អានតួអត្ថបទ
ដោះដូរអ្ន​កទោស

អ៊ីរ៉ង់«ត្រៀម​ខ្លួន​ស្រេច​»ដើម្បី​ចរចា​ដោះដូរអ្នក​ទោស​ជាមួយ​សហរដ្ឋអាមេរិក

នៅថ្ងៃ​សៅរ៍ រដ្ឋបាល​ទីក្រុង​តេហេរ៉ង់ ប្រកាស​ថា ខ្លួន​បាន​​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​ ​ដើម្បីចុះ​កិច្ចព្រមព្រៀង​​ដោះដូរអ្នកទោសជាមួយរដ្ឋបាល​ក្រុង​វ៉ាស៊ីន​តោន​។ នេះបើតាម​ការ​ឲ្យដឹងរបស់​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់។ ស្របពេល​នឹង​ដំណឹង​ចរចា​ដោះដូរ​អ្នក​ទោស​ជាមួយ​សហរដ្ឋអាមេរិក​​​នេះ តុលាការ​អ៊ីរ៉ង់ ក៏​បាន​កាត់ទោស​ប្រហារ​ជីវិត​ អ្នក​​មាន​សញ្ជាតិ​ពីរ​ ជាបន្តបន្ទាប់​។ ថ្ងៃសៅរ៍ ប្រទេស​ស៊ុយអែត​បាន​សម្តែងក្តី​ខឹង​សម្បារ​ចំពោះ​តុលាការ​អ៊ីរ៉ង់ ដែល​សម្រេច​កាត់ទោស​ពលរដ្ឋ​របស់ខ្លួន​ និងចាត់ទុកថា​ ​សាលក្រម​ផ្តាច់ជីវិត​បែបនេះ គឺអមនុស្ស​ធម៌​ជាទីបំផុត។​​ ​

ប្រមុខ​ការទូត​អ៊ីរ៉ង់​ លោក Hossein Amirabdollahian ។​
ប្រមុខ​ការទូត​អ៊ីរ៉ង់​ លោក Hossein Amirabdollahian ។​ AFP - LOUAI BESHARA
ផ្សាយពាណិជ្ជកម្ម

អ៊ីរ៉ង់​ និង​ សហរដ្ឋអាមេរិក បាន​ចរចាគ្នា​ដោះ​ដូរ​អ្នក​ទោស។ នេះបើតាម​ប្រភព​ពីទីភ្នាក់​ព័ត៌មាន​ Reuters ហើយ ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អ៊ីរ៉ង់ ក៏បាន​បញ្ជាក់ដែរថា ប៉ុន្មានថ្ងៃ​មកនេះ​ ​ប្រទេស​ទាំង​ពីរ​បាន​ពិគ្រោះពិភាក្សា​គ្នា​ ឈាន​ទៅ​ចុះ​កិច្ចព្រម​ព្រៀម​ដោះដូរ​​ទណ្ឌិត​។ ភាគី​​ អ៊ីរ៉ង់ គឺ​បាន​ត្រៀម​ខ្លួន​រួច​ស្រេច​ ហើយ​ប្រសិន​បើ​អ្វីៗ​ដំណើរការ​ទៅ​ល្អ ការ​ដោះដូរ​អ្ន​កទោស​រវាង​អ៊ីរ៉ង់​-និងអាមេរិក អាច​​នឹង​ប្រព្រឹត្តទៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​។ នេះបើតាម​ប្រសាសន៍របស់ប្រមុខ​ការទូត​អ៊ីរ៉ង់​ លោក Hossein Amirabdollahian ។​ ទោះយ៉ាង​នេះក្តី គេ​មិនទាន់​មាន​ចម្លើយតប ឬការ​អះអាង​​អ្វី​​ពី​សំណាក់​​​អាជ្ញាធរសហរដ្ឋ​​អាមេរិក​ ទេ នៅល្ងាច​ថ្ងៃ​សៅរ៍ ​។

តាម​ព័ត៌មា​នទីភ្នាក់​ងារ​ព័ត៌មាន​បារាំង​AFP គឺ​ភាគី ​អ៊ីរ៉ង យល់​ព្រម​ដោះលែងអ្នក​ទោស​អាមេរិក ដែល​ភាគច្រើន​ជា ​អ្នក​ជំនួញ  និងត្រូវ​អ៊ីរ៉ង​ចាប់ខ្លួន ហើយ​កាត់ទោស​ពីបទល្មើស​ពុករលួយ ឬបទ​ចារកម្ម ឬបទ​ប្រព្រឹត្តអំពើ​ភេរវកម្ម​ ជាដើម​។​ ​ជា​ថ្នូរ​ទៅវិញ  អ៊ីរ៉ង​ ​​ចង់​បាន​ការដក​ទណ្ឌកម្ម​ចំពោះ​មូលនិធិអ៊ីរ៉ង់ ​​យ៉ាង​ហោច ៧ ពាន់​លាន​ដុល្លារ ដែលត្រូវ​បង្កក​នៅ​ប្រទេស​កូរ៉េខាងត្បូង។ សាច់ប្រាក់​នោះ ត្រូវបង្កក​តាម​ទណ្ឌកម្មសេដ្ឋកិច្ច​​របស់​រដ្ឋបាល​ក្រុង​វ៉ាស៊ីន​តោន​។

ទន្ទឹម​គ្នា​នឹងដំណឹងចរចាដោះដូរអ្នកទោស តុលាការកំពូល​​អ៊ីរ៉ង់​ ក៏បាន​ប្រកាស​ នៅថ្ងៃ​សៅរ៍ ថា​បាន​កាត់​ទោស​ប្រហារ​ជីវិត​ចំពោះ​បុរសម្នាក់​ ​មាន​សញ្ជាតិ​ពីរ អ៊ីរ៉ង់-ស៊ុយអែត ឈ្មោះ​ ហាប៊ិប ឆាប់ ( Habib Chhab)។​​ បទចោទប្រកាន់​របស់​សាលា​ជម្រះ​ក្តី​អ៊ីរ៉ង់ គឺ​ទណ្ឌិត​រូបនេះ​ បាន​លូកដៃប្រព្រឹត្តអំពើ​រលួយ និង​ចូលរួម​សកម្មជាមួយ​ក្រុម​ឧទ្ទាម ហើយ​ធ្វើ​​អំពើ​​ភេវរកម្មជាច្រើនករណី។ ភ្លាមៗ​​ ពីក្រុងស្កុកខុម ប្រមុខ​ការទូត​ស៊ុយអែត លោកTobias Billstrom បាន​ប្រតិកម្មថា« ការ​កាត់ទោសប្រហារ​ជីវិត​​របស់​តុលាការ​អ៊ីរ៉ង់ គឺអមនុស្សធម៌​ ហើយ ​ស៊ុយអែត ក៏ដូចជា​ប្រទេស​រង្វង់​សហភាព​អឺរ៉ុប មិន​អាច​ទទួល​យក​បាន​ទាល់តែ​សោះ។​»

​​ អ៊ីរ៉ង់​ មិន​ទទួល​ស្គាល់​ការ​មាន​សញ្ជាតិពីរ​ទេ។ ក្នុង​ខែ​មករា​ អាជ្ញាធរ​អ៊ីរ៉ង់ ក៏​បាន​​ផ្តាច់ជីវិត បុរសម្នាក់​ សញ្ជាតិ​ពីរ អ៊ីរ៉ង់​-ស៊ុយអែត ដោយ​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​។ ​ក្នុងខែមីនា តុលាការរដ្ឋធានីក្រុង តេហេរ៉ង់ បានសម្រេចកាត់ទោសប្រហារជីវិត លើបុរសម្នាក់ សញ្ជាតិពីរ អ៊ីរ៉ង់-អាល្លឺម៉ង់ ពី«បទល្មើសប្រព្រឹត្តអំពើភេរវកម្ម»។ សព្វថ្ងៃនេះ យ៉ាង​ហោច​ណាស់ ជនជាតិបរទេស​ដើ​មកំណើត​​អ៊ីរ៉ង់ ឬ អ្នក​មាន​សញ្ជាតិ​ពីរ ចំនួន​ ១៦នាក់ កាន់​​​លិខិត​ឆ្លងដែន​បច្ចិមប្រទេស​ កំពុងតែ​ឃុំ​ខ្លួន នៅក្នុងពន្ធនាគារ​​ អ៊ីរ៉ង់។

ប៉ុន្មានខែចុងក្រោយនេះ អ៊ីរ៉ង់ បានដោះលែងអ្នកទោសស្រីម្នាក់ មានសញ្ជាតិអេស្ប៉ាញ និងបានទម្លាក់ចោទបទចោទប្រកាន់លើអ្នកទោសស្រីម្នាក់ទៀត មានសញ្ជាតិបារាំង ហើយក៏បានដោះដូរអ្នកទោសសញ្ជាតិប៊ែលស៊ិក ដ្បិតមានកិច្ចព្រមព្រៀងជាមួយគ្នា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ