អានតួអត្ថបទ
សង្គ្រាមហ្កាហ្សា

សង្គ្រាមហ្កាហ្សា៖​ ទាហាន​អ៊ីស្រាអែលវាយ​លុក​ចូលដល់​មន្ទីរ​ពេទ្យ​​ធំal Chifa​របស់ហ្កាហ្សា

នៅថ្ងៃពុធ​ទី ១៥​វិច្ឆិកា​២០២៣​នេះ ទាហាន​អ៊ីស្រាអែល​បានវាយ​​ចូល​ទៅ​ដល់​មន្ទីរ​ពេទ្យal Chifa ​ដ៏​ធំ​ជាង​គេ​បំផុត​ប្រចាំ​តំបន់​ហ្កាហ្សា​ ដែល​មាន​ពលរដ្ឋ​ភៀស​ខ្លួន​ប៉ាឡេស្ទីន​រាប់​ពាន់​នាក់​កំពុង​សំងំ​ជ្រក​កោន​។ ប៉ុន្តែ​សម្រាប់យោធា​​អ៊ីស្រាអែល​ មាន​មូលដ្ឋាន​យុទ្ធសាស្ត្រ​របស់​ក្រុមប្រដាប់​អាវុធ​ហាម៉ាស​តាំង​នៅក្នុង​មន្ទីរ​ពេទ្យ​នេះ។

ជន​ស៊ីវិល​ប៉ាឡេស្ទីន​នៅ​មុខ​ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​ធំ​ al Chifa នៅ​ហ្កាហ្សា
ជន​ស៊ីវិល​ប៉ាឡេស្ទីន​នៅ​មុខ​ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​ធំ​ al Chifa នៅ​ហ្កាហ្សា AFP - -
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ថ្ងៃ​ទី​៤០​នៃ​សង្គ្រាមកម្ទេច​​ពួក​ហាម៉ាស​​នៅហ្កាហ្សា ទាហាន​អ៊ីស្រាអែល​បាន​បើក​ប្រតិបត្តិការស៊ីប​​ដៅ​លើពួក​ហាម៉ាស​ ត្រង់​​មន្ទីរ​ពេទ្យ​អាល់ជីហ្វា​ ដ៏​ធំ​ជាង​គេ​ដែល​ស្ថិត​នៅភាគ​ខាង​ជើង​តំបន់​ហ្កាហ្សា។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​អ៊ីស្រាអែល។

បន្ទាប់​ពី​រង​ការ​ឡោម​ព័ទ្ធ​ និង​ប្រយុទ្ធ​តតាំង​ជាមួយ​ក្រុម​ប្រដាប់​អាវុធ​ហាម៉ាស​នៅសង្កាត់​ជុំ​វិញ​មន្ទីរ​ពេទ្យ​ អស់​​​ជា​ច្រើន​ថ្ងៃ​មក នៅ​ថ្ងៃពុធ​ទី​១៥​វិច្ឆិកា​ ទាហាន​និង​កង​កម្មង់ដូ​អ៊ីស្រាអែល​រាប់​សិប​នាក់​បាន​សម្រុក​ចូល​ទៅ​ដល់​ក្នុង​មន្ទីរ​ពេទ្យអាល់ជីហ្វា​តែ​ម្តង​ និង​បាន​បញ្ជា​ឱ្យ​ជនប៉ាឡេស្ទីន​ព្រម​​ចុះ​ចូល។ ក្មេង​ចាស់​ប្រុសស្រី​​ចាប់​ពី​អាយុ​១៦​ឆ្នាំ​ឡើង​ទៅ​ទាំង​អស់​ ត្រូវ​ដើរ​ចេញពីកន្លែង​លាក់​ខ្លួន​ទៅ​ទីធ្លា​ខាង​ក្នុង​របស់​មន្ទីរ​ពេទ្យ​ ដោយ​លើក​ដៃ​ឡើង​លើ ជា​សញ្ញា​សុំ​ចុះ​ចាញ់។ ​ដោយ​​បាញ់​ឡើង​លើ​ ទាហានអ៊ីស្រាអែល​ខ្លះ​ពាក់​មួក​​បាំង​មុខ​សល់​តែ​ប្រលោះ​ភ្នែក បានរុក​​រុលក្នុង​មន្ទីរ​ពេទ្យ​ ​ពី​បន្ទប់​មួយ​ទៅ​បន្ទប់​មួយ​ ពីផ្នែក​មួយ​ទៅផ្នែក​មួយ​ ចោទ​សួរ​បុគ្គលិក​ពេទ្យ អ្នក​ជំងឺ និង​គ្រូពេទ្យ ព្រមទាំង​​ឆែក​ឆេរ​លើ​ខ្លួន​ស្រ្តី​និង​កុមារ ​ទំនង​ដើម្បី​ស្វែង​រក​ពួក​ហាម៉ាសបង្កប់​ខ្លួន​។

នៅ​ខាង​ក្រៅ ​កងរថក្រោះ​និង​រថពាស​ដែកអ៊ីស្រាអែល​ដែល​ឡោម​ព័ទ្ធ​មន្ទីរ​ពេទ្យ​តាំង​ពី​ពីរ​បី​ថ្ងៃ​មក​ហើយ​នោះ ​បាន​ចូល​ទៅដល់​ផ្នែក​ខាង​ក្នុង​នៃ​មន្ទីរពេទ្យ រួចចត​នៅ​គ្រប់​​ច្រក​ចូល​​កន្លែង​សង្គ្រោះ​បន្ទាន់ និង​នៅផ្នែក​ផ្សេងៗ​ទៀត។

ដោយ​ថត​បង្ហោះ​បង្ហាញ​អំពី​បណ្តាញ​និង​ជម្រក​រូង​ក្រោម​ដី​ក្នុង​បរិវេណ​មន្ទីរពេទ្យ​ យោធា​អ៊ីស្រាអែល​យល់​ថា​មន្ទីរ​ពេទ្យ​អាល់​ជីហ្វា​ជា​ជម្រក​រចនាសម្ព័ន្ធ​យុទ្ធសាស្ត្រ​របស់​ចលនា​ហាម៉ាស​ដែល​យក​ពលរដ្ឋ​ស៊ីវិល​ជា​ខែល​ការពារ​។ តែ​ទាហានអ៊ីស្រាអែល​​​បាន​បញ្ជូន​ក្រុម​ពេទ្យ​ចេះ​និយាយ​ភាសា​អារ៉ាប់និង​បាន​ទទួល​ការ​ហាត់​ហ្វឹក​ហ្វឺនពិសេស​​មក​ជួយ​ព្យាបាល​ដើម្បី​កុំ​ឱ្យ​ហាម៉ាសបន្លំ​​ប្រើ​អ្នក​ជំងឺ​ជា​ខែល​បាន។ សេតវិមាន​ក៏​បាន​អះអាង​ដូច​គ្នា​កាលពី​ថ្ងៃអង្គារ​ថា​ពួក​ហាម៉ាស​និងជីហាត​អ៊ីស្លាមជា​សម្ព័ន្ធមិត្ត​ មាន​ទី​បញ្ជាការ​និងទី​ចាត់​ការ នៅ​​​មន្ទីរ​ពេទ្យ​អាល់ជីហ្វានេះ។ ​

ប៉ុន្តែ​ចលនា​អ៊ីស្លាម​​ជ្រុល​និយមហាម៉ាស​​​និង​ក្រសួង​សុខាភិបាល​នៅ​ហ្កាហ្សា​បាន​បដិសេធ​​ជា​ផ្លូវការ​ពាក្យ​ចោទ​របស់​អ៊ីស្រាអែល​និង​ទាមទារ​ឱ្យមាន​​គណៈកម្មការ​អង្កេត​អន្តរជាតិ​ចុះមក​ពិនិត្យ​ផ្ទាល់។ អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ​ត្រូវ​តែ​ធ្វើ​អន្តរាគមន៍​ភ្លាម​ដើម្បី​បញ្ចប់​ប្រតិបត្តិការ​យោធា​​អ៊ីស្រាអែល​​ក្នុង​មន្ទីរពេទ្យ។ នេះជាសម្រែក​របស់​​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៅ​ហ្កាហ្សាដោយ​បញ្ជាក់​បន្ថែម​ថាមាន​សព​យ៉ាង​ហោច​ណាស់​​​១៧៩​នាក់ត្រូវ​បាន​​កប់​ក្នុង​ផ្នូរ​រួម។​ បើ​តាម​អង្គការ​សហប្រជាជាតិ មាន​មនុស្ស​ប្រមាណ​២៣០០​នាក់ ជា​អ្នក​ជំងឺ ជា​គ្រូពេទ្យ​និង​អ្នក​ភៀសខ្លួន​សង្គ្រាមកំពុង​ជ្រក​កោន​ក្នុង​មន្ទីរពេទ្យ​ក្នុង​លក្ខខណ្ឌ​ដ៏​លំបាក​លំបិន​បំផុត​ គ្មាន​ទឹក​គ្មាន​ភ្លើង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ