អានតួអត្ថបទ
អារ៉ាប៊ីសាអូឌីត-សិទ្ធិមនុស្ស

ក្រោម​រជ្ជកាល​សាល់ម៉ាន ​អារ៉ាប៊ីសាអូឌីតប្រហារ​ជីវិតមនុស្ស​ច្រើនស្ទើរ​​ទ្វេដង

បើ​តាម​របាយការណ៍​របស់​អង្គការ​ការពារ​សិទ្ធិមនុស្សអង់គ្លេស Repieve និង​អង្គការ European Saudi Organization for Humain Rights-ESOHR ចេញផ្សាយ​នៅថ្ងៃទី ៣១​មករា​២០២៣ ការ​ប្រហារ​ជីវិត​មនុស្ស​បានកើន​ឡើង​ស្ទើរ​មួយ​ជា​ពីរ នៅ​អារ៉ាប៊ីសាអូឌីត​ ក្រោម​ការគ្រង​រាជ​និង​ដឹកនាំ​ដោយ​ព្រះចៅ​សាល់ម៉ាន និង​រាជបុត្រ​ស្នង​រាជ​ មូហាម៉េដ បេនសាល់ម៉ាន។ អង្គការ​សិទ្ធិមនុស្ស​ទាំងពីរ​ បាន​លើក​ឡើង​ទៀត អំពី​ករណី​ធ្វើ​ទារុណកម្ម​លើ​អ្នក​ទោស​ជា​ស្វ័យប្រវត្តិនៅក្នុង​រាជាណាចក្រ​នេះ។

អារ៉ាប៊ីសាអូឌីតប្រហារជីវិតមនុស្ស​ច្រើន​ទ្វេដង​ក្នុង​រជ្ជកាល​សាល់ម៉ាន
អារ៉ាប៊ីសាអូឌីតប្រហារជីវិតមនុស្ស​ច្រើន​ទ្វេដង​ក្នុង​រជ្ជកាល​សាល់ម៉ាន AFP/File
ផ្សាយពាណិជ្ជកម្ម

ពី​ឆ្នាំ​២០១០ដល់​២០១៤ អារ៉ាប៊ីសាអូឌីត បាន​ប្រហារជីវិត​មនុស្ស​អស់ជាមធ្យម​៧០,៨ក្នុង​មួយ​ឆ្នាំៗ និង​​ដល់ទៅ​​១២៩,៥​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ តាំង​ពីព្រះ​មហាក្សត្រ​សាល់ម៉ាន និង​រាជបុត្រ​ស្នងរាជ​ម៉ូហាមេដ បេនសាល់ម៉ាន ឡើង​គ្រង​រាជ​នៅ​អារ៉ាប៊ីសាអូឌីត​​ឆ្នាំ​២០១៥មក។ ពោលគឺ​រាជវង្ស​បច្ចុប្បន្ន​បាន​អនុវត្តទោស​ប្រហារជីវិត​លើ​ពិរុទ្ធជន​ជាង​ ១០០០នាក់​។ នេះបើ​តាម​របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងពីរ ដែល​ផ្គុំ​​តួលេខបាន​​តាម​រយៈ​ការ​អង្កេត​និង​សួរនាំ​ក្រុមមេធាវី​ សមាជិកគ្រួសារជន​រងគ្រោះ​និង​សកម្មជន​សិទ្ធិមនុស្ស។ របាយការណ៍​ដដែល​បាន​បញ្ជាក់ថា​ យោង​តាម​ទិន្នន័យ​របស់​​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំងAFP ដែល​ផ្អែក​លើ​សេចក្តី​ប្រកាស​របស់​​រដ្ឋាភិបាល កាលពី​ឆ្នាំទៅ ក្រុង​រីយ៉ាដ​​ប្រហារជីវិតមនុស្សអស់​​១៤៧នាក់​ ​ ក្នុង​នោះ៨១​នាក់​ត្រូវ​ប្រហារ​តែក្នុង​​មួយ​ថ្ងៃ​នៃ​​ខែ​មីនា។

​រាជបុត្រ​ស្នងរាជ្យ​​នៃ​រាជាណាចក្រ​អារ៉ាប៊ីសាអូឌីត​ដ៏​មហាអភិរក្សដែល​ជា​អ្នក​ក្តាប់​អំណាច​ដោយជាក់ស្តែង​ បាន​ធ្វើ​កំណែទម្រង់​គួរ​ឱ្យកត់​សម្គាល់។ ប៉ុន្តែ​បើ​តាម​សកម្មជនសិទ្ធិមនុស្ស​មនុស្ស ​កំណែទម្រង់​មាន​អម​ដោយ​ការ​បង្ក្រាប​រាល់​គ្រប់​ទម្រង់​និង​សណ្ឋាន​នៃការ​ប្រឆាំង ហើយ​បើ​តាម​របាយការណ៍​ម្សិលមិញ​ រយៈ​ពេល​៦ឆ្នាំ​ដែល​មាន​ការ​ប្រហារ​ជីវិត​មនុស្ស​យ៉ាង​សន្ធឹក​សន្ធាប់​បំផុត​នោះ គឺ​ស្ថិត​នៅក្រោម​ការ​គ្រប់គ្រង​របស់​ស្តេចសាល់ម៉ាននិង​រាជបុត្រម៉ូហាមេដ​តែម្តង។

ការ​ប្រហារ​ជីវិត​កើន​ស្ទើរ​ទ្វេដង​ហើយ មាន​ករណី​ប្រហារ​ដោយ​សម្ងាត់​គួរ​ឱ្យ​ព្រួយបារម្ភ​ខ្លាំង​ទៀត​ តាំងពី​ចុង​ឆ្នាំ​២០២២មក។ ក្រៅ​អំពី​​ប្រហារ​ជីវិត​ ​ក្មេង​មិន​ទាន់​ពេញ​វ័យ ដោយ​គ្មាន​ជូន​​ដំណឹង​ដល់​ក្រុមគ្រួសារ​ របាយការណ៍​បានលម្អិត​ថា​មាន​ស្ត្រី​៣១នាក់ ៖ ២៣នាក់​ជា​បរទេស​និង​១៣អ្នក​ជា​បម្រើការ​តាម​ផ្ទះ ​បាន​រង​ការ​ប្រហារជីវិត​ពី​ឆ្នាំ​២០១០​ដល់​២០២១ ក្នុង​នោះ​ម្នាក់​ស្រ្តីអ្នក​បម្រើ​ជាតិឥ​ណ្ឌូណេស៊ី​ ពីបទ​បាន​សម្លាប់​ម្ចាស់​ផ្ទះ​ដែល​បានប្រព្រឹត្ត​អំពើ​ហិង្សា​​រំលោភ​បំពាន​ផ្លូវភេទ​នាង​ជាច្រើន​ឆ្នាំ។​

របាយការណ៍​កម្រាស់​៥៨​ទំព័រ​ ក៏​បាន​លើក​ឡើងផង​ដែរ​​​អំពី​ករណី​ធ្វើ​ទារុណកម្ម​ជា​ស្វ័យប្រវត្តិ​និង​ការ​រំលោភដំណើរ​​បែបបទ​ច្បាប់ ​ដោយប្រើ​សវនការ​ដែល​​គ្មាន​សមធម៌​ និង​ ទារុណកម្មលើកុមារ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ