អានតួអត្ថបទ

អាមេរិកនិងអឺរ៉ុបថ្កោលទោសអំពើហិង្សារបស់និគមអ៊ីស្រាអែលនៅស៊ីហ្សកដានី

ប្រទេសសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល ដូចជា​អាមេរិក​និងសហភាពអឺរ៉ុប​បាន​ប្រកាស​ថ្កោលទោស​យ៉ាងដាច់ណាត់​ការប្រព្រឹត្តអំពើហិង្សា​របស់​និគមអ៊ីស្រាអែល​ទៅលើ​ប្រជាជនប៉ាឡេស្ទីន​ក្នុង​ទឹកដី​ស៊ីហ្សកដានី។ តំបន់ស៊ីហ្សកដានី​របស់​ប៉ាឡេស្ទីនត្រូវ​អ៊ីស្រាអែល​រំលោភឈ្លានពាន​យកមកកាន់កាប់ដោយខុសច្បាប់អន្តរជាតិតាំងពី​ឆ្នាំ​១៩៦៧ និង​ជួបរលកហិង្សាកាន់តែច្រើន បង្កឡើងដោយ​និគមជនអ៊ីស្រាអែល គិតចាប់តាំង​ពី​អ៊ីស្រាអែលប្រកាស​សង្រ្គាម​វាយប្រហារទៅលើ​ក្រុមហាម៉ាស​ក្នុងទឹកដីហ្កាហ្សា។

និគមជនអ៊ីស្រាអែល​បំពាក់ដោយអាវុធ​ឈរយាម​ក្បួនដើរសំដៅទៅ​តំបន់​ដែល​រដ្ឋាភិបាល​ហាមឃាត់មិនឲ្យមានការសាងសង់នៅក្នុងទីកដី​ស៊ីហ្សកដានី​របស់​ប៉ាឡេស្ទីន
និគមជនអ៊ីស្រាអែល​បំពាក់ដោយអាវុធ​ឈរយាម​ក្បួនដើរសំដៅទៅ​តំបន់​ដែល​រដ្ឋាភិបាល​ហាមឃាត់មិនឲ្យមានការសាងសង់នៅក្នុងទីកដី​ស៊ីហ្សកដានី​របស់​ប៉ាឡេស្ទីន AP - Ariel Schalit
ផ្សាយពាណិជ្ជកម្ម

ខណៈពេល​ដែលប្រជាជន​ប៉ាឡេស្ទីន​ជាង​២លាននាក់​នៅក្នុង​តំបន់​ហ្កាហ្សា​ជួបទុក្ខវេទនា​ដោយសារ​ការទម្លាក់គ្រាប់បែក ការវាយប្រហារ​របស់​​កងទ័ព​អ៊ីស្រាអែល​ទៅលើ​​ក្រុមហាម៉ាស​ប៉ាឡេស្ទីន​ក្នុងទឹកដី​ហ្កាហ្សា ​ ប្រជាជន​នៅក្នុង​តំបន់​ស៊ីហ្សកដានីទឹកដីមួយទៀត​របស់ប៉ាឡេស្ទីន​ដែលត្រូវ​អ៊ីស្រាអែល​ដណ្តើម​កាន់កាប់តាំងពី​ឆ្នាំ​១៩៦៧ ​ដោយ​រំលោភច្បាប់អន្តរជាតិ​ ក៏កំពុងរងគ្រោះដោយសារ​ការធ្វើទុក្ខបុកម្នេញពីសំណាក់​ក្រុមនិគមជនអ៊ីស្រាអែល។

សង្រ្គាមអ៊ីស្រាអែលនិងពួកហាម៉ាស​កំពុងអុជ បង្កឲ្យមានភាពតានតឹងខ្លាំង​នៅ​ព្រំដែន​អ៊ីស្រាអែលជាមួយប្រទេស​លីបង់ និង​នៅ​តំបន់​ស៊ីហ្សកដានី ជាទីដែលអំពើហិង្សា​រវាង​​កងកម្លាំងរក្សាសន្តិសុខនិងក្រុមនិគមជនអ៊ីស្រាអែលជាមួយ​ប្រជាជនប៉ាឡេស្ទីន​កើនឡើងក្នុងកម្រិតមួយ​គួរ​ឲ្យព្រួយបារម្ភ។ តាមអាជ្ញាធរ​ប៉ាឡេស្ទីន ចាប់តាំងពី​បើកសង្រ្គាមវាយប្រហារ​ទៅលើតំបន់ហ្កាហ្សា កងទ័ព​អ៊ីស្រាអែលដែលភ័យខ្លាច​ការងើបបះបោរ​របស់​ប្រជាជន​ប៉ាឡេស្ទីន​ ​បាន​បិទខ្ទប់​ រារាំងការធ្វើដំណើរចេញចូលរបស់ប្រជាជន​នៅ​តំបន់​ស៊ីហ្សកដានី ចំណែក​ក្រុមនិគមជនអ៊ីស្រាអែល​ដែល​ចូលទៅបង្កើតសំណង់ខុសច្បាប់​ក្នុងទឹកដីស៊ីហ្សកដានី​ឆ្លៀតឱកាសប្រព្រឹត្តអំពើហិង្សាសម្លាប់មនុស្ស វាយបណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីភូមិផ្ទះសម្បែង​។

នៅថ្ងៃអង្គារ​ ដើមសប្តាហ៍នេះ កងទ័ពអ៊ីស្រាអែល​បាន​បំផ្លាញផ្ទះមួយខ្នងនៅ​ស៊ីហ្សកដានី ដែលជា​កម្មសិទ្ធិ​របស់​អ្នកទទួលខុសត្រូវ​ម្នាក់​របស់​ក្រុមហាម៉ាស និង​បាញ់រះលើ​ក្រុមមនុស្ស​គប់ដុំថ្មសំដៅរារាំង​បេសកកម្ម​របស់​ទាហានអ៊ីស្រាអែល។

តាម​អាជ្ញាធរ​ប៉ាឡេស្ទីន ប្រជាជន​ប៉ាឡេស្ទីន​១២៥នាក់ស្លាប់​ដោយ​គ្រាប់កាំភ្លើង​របស់ទាហាន​ និង​ក្រុមនិគមជនអ៊ីស្រាអែល​ គិតចាប់តាំងពីថ្ងៃទី​៧​តុលា ថ្ងៃ​ដែល​ក្រុមហាម៉ាស​បើកការវាយប្រហារ​ទ្រង់ទ្រាយធំ​ចូលទៅសម្លាប់​មនុស្ស​ជាង​១៤០០នាក់​នៅអ៊ីស្រាអែល និងចាប់មនុស្ស​ជាង​២០០នាក់ធ្វើជាចំណាប់ខ្មាំង។

​មន្រ្តីអង្គការសហប្រជាជាតិ​ទទួលបន្ទុកសម្រាប់កិច្ចការប៉ាឡេស្ទីន អំពើហិង្សាសម្លាប់មនុស្ស​រវាង​ប៉ាឡេស្ទីន និងអ៊ីស្រាអែល​រមែងកើតមានជាហូរហែ ប៉ុន្តែ នៅក្នុង​រយៈពេល​៣សប្តាហ៍ គិតចាប់តាំង​ពី​ផ្ទុះសង្រ្គាមអ៊ីស្រាអែលនិងហាម៉ាស ចំនួន​ប្រជាជនប៉ាឡេស្ទីន​ត្រូវ​ក្រុមនិគមជនអ៊ីស្រាអែលបាញ់សម្លាប់​បាន​កើនឡើង​ទ្វេដង។ ទាំងរដ្ឋាភិបាលអ៊ីស្រាអែល និង​អ្នកតំណាងនិគមជនអ៊ីស្រាអែល​នៅ ស៊ីហ្សកដានី​បដិសេធ​ការចោទប្រកាន់ ដោយ​ថា ពួកគេ​មិនដឹងរឿងអ្វីឡើយ។ ជាញយដង ក្រុមនិគមជនអ៊ីស្រាអែល​តែងទម្លាក់កំហុសទៅលើ​កងទ័ពអ៊ីស្រាអែលថា ជា​អ្នកបើកប្រតិបត្តិការទៅលើជនជាតិប៉ាឡេស្ទីន។ ប្រជាជនប៉ាឡេស្ទីន​មួយចំនួន​បញ្ជាក់ថា នៅរាល់ពេលចុះបាញ់រះ បំផ្លាញផ្ទះប្រជាជនប៉ាឡេស្ទីន ​ក្រុមនិគមជនអ៊ីស្រាអែលតែងមាន​ទាហានអ៊ីស្រាអែល​ចុះអមការពារជានិច្ច។

នៅចំពោះមុខនៃការកើនឡើងអំពើហិង្សាសម្លាប់មនុស្ស​ដែលជា​ស្នាដៃ​របស់​ក្រុមនិគមជនអ៊ីស្រាអែល​នៅ ស៊ីហ្សកដានី អាមេរិកនិង​សហភាពអឺរ៉ុប​ដែលជាសម្ព័ន្ធមិត្ត​របស់​អ៊ីស្រាអែល​បាន​ចេញមុខ​ថ្កោលទោស​និងទាមទារ​ឲ្យ​រដ្ឋាភិបាល​អ៊ីស្រាអែល​ទប់ស្កាត់ជាបន្ទាន់ បើសិន​មិនចង់​ជួបសង្រ្គាមបាចសាចដ៏គ្រោះថ្នាក់។ នៅថ្ងៃពុធ វ៉ាស៊ីនតោន​តាមរយៈ​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស ​អះអាងថា ខ្លួន​បាន​ផ្ញើសារច្បាស់ៗ​ទៅ​រដ្ឋាភិបាល​អ៊ីស្រាអែលដែលថា ការវាយប្រហារ​របស់​ក្រុមនិគមជនអ៊ីស្រាអែល​គឺជារឿង​ដែលមិនអាចទទួលយកបាន។ សម្រាប់មន្រ្តីអាមេរិក អំពើហិង្សា​របស់​និគមជនអ៊ីស្រាអែល​ទៅលើ​ប្រជាជនប៉ាឡេស្ទីន មិនត្រឹម​បង្កគ្រោះថ្នាក់​សម្រាប់​សន្តិសុខ​រយៈពេលវែងរបស់អ៊ីស្រាអែល​ ប៉ុន្តែ​វា​បង្កើតរឿងអយុត្តិធម៌​កាន់តែខ្លាំងសម្រាប់ប្រជាជនប៉ាឡេស្ទីនក្នុងទឹកដីស៊ីហ្សកដានី។

បើតាម​អ្នកនាំពាក្យ​របស់​សហភាពអឺរ៉ុប​ទទួលបន្ទុកកិច្ចការបរទេស លោក​Peter Stano អ៊ីស្រាអែល​ត្រូវតែ​កាតព្វកិច្ច​ការពារប្រជាជនប៉ាឡេស្ទីន​នៅ​ស៊ីហ្សកដានីនៅចំពោះមុខ​ការប្រព្រឹត្តអំពើហិង្សា​របស់​ក្រុមនិគមជនអ៊ីស្រាអែល។

អំពើហិង្សាប្រដាប់អាវុធ​បង្កឡើង​ដោយ​ក្រុមនិគមជនអ៊ីស្រាអែលកើនឡើង​ចំនួន​ដោយ​មកពីមូលហេតុសំខាន់​២។ ទី១ ក្រុមនិគមជនអ៊ីស្រាអែលឆ្លៀតឱកាស​ដែល​អាជ្ញាធរ កងទ័ពជាប់រវល់​ក្នុងសមរភូមិ ដើម្បី​ប្រព្រឹត្តអំពើហិង្សាបណ្តេញ​ប្រជាជន​ប៉ាឡេស្ទីន​ ដណ្តើមយកដីពង្រីកសំណង់អាណានិគមកិច្ចរបស់ខ្លួន។ ទី២ ក្រុមនិគមជនអ៊ីស្រាអែល​បានទទួលការលើកទឹកចិត្ត​ពី​មន្រ្តីរដ្ឋាភិបាល​មកពីក្រុមស្តាំនិយមជ្រុល​។ ថ្មីៗនេះ រដ្ឋមន្រ្តីសន្តិសុខជាតិអ៊ីស្រាអែលមកពីក្រុមស្តាំនិយមជ្រុល​ លោក​Ben-Gvir​ដែលមានផ្ទះសង់ក្នុង​តំបន់អាណានិគមកិច្ច​នៅ ស៊ីហ្សកដានី​បានបញ្ជាឲ្យគេ​ទិញ​កាំភ្លើងពាក់កណ្តាល​ស្វ័យប្រវត្តិ​១ម៉ឺនដើម​ដើម្បីបំពាក់​ប្រជាជន​ស៊ីវិល ​រួមទាំង​ក្រុមនិគមជនអ៊ីស្រាអែល។ នៅពាក់កណ្តាល​ខែ​តុលា លោកអះអាងថា កាំភ្លើងជាង​៩០០ដើមត្រូវបានចែកចាយ​ទៅឲ្យប្រជាជន​ដែលរស់នៅភាគខាងជើង​តំបន់​ស៊ីហ្សកដានី​ក្បែរ​ព្រំដែនជាមួយលីបង់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ