អានតួអត្ថបទ

អ៊ីរ៉ង់ចាប់​ពលរដ្ឋ​​​៧នាក់ ដោយ​ចោទថា​«ពាក់ព័ន្ធ​នឹងអង់គ្លេស»និង​​«ចូលដៃ»​​​ប្រឆាំងរដ្ឋាភិបាល

នៅ​អ៊ីរ៉ង់ កម្លាំង​ឆ្មាំ​បដិវត្តន៍ បាន​ចាប់ខ្លួន​ពលរដ្ឋ ចំនួន ៧ នាក់ ដោយចោទប្រកាន់​ថា ឃុបឃិត​ជាមួយ​ អង់គ្លេស និង «ចូលដៃ» ជាមួយក្រុម​បាតុករប្រឆាំងរដ្ឋាភិបាល។ ការ​ចាប់ខ្លួននេះ ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ និង​ត្រូវ​រដ្ឋអំណាច​ទម្លាយ​ព័ត៌មាន​នៅ​ថ្ងៃ​ច័ន្ទ។ សារព័ត៌មាន​ផ្លូវការ​របស់​រដ្ឋអ៊ីរ៉ង់ បាន​​បញ្ជាក់ថា ក្នុង​ចំណោមពលរដ្ឋ​ទាំង​នោះ​ គឺអ្នក​ខ្លះ ​មាន​សញ្ជាតិ​ពីរ ហើយ​ធ្វើការបម្រើ​ឲ្យ ភ្នាក់ងារ​សម្ងាត់​អង់គ្លេស​។ ​

បាតុកម្ម​នៅ​ក្រុង​ឡុង សម្តែងការ​ប្រឆាំង​នឹង​រដ្ឋអំណាច អ៊ីរ៉ង់។​
បាតុកម្ម​នៅ​ក្រុង​ឡុង សម្តែងការ​ប្រឆាំង​នឹង​រដ្ឋអំណាច អ៊ីរ៉ង់។​ © REUTERS - HENRY NICHOLLS
ផ្សាយពាណិជ្ជកម្ម

អ្នក​ត្រូវ​ចាប់ខ្លួន​នោះ ជាក្រុម​មេដឹកនាំ​បាតុកម្មពីពេល​ថ្មីៗ។ ពួកគេ​មាន​សញ្ជាតិ​២  អង់គ្លេសនិងអ៊ីរ៉ង់ ហើយ​មានបំណង​ប្រុង​រត់​គេចចេញពី​ប្រទេស។​ នេះបើតាម​​អ្នក​នាំពាក្យ ក្រសួង​ការបរទេសអ៊ីរ៉ង់ ដែល​​បញ្ជាក់​បន្ថែមថា បុគ្គល​ទាំងនោះ ធ្វើ​ការ​ឲ្យ​ភ្នាក់ងារ​អង់គ្លេស។

មន្ត្រី​ជាន់ខ្ពស់​ការទូត​អ៊ីរ៉ង់​ដដែល បាន​គូស​បង្ហាញ​ប្រាប់អ្នកកាសែត​នៅ​ក្រុង​តេហេរ៉ង់ថា ប្រទេស​អង់គ្លេសដើរតួ​មិនល្អ​សោះ នៅក្នុង​ការ​វិវឌ្ឍថ្មី​នៅ​អ៊ីរ៉ង់ ពោល​គឺ ​អង់គ្លេស បាន​ញ៉ុះញ៉ុង់​ក្រុម​បាតុកម្ម ឲ្យ​ប្រឆាំង​នឹង​រដ្ឋាភិបាល​។ អង់គ្លេស  ជាប្រទេស​ដែល រដ្ឋបាល​ក្រុងតេហេរ៉ង់ ចាត់ទុកចូល​ជា​​សត្រូវ​របស់​អ៊ីរ៉ង់​ ដូចនឹង សហរដ្ឋអាមេរិក អ៊ីស្រាអែល និង អារ៉ាប៊ីសាអូឌីត ​។

ប្រទេស​បស្ចិម​លោក បាន​ចោទ ​​អ៊ីរ៉ង់ ថា​តែងតែ​ចាប់​ពលរដ្ឋ​បរទេស ​ជា​ចំណាប់​ខ្មាំង និងជា​ចំណាប់​ថ្នូរ សម្រាប់ទាមទារ​​​ដោះដូរ​ជាមួយ​នឹង​អ្នក​ទោស​អ៊ីរ៉ង់ ដែល​កំពុង​ជាប់​ឃុំ​នៅ​បរទេស។ ជាក់ស្តែង ប៉ុន្មាន​សប្តាហ៍មុន ប្រទេស​ប៊ែលស៊ិក បាន​សម្រេចចិត្ត​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់ ដើម្បីដោះដូរ​អ្នក​ទោស​ទៅវិញទៅមក​។

បាតុកម្ម​ប្រឆាំងនឹង​​រដ្ឋាភិបាល​អ៊ីរ៉ង់ ផ្ទុះ​ឡើង​ជាង​ ៣ ខែមកហើយ។ ពីដំបូងឡើយ​ គឺដរចេញពី​មរណភា​ព​របស់​យុវតីម្នាក់ ដែលស្លាប់​បន្ទាប់ពី​ប៉ូលីស​ចាប់ខ្លួន ព្រោះ​តែ​ពាក់​ក្រណាត់​ទទូរ​ក្បាល​មិន​សមរម្យ​តាមបែប​សាសនាអ៊ីស្លាម​អ៊ីរ៉ង់។​ ចាប់ពី​ពាក់កណ្តាល​ខែកញ្ញាមក បាតុកម្មប្រឆាំង​រដ្ឋអំណាច​អ៊ីរ៉ង់​ ​ក៏​ឆេះ​ឡើង ទាំងក្នុង ​និង ​ក្រៅបរទេស។ នារីៗ​ជាច្រើន​បាន​ដោះស្បៃ​គ្របក្បាល និង​កាត់ស​ក់​ ជា​សញ្ញាណ​ប្រឆាំង​រដ្ឋអ៊ីរ៉ង់ និងដើម្បី​សម្តែង​ពីការ​ទាមទារ​សេរីភាព។​

បាតុកម្ម​នៅអ៊ីរ៉ង់ ក៏បាន​ធ្វើ​ឲ្យ​វិស័យ​សេដ្ឋកិច្ច​អ៊ីរ៉ង់​រងផលវិបាកខ្លាំង​។ វិបាកមួយ​ ព្រោះតែ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​បច្ចិមលោក ហើយ​មួយ​ទៀត ព្រោះតែ​ទេសចរណ៍​ធ្លាក់​ចុះ។ ជើងហោះហើរ​ ៩០% ឆ្ពោះ​ទៅ​អ៊ីរ៉ង់ ត្រូវលើកពេល​ ឬ​លុប​ចោល​។ រូបិយប័ណ្ណជាតិ​អ៊ីរ៉ង់​ ក៏​បាន​ធ្លាក់​ចុះថ្លៃ ២៥% បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​និង​ប្រាក់​អឺរ៉ូ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ