អានតួអត្ថបទ
អ៊ីរ៉ង់-អង់គ្លេស

អង់គ្លេសថ្កោលទោសអ៊ីរ៉ង់ដែលប្រហារជីវិត​អ្នកទោសសញ្ជាតិពីរ អង់គ្លេស-អ៊ីរ៉ង់

អ៊ីរ៉ង់ប្រហារជីវិត​ពលរដ្ឋរបស់ខ្លួនម្នាក់ដែល​មានសញ្ជាតិពីរ អង់គ្លេស អ៊ីរ៉ង់។ តាមការចុះផ្សាយ​របស់ទីភ្នាក់ងារព័ត៌មានរដ្ឋ​អ៊ីរ៉ង់ Mizan លោកAlireza Akbari ត្រូវ​បាន​តុលាការ​អ៊ីរ៉ង់​កាត់ទោសប្រហារជីវិត​ក្នុងបទធ្វើចារកម្ម​ដើម្បីប្រយោជន៍​ប្រទេស​អង់គ្លេស។ តាមរយៈសារធ្វីតធ័រ នៅថ្ងៃ​សៅរ៍ទី ១៤​មករា លោកនាយករដ្ឋមន្រ្តីអង់គ្លេស រីស៊ី ស៊ូណាក់ ថ្កោលទោស​ ចាត់ទុកការអនុវត្តទោសប្រហារជីវិតពលរដ្ឋអ៊ីរ៉ង់ថា ជា​សកម្មភាពព្រៃផ្សៃ​ដែលគេ​មិនអាច​អត់ឱនឲ្យបាន។

លោក​ Alireza Akbari អតីត​អនុរដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីរ៉ង់ បាន​ទៅរស់នៅ​និងសុំសញ្ជាតិ​អង់គ្លេស​នៅឆ្នាំ ២០០៨។ លោកត្រូវ​បាន​ចាប់ខ្លួន​នៅឆ្នាំ ២០១៩ នៅពេលត្រលប់ទៅ​អ៊ីរ៉ង់ ទៅតាមការអញ្ជើញ​របស់មន្រ្តីទូតអ៊ីរ៉ង់​សម្រាប់​ការចរចា​នុយក្លេអ៊ែរ។
លោក​ Alireza Akbari អតីត​អនុរដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីរ៉ង់ បាន​ទៅរស់នៅ​និងសុំសញ្ជាតិ​អង់គ្លេស​នៅឆ្នាំ ២០០៨។ លោកត្រូវ​បាន​ចាប់ខ្លួន​នៅឆ្នាំ ២០១៩ នៅពេលត្រលប់ទៅ​អ៊ីរ៉ង់ ទៅតាមការអញ្ជើញ​របស់មន្រ្តីទូតអ៊ីរ៉ង់​សម្រាប់​ការចរចា​នុយក្លេអ៊ែរ។ VIA REUTERS - WANA NEWS AGENCY
ផ្សាយពាណិជ្ជកម្ម

តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មានរដ្ឋ​អ៊ីរ៉ង់​ នៅថ្ងៃសៅរ៍នេះ ​​លោក Alireza Akbari ដែលមាន​សញ្ជាតិពីរ អង់គ្លេស អ៊ីរ៉ង់​ត្រូវ​បានអាជ្ញាធរ​អ៊ីរ៉ង់​​ប្រហារជីវិត​ដោយការព្យួរក។ ការប្រហារជីវិត​ធ្វើឡើង​នៅ​តែ​៣ថ្ងៃ ក្រោយ​តុលាការ​នៅទីក្រុង​តេហេរ៉ង់​សម្រេច​កាត់ទោស​ប្រហារជីវិត​លោក Alireza Akbari ក្នុងបទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ និង​ធ្វើសកម្មភាព​ប្រឆាំង​សន្តិសុខផ្ទៃក្នុង និង​បរទេសអ៊ីរ៉ង់ តាមរយៈ​ការលួចធ្វើចារកម្ម​ដើម្បីផលប្រយោជន៍​ក្រុមចារកិច្ចអង់គ្លេស។

មានអាយុ​៦១ឆ្នាំ លោក​​Alireza Akbari ធ្លាប់ជាសមាជិកកងទ័ពអ៊ីរ៉ង់​ដែល​បាន​អនុវត្តបទឈប់បាញ់ដែលជា​គន្លឹះសំខាន់នៃការបិទបញ្ចប់​សង្រ្គាមអ៊ីរ៉ាក់ អ៊ីរ៉ង់​នៅ​ឆ្នាំ ១៩៨៨។ លោក​ក៏ធ្លាប់ធ្វើជា​អនុរដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ង់ រហូត​ដល់​ឆ្នាំ ២០០៥ មុននឹង​​​ធ្វើដំណើរ​ទៅរស់នៅ និង​បានទទួល​សញ្ជាតិអង់គ្លេស នៅឆ្នាំ ២០០៨។

លោក​Alireza Akbari ត្រូវ​បាន​ចាប់ខ្លួន នៅ​ឆ្នាំ ២០១៩ នៅពេល​លោក​ធ្វើដំណើរ​ត្រលប់ទៅអ៊ីរ៉ង់។  តាម​ប្រព័ន្ធចុះផ្សាយអ៊ីរ៉ង់ លោក Alireza Akbari​ត្រូវ​ចោទប្រកាន់ថា បាន​ទទួល​ប្រាក់សំណូក ប្រមាណ ២លាន​អឺរូ (១,៨លាន​អឺរ៉ូ ២៦៥០០០ ផោន ៥០០០០ដុល្លារ) ជាថ្នូរនឹង​ការផ្តល់ព័ត៌មាន​ទៅឲ្យក្រុមយកការណ៍សម្ងាត់របស់អង់គ្លេស។

នៅថ្ងៃ​ព្រហស្បតិ៍ កាសែតផ្លូវការរបស់របបអ៊ីស្លាម អ៊ីរ៉ង់​បាន​ចុះផ្សាយ ជាសាធារណៈ​វីដេអូដើម្បីបញ្ជាក់ថា​​ លោកAkbari ដើរតួនាទីសំខាន់​នៅក្នុងហេតុការណ៍ធ្វើឃាត លោក Mohsen Fakhrizadeh ​អ្នកវិទ្យាសាស្រ្ត​​ផ្នែកនុយក្លេអ៊ែររបស់​អ៊ីរ៉ង់ កាលពី​ឆ្នាំ ២០២០ ដែលអ៊ីរ៉ង់​ធ្លាប់ទម្លាក់ការចោទប្រកាន់​ទៅលើ​ក្រុមចារកម្ម​អ៊ីស្រាអែល។

នៅក្នុង​សារសំឡេង​ទៅកាន់​ក្រុមគ្រួសារ​តាំងពីមន្ទីរឃុំឃាំងនៅតេហេរ៉ង់ និងដែលត្រូវ​បាន​ចាក់ផ្សាយ​ដោយ​ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសBBC លោក​ Akbari​បាននិយាយ​ថា នៅក្រោម​ការធ្វើទារុណកម្ម​ ៣៥០០ម៉ោង លោកត្រូវ​គេ​បង្ខំ​ឲ្យ​ឆ្លើយសារភាពទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ដែលលោក​មិនបាន​ធ្វើ​ទាល់តែសោះ។

ប្រតិកម្ម​ទៅនឹង​ការប្រហារជីវិត​លោក​ Akbari ដែលមាន​សញ្ជាតិពីរ អង់គ្លេស និងអ៊ីរ៉ង់ នាយករដ្ឋមន្រ្តី​អង់គ្លេស​ លោក​រីស៊ី ស៊ូណាក់​ថ្កោលទោស​សកម្មភាពឃោឃៅ និងកំសាកដែល​ប្រព្រឹត្តឡើងដោយរបបព្រៃផ្សៃ។ នៅថ្ងៃ​ព្រហស្បតិ៍ ថ្ងៃតុលាការ​អ៊ីរ៉ង់​​បើកសវនាការកាត់ទោសប្រហារជីវិត​លោក Akbari អ្នកទទួល​ខុសត្រូវ​នៃ​ការិយាល័យ​បរទេស​អង់គ្លេស​​បាន​និយាយ​ថា អង់គ្លេស​កំពុងពិចារណាចង់​ដាក់បញ្ចូល​ឆ្មាំបដិវត្ត ដែលជា​កងកម្លាំងពិសេសរបស់អ៊ីរ៉ង់ទៅក្នុង​បញ្ជីក្រុមអង្គការភេរវនិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ