូវ​តែ​ត្រៀម​ដើម្បី​ការពារ​ខ្លួន​ប្រឈម​ទប់​នឹង​ការ​វាយប្រហារ​ជា​យថាហេតុ​ទោះ​ជា​ការ​វាយប្រហារ​នុយក្លេអែរ ជីវសាស្រ្ត ឬ​មួយ​គីមី។ សូម​ជម្រាប​ថា មិនមែន​ជា​រឿង​ចៃដន្យ​ទេ​ដែល​រដ្ឋអំណាច​អ៊ីរ៉ង់​បាន​សម្រេច​បំពាក់​ប្រព័ន្ធ​ការពារ​នៅ​ក្នុង​ទីក្រុង ខេត្ត​ចំនួន ៥១ នៅ​ពេល​នេះ។ មិន​ចៃដន្យ ព្រោះ​ចំ​ពេល​ដែល​អ៊ីរ៉ង់​កំពុង​បន្ត​ការ​ចរចា​ជាមួយ​ក្រុម​ប្រទេស​មហាអំណាច​ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ឡើង​វិញ ប្រទេស​អ៊ីស្រាអែល​ដែល​ជា​សត្រូវ​ស៊ូពូជ​របស់​អ៊ីរ៉ង់​បាន​បន្ត​ប្រឆាំង​យ៉ាង​ដាច់​អហង្ការ​នឹង​កិច្ចព្រមព្រៀង​នោះ។

ក្នុង​ថ្ងៃទី២៨ សីហា នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​យ៉ាអៀរ ឡាពីដ​បាន​បញ្ចាក់​ថា ទាហាន​អ៊ីស្រាអែល​បាន​ទទួល​បញ្ជា​ឲ្យ​ត្រៀម​គ្រប់​សេណារីយ៉ូ​ទាំង​អស់​ដើម្បី​រារាំង​អ៊ីរ៉ង់​កុំ​ឲ្យ​បំពាក់​គ្រាប់បែប​បរមាណូ។ តែ​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​អ៊ីប្រាហ៊ីម រ៉ាអ៊ីស៊ី​បាន​ឆ្លើយ​បក​វិញ​ថា អ៊ីស្រាអែល​គ្មាន​ពេល​ដើម្បី​ធ្វើ​សកម្មភាព​នេះ​ទេ ប្រសិន​បើ​អ៊ីស្រាអែល​សម្រេចចិត្ត​ធ្វើ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ