អានតួអត្ថបទ
សង្គ្រាមហ្កាហ្សា

អ៊ីស្រាអែល​ពង្រីក​ប្រតិបត្តិការ​យោធា​នៅ​ហ្កាហ្សា តែ​លេច​ដំណឹង​ព្រមផ្អាក​បាញ់

អ៊ីស្រាអែល សហរដ្ឋ​អាមេរិក​និង​ហាម៉ាស ទំនង​ជា​បាន​យល់​ព្រម​គ្នា​ ​ផ្អាក​បាញ់​ជា​គោលការណ៍​ដើម្បី​ដោះដូរ​ចំណាប់​ខ្មាំង។ នេះ​បើ​តាម​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​ Washington Post។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ​អ៊ីស្រាអែល​បាន​ប្រកាស​ពង្រីក​ប្រតិបត្តិការ​​យោធា​ កាន់​តែ​ធំ​ឡើង​ នៅ​ក្នុង​តំបន់​ហ្កាហ្សា។

​អ៊ីស្រាអែល​ពង្រីក​ប្រតិបត្តិការ​យោធា​នៅ​ហ្កាហ្សា
​អ៊ីស្រាអែល​ពង្រីក​ប្រតិបត្តិការ​យោធា​នៅ​ហ្កាហ្សា REUTERS - ALEXANDER ERMOCHENKO
ផ្សាយពាណិជ្ជកម្ម

យោធា​អ៊ីស្រាអែល​បានប្រកាស​​បន្ត​ពង្រីក​ប្រតិបត្តិការ​​ក្នុង​តំបន់ភាគ​ខាង​ជើង​ហ្កាហ្សា​ ដោយ​​ដៅ​លើសង្កាត់​ថ្មីៗ​ទៀតនៅ​​ថ្ងៃសោរ៍​ទី​១៨​វិច្ឆិកា​ម្សិលមិញ​ ដូច​ជា​សង្កាត់​Jabaliya និង​ Zaytoun។ បើតាម​រូបភាព​បង្ហោះ​តាម​បណ្តាញ​សង្គម​ដែលទីភ្នាក់ងារ​សារព័ត៌មាន​បារាំងAFP ​អាច​​ផ្ទៀង​ផ្ទាត់បាន​ គេ​ឃើញ​មនុស្ស​ស្លាប់ ខ្លះរបួស​​ប្រលាក់​សុទ្ធ​តែ​ឈាម ​នៅក្នុង​សាលា​រៀន​al-Fakhoura។ សាលា​al-Fakhoura ស្ថិត​នៅក្នុង​​ជំរំ​ជនភៀសខ្លួនJabaliya ​គ្រប់​គ្រង​ដោយ​អង្គការ​សហប្រជាជាតិ​ ​រង​ការ​បាញ់​ប្រហារ​ពី​សំណាក់​យោធា​អ៊ីស្រាអែល​ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​ហោច​៨០នាក់។ នេះ​បើ​តាម​ក្រសួង​សុខាភិបាល​ហាម៉ាសនៅ​ហ្កាហ្សា​ដែល​បញ្ជាក់​ទៀត​ថា​ ការ​វាយប្រហារ​ទីពីរ​ដៅ​ចំ​លើ​អាគារ​លំនៅឋាន​នៅ​សង្កាត់​Jabaliya ដដែល​ ស្លាប់​៣២​នាក់​ក្នុងនោះ​១៩នាក់​ជា​កុមារ។

ចំណែក​នៅ​មន្ទីរពេទ្យ​al-Chifaដ៏​ធំ​ជាង​គេ​នៅហ្កាហ្សា​វិញ បាន​​ក្លាយ​ជា​ជំរំ​មរណៈទៅ​ហើយ។ នេះ​ជា​ពាក្យ​របស់អង្គការ​សុខភាពពិភពលោក​ដែល​ចុះ​ទៅ​បំពេញ​បេសកកម្ម​បាន​​មួយ​ម៉ោង​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ។ អង្គការ​សុខភាពពិភពលោក​និង​ដៃ​គូ​បាន​ស្នើ​សុំ​ឱ្យ​មានផែន​​ការជម្លៀស​​បន្ទាន់ ក្រុម​គ្រូពេទ្យ២៥​នាក់និងអ្នក​ជំងឺនៅ​សេសសល់​ប្រមាណ​២៩១​នាក់ដែល​​សុទ្ធ​តែ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ខ្លាំង​ ​ទៅ​កាន់​​មន្ទីរពេទ្យផ្សេង​ទៀត​របស់​ហ្កាហ្សា​។ មន្ទីរ​ពេទ្យ​al -Chifaលែង​មាន​ទឹក មាន​ភ្លើង មាន​ថ្នាំ​ និង​សម្ភារៈ​បរិកា្ខរ​សម្រាប់​ព្យាបាល​ជំងឺ​ទៅហើយ។  ​​សម្រាប់​យោធា​អ៊ីស្រាអែល​ដែល​បើក​យុទ្ធនាការ​វាយសម្រុក​​តាំងពី​ថ្ងៃ​ពុធមក​ លើ​មន្ទីរពេទ្យ​អាល់ជីហ្វា ព្រោះក្បាល​ម៉ាស៊ីន​ដឹកនាំ​ហាម៉ាស លាក់​ខ្លួន​ក្នុង​បណ្តាញ​រូង​ក្រោម​ដី​មន្ទីរ​ពេទ្យ​នេះ។

អ៊ីស្រាអែល​បាន​សម្រេចបិទ​ខ្ទប់ហ្កាហ្សា​​ទាំងស្រុង​​តាំងពី​ថ្ងៃទី​៩​តុលា​ និង​សច្ចា​កម្ចាត់​ពួក​ហាម៉ាស​ឱ្យ​អស់​​ ហើយ​​នាំ​ចំណាប់​ខ្មាំង​ទាំង​២៤០​នាក់​មក​វិញ​​។ តែ​បើ​តាម​កាសែត​Washington Post ដែល​សំអាង​លើ​ប្រភព​ស្និទ្ធ​នឹង​សំណុំ​រឿង អ៊ីស្រាអែល​ សហរដ្ឋ​អាមេរិក​និង​ហាម៉ាស​បាន​រក​ឃើញ​កិច្ច​ព្រមព្រៀង​គ្នា​ជា​គោលការណ៍​ ដោះដូរ​អ្នក​ទោស​ជា​ថ្នូរ​នឹង​ការ​ផ្អាក​បាញ់​៥​ថ្ងៃ នៅ​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ព្រមទាំង​ជំនួយ​មនុស្សធម៌​ដ៏​សម្បើម​ផង។ តាម​គម្រោង​កិច្ចព្រមព្រៀង​ ​ការ​ដោះលែង​ប្រព្រឹត្ត​ជា​ដំណាក់ៗ​និង​ជា​ក្រុមតូចៗ ជា​រៀង​រាល់​ថ្ងៃ ដោយនៅ​​ថ្ងៃ​ដំបូងនឹង​មាន​ការ​ដោះលែង​ចំណាប់​ខ្មាំង​ប្រមាណ​៥០នាក់។ នេះ​បើ​តាម​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​ដដែល។ ​ប៉ុន្តែ​អ្នក​នាំពាក្យ​សេតវិមាន​បាន​ចេញ​មក​បដិសេធ​ពាក្យ​ចចាម​អារាម​នេះ​ ដោយ​អះអាង​ថា អាមេរិក​កំពុង​បន្ត​ព្យាយាម​ចរចាខ្លាំង​ណាស់​​ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​រវាង​អ៊ីស្រាអែល​និង​ហាម៉ាស ស្តី​ពី​បញ្ហា​ចំណាប់​ខ្មាំង គ្រាន់​តែ​​ក្នុង​ដំណាក់កាល​នេះ​ពុំ​ទាន់​មានលទ្ធផល​​អ្វី​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ