អានតួអត្ថបទ
តួកគី-ស៊ីរី-រញ្ជួយដី-ជំនួយ

ក្រោយគ្រោះ​​រញ្ជួយ​ដី ​សហគមន៍​អន្តរជាតិសម្រុក​ផ្តល់​ជំនួយ​​​ដល់​តួកគី ជាង​ស៊ីរី

ក្រៅអំពី​ចូល​រួម​​រំលែក​ទុក្ខ​និង​សោកស្តាយ​ចំពោះ​គ្រោះ​មហន្តរាយ​រញ្ជួយ​ដី ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​ជាង​២៣០០នាក់​នៅ​តួកគី​និង​នៅស៊ីរី សហគមន៍​អន្តរជាតិ​ចាប់​ប្រកាស​ផ្តល់​ជំនួយ​ដល់​ប្រទេស​រងគ្រោះ​ទាំងពីរ។ ជំនួយ​សង្គ្រោះ​និង​ជំនួយ​មនុស្សធម៌​​បាន​ទៅ​ដល់​កន្លែង​រងគ្រោះ​ជា​ប​ណ្តើរៗ​និង​ជា​បន្ត​បន្ទាប់ហើយ ជា​ពិសេស​សម្រាប់​ប្រទេស​តួកគី​តែម្តង។

ក្រុមសង្គ្រោះ​ស៊ិវិល​កំពុង​រុករក​ជន​រងគ្រោះ​ជាប់​កុន​ក្នុង​បំណែកថ្ម ក្រោយ​រញ្ជួយ​ដី
ក្រុមសង្គ្រោះ​ស៊ិវិល​កំពុង​រុករក​ជន​រងគ្រោះ​ជាប់​កុន​ក្នុង​បំណែកថ្ម ក្រោយ​រញ្ជួយ​ដី © AP/Omar Sanadik
ផ្សាយពាណិជ្ជកម្ម

លោកប្រធានាធិបតីអាមេរិក​​បានប្រកាស​សហការ​​យ៉ាង​ស្អិត​ជាមួយ​តួកគី និងផ្គត់ផ្តង់​ជំនួយ​ចាំបាច់​គ្រប់យ៉ាង។ ​ស្នងការ​អឺរ៉ុបទទួលបន្ទុក​គ្រោះមហន្តរាយវិញ​ បាន​ប្រកាស​ថា ​យន្តការ​ការពារ​ស៊ីវិលរបស់​សហភាពអឺរ៉ុប​ ​​និង​ក្រុមការងារ​ដែល​ប្រមូលផ្តុំសមាជិក​​១០ប្រទេស (ប៊ុលហ្ការី ក្រូអាស៊ី បារាំង​ក្រិក ហូឡង់ ប៉ូឡូញ រ៉ូម៉ានី ឆែក) ​ចាប់​ចេញ​ទៅ​​​ជួយ​តួកគី​ហើយ។

ក្នុងក្របខ័ណ្ឌ​នេះ​ ប៊ុលហ្ការី និង​​ ​រ៉ូម៉ានី បានបញ្ជូន​​ក្រុមពន្លត់​អគ្គីភ័យ​និង​សង្គ្រោះ​ប្រមាណ​៦០នាក់ តាម​យន្តហោះ​ម្នាក់ៗ​ពីរគ្រឿង តាំង​ពី​ល្ងាច​ថ្ងៃ​ចន្ទ​កើត​ហេតុ​ភ្លាម។ អ្នក​ពន្លត់​អគ្គីភ័យ​៧៦នាក់ ឆ្កែសង្គ្រោះ​៨ក្បាល មក​ពី​ខាង​ភាគីប៉ូឡូញ និង​ឆែក។ អេស្ប៉ាញ​ បាន​ប្រមូល​ទាំងកម្លាំងមនុស្ស​និង​ដ្រូន​ ជាស្រេច​នៅ​មជ្ឈមណ្ឌល​ជំនួយ​អន្តរជាតិ។ ​ចំណែក​​បារាំង លោកប្រធានាធិបតី​អេម៉ានុយអែល ម៉ាក្រុង​បាន​បង្ហាញ​សាមគ្គីភាពជាមួយ​តួកគី​​តាម​រយៈកម្លាំង​​​អ្នក​សង្គ្រោះ​១៣៩​នាក់ ដើម្បី​ផ្តល់​ជំនួយ​បន្ទាន់​ដល់​ពលរដ្ឋ​រងគ្រោះ។ ​ក្រុម​ពន្លត់​អគ្គីភ័យ​ស្ម័គ្រ​ចិត្ត​ជាង​៣០​នាក់​ នឹង​ចេញ​ដំណើរ​ទៅ​តួកគី​នៅ​ថ្ងៃអង្គារ។ ប៉ុន្តែ​ពុំ​ទាន់​មាន​អ្វី​ជាក់​ស្តែង​សម្រាប់​ស៊ីរីទេ។ ក្រិក ព្រមទាំងបណ្តា​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀតដូច​យ៉ាង​ស៊ុយអែត ដែល​មាន​ទំនាក់ទំនង​រកាំរកូស​ខ្លាំង​ជាមួយ​តួកគី​ បាន​ទុក​កំហឹង​ដោយ​ឡែក ហើយ​​បាន​ប្រកាស​ផ្តល់​ជំនួយ​មនុស្សធម៌​និង​កម្លាំង​សង្គ្រោះ​ទៅ​ឱ្យ​តួកគីដែរ​។

ក្រៅ​ពី​អឺរ៉ុប អ្នក​ជំនាញ​សង្គ្រោះ​ស្វីស​៨០នាក់ អ្នក​សង្គ្រោះ​អង់គ្លេស៦១នាក់ និង​ឆ្កែ​ ព្រមទាំង​សម្ភារៈ​ផ្សេងៗ នឹង​ទៅ​ដល់​តួកគី​ក្នុង​ពេល​ឆាប់ៗ តាម​យន្តការជំនួយ​បន្ទាន់។ ឥណ្ឌា​បាន​សម្រេច​បញ្ជូន​ ក្រុម​រុករក ក្រុមសង្គ្រោះ និង​ក្រុមគ្រូពេទ្យ​ ព្រមទាំង​សម្ភារៈ​សង្គ្រោះ​ទៅ​ដល់​មុន​គេ​។

អ៊ុយក្រែន​ជាប់​សង្គ្រាម​មែន​ តែ​មិន​ខ្លាច​នឹង​ចែក​រំលែក​អ្នក​សង្គ្រោះ​ឱ្យ​ជួយ​តួកគី​ទេ​។ ទន្ទឹម​ពេល​ជាមួយ​គ្នា​នេះ លោក​ពូទីន​ បាន​ធានាថា​រុស្ស៊ី​ត្រៀម​ជា​ស្រេច​នឹង​ផ្តល់​ជំនួយ​ដ៏​ចាំ​បាច់​ដល់​តួកគី​ ដោយ​មិន​ភ្លេច​ឧបត្ថម្ភ​ដល់​ខាង​ស៊ីរី​ឡើយ។ អាជ្ញាធរ​តួកគី​និង​ស៊ីរី ក៏​បាន​ទទួល​សញ្ញា​គាំទ្រ​ជា​ជំនួយ​មនុស្សធម៌​ពី​ខាង​ចិន​ដែរ។ ប៉ុន្តែ​អ្វី​ដែល​គួរ​សម្គាល់​ខ្លាំង​បំផុត​ក្នុង​គ្រោះ​មហន្តរាយ​នេះ គឺ​ជំនួយ​របស់​អ៊ីស្រាអែល​ចំពោះ​ស៊ីរី។ ក្រៅ​ពី​ស្នើបញ្ជូន​ក្រុមអ្នក​សង្គ្រោះ​និង​ជំនួយ​មនុស្ស​ធម៌​ទៅ​​តួកគី ​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​បាន​ប្រកាសថា​​​ជំនួយ​នឹង​ទៅដល់​​ស៊ីរី ក្នុង​ពេល​ដ៏​ឆាប់ដែរ​។ ​​​គ្មានទំនាក់ទំនង​ការទូត​នឹង​គ្នា ស៊ីរី​មិនដែល​ទទួល​ប្រទេស​​អ៊ីស្រាអែលទេ ហើយ​ធ្លាប់​តតាំង​​គ្នា​ជា​ច្រើន​ដង​ទៀត៕​

រូបភាព​រលំអគារ​នៅ​ក្នុង​គ្រោះរញ្ជួយដី​នៅ​តួកគី
Building Collapse in Turkey Quake
Building Collapse in Turkey Quake © Reuters

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ