អានតួអត្ថបទ
កាត់ទោសប្រហារជីវិត

តុលាការ​អ៊ីរ៉ង់ កាត់ទោស​ប្រហារជីវិត​សកម្មជន​អ្ន​កប្រឆាំង​ម្នាក់​ ​ ពី«បទ​ល្មើសភេរវកម្ម»

នៅ​អ៊ីរ៉ង់ ថ្ងៃអង្គារ៍ តុលាការ​រដ្ឋធានី​ក្រុង តេហេរ៉ង់ បា​នសម្រេច​កាត់ទោស​ប្រហារ​ជីវិត លើ​បុរសម្នាក់ ដែល​មាន​សញ្ជាតិ​ពីរ ​អ៊ីរ៉ង់-អាល្លឺម៉ង់ ពី​«បទ​ល្មើសប្រព្រឹត្ត​អំពើភេរវកម្ម»។ នេះបើតាម​ប្រភព​ស្និទ្ធ​​នឹង​ជន​ជាប់ចោទសង្ស័យ​។ ការចាប់ខ្លួនបុរស ជា​សកម្ម​ជន​ប្រឆាំងរូប​​​​នេះ បាន​ធ្វើឡើង​ទាំង​បង្ខំ ទម្រង់​​បែបដូចជា​​​«ចាប់​ជំរិត»​ពី​សំណាក់​អាជ្ញាធរ​អ៊ីរ៉ង់​ ហើយ​ការ​សម្រេច​កាត់ទោស​ផ្តាច់​ជីវិត​បែបនេះ គឺ​ជាការ​មិនអាច​ទទួល​បាន​ទាល់តែ​សោះ សម្រាប់​ប្រទេស​អាល្លឺម៉ង់​។

នៅអ៊ីរ៉ង់ ករណី​​កាត់ទោស​ប្រហារជីវិត ឬព្យួរក​ផ្តាច់​ជីវិតទៅលើ​អ្ន​កប្រឆាំង​នឹង​រដ្ឋអំណាច​ មិនមែន​ថ្មីទេ​។
នៅអ៊ីរ៉ង់ ករណី​​កាត់ទោស​ប្រហារជីវិត ឬព្យួរក​ផ្តាច់​ជីវិតទៅលើ​អ្ន​កប្រឆាំង​នឹង​រដ្ឋអំណាច​ មិនមែន​ថ្មីទេ​។ REUTERS - KAI PFAFFENBACH
ផ្សាយពាណិជ្ជកម្ម

សកម្មជន​ប្រឆាំង​រដ្ឋអំណាច​អ៊ីរ៉ង់​ដ៏​លិចធ្លោ លោក ចាំស៊ីដ ស្ហារមាដ (Jamshid Sharmahd) បាន​រត់ភៀស​ខ្លួន​ទៅដល់​ស្រុក​អាល្លឺម៉ង់ នៅ​ទសវត្សរ៍​១៩៨០ និងទទួល​បាន​សញ្ជាតិ​អាល្លឺម៉ង់ មុន​នឹង​សម្រេ​ចចិត្ត នៅ​ឆ្នាំ២០០៣​ បន្ត​ដំណើរ​ជីវិត ​នៅ​សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក​នោះហើយ ដែល​ត្រូវ ពួក​ក្រុមកម្លាំង​​សម្ងាត់អ៊ីរ៉ង់ លួច​ចាប់ជំរិត រួច​បញ្ជូន​ខ្លួន​មកអ៊ីរ៉ង់ តាមរយៈ​ព្រលាន​យន្ត​ ឌុយប៉ៃ។ ប្រតិបត្តិការពិសេស​ ចាប់ខ្លួន​យ៉ាង​សម្ងាត់​នេះ គឺស្មុគស្មាញខ្លាំង និងត្រូវ​ អាជ្ញាធរអ៊ីរ៉ង់​ប្រកាស​ពី​ភាព​ជោគជ័យ នៅឆ្នាំ​២០២០​កន្លងទៅ​។ ដំណឹងអកុសល​ សាលក្រម​ប្រហារ​ជីវិត លើរូបលោក​ ធ្លាក់​នៅថ្ងៃទី​២១​កុម្ភៈ​។​

ការ​កាត់ទោស​ប្រហារ​ជីវិត​នេះ គឺ​ បន្ទាប់ពី​ សហភាព​អឺរ៉ុប បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បន្ថែម ទៅលើ​រដ្ឋមន្ត្រីអ៊ីរ៉ង់ ​២នាក់ និង​ បុគ្គល​មាន​អំណាច​មាន​លុយ​​គ្រាក់ៗ ១៦នាក់ ទៀត ដែល​ស្និទ្ធ​នឹង​រដ្ឋអំណា​ច​អ៊ីរ៉ង់។ ពួក​គេទាំង​នោះ ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​បង្ហូរ​ឈាម​ទៅលើ​ក្រុម​​បាតុករ​អ៊ី​រ៉ង់​។

នៅអ៊ីរ៉ង់ ករណី​​កាត់ទោស​ប្រហារជីវិត ឬព្យួរក​ផ្តាច់​ជីវិតទៅលើ​អ្ន​កប្រឆាំង​នឹង​រដ្ឋអំណាច​ មិនមែន​ថ្មីទេ​។ ខែ​មករាថ្មីៗនេះ អាជ្ញាធរ​អ៊ីរ៉ង់ បាន​​ផ្តាច់ជីវិត បុរសម្នាក់​ សញ្ជាតិ​ពីរ អ៊ីរ៉ង់​-ស៊ុយអែត ដោយ​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​។ បុរសម្នាក់ទៀត កាន់​​សញ្ជាតិពីរ អ៊ីរ៉ង់-ស៊ុយអែត ដែរ ក៏កំពុងតែ​ប្រឈម​មុខ​នឹងការ​សម្រេច​​ព្យួរក ។

អ៊ីរ៉ង់​ មិន​ទទួល​ស្គាល់​ការ​មាន​សញ្ជាតិពីរ​ទេ។ សព្វថ្ងៃនេះ យ៉ាង​ហោច​ណាស់ ជនជាតិបរទេស​ដើ​មកំណើត​​អ៊ីរ៉ង់ ឬ អ្នក​មាន​សញ្ជាតិ​ពីរ ចំនួន​ ១៦នាក់ កាន់​​​លិខិត​ឆ្លងដែន​បច្ចិមប្រទេស​ កំពុងតែ​ឃុំ​ខ្លួន នៅក្នុងពន្ធនាគារ​​ អ៊ីរ៉ង់​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ