អានតួអត្ថបទ

ពួកហាម៉ាស និងអ៊ីស្រាអែលបានអនុវត្តដំណាក់កាលទី១នៃការដោះដូរចំណាប់ខ្មាំង និងអ្នកទោស

ការ​ផ្អាក​បាញ់​មនុស្សធម៌​ចំនួន ៤ថ្ងៃ​រវាង​អ៊ីស្រាអែល និង​ពួក​ហាម៉ាស​បាន​ចូល​ជា​ធរមាន​នា​ព្រឹក​ថ្ងៃ​សុក្រ ទី២៤ វិច្ឆិកា។ ការ​ទម្លាក់​ចុង​កាណុង​កាំភ្លើង​ចុះ​នេះ​បាន​ធ្វើ​ឡើង​ស្រប​តាម​កិច្ចព្រមព្រៀង​ដែល​អ៊ីស្រាអែល និង​ហាម៉ាស​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ពុធ ទី២២ វិច្ឆិកា​ដោយ​មាន​ប្រទេស​កាតា​ជា​អន្តរការី។ នេះ​ជា​លើកទី១ គិត​តាំង​ពី​ថ្ងៃទី៧ តុលា​ដែល​តំបន់​ហ្កាហ្សា​បាន​ស្គាល់​ភាព​ស្ងប់ស្ងាត់​គ្មាន​ការ​ទម្លាក់​គ្រាប់បែក​ពី​ទាហាន​អ៊ីស្រាអែល។

ពួកហាម៉ាស និងអ៊ីស្រាអែលបានអនុវត្តដំណាក់កាលទី១នៃការដោះដូរចំណាប់ខ្មាំង និងអ្នកទោស ថ្ងៃទី២៤ វិច្ឆិកា។
An International Red Cross vehicle reportedly carrying hostages released by Hamas crosses the Rafah border point in the Gaza Strip towards Egypt from where they would be flown to Israel to be reunited with their families, on November 24, 2023. After 48 days of gunfire and bombardment that claimed thousands of lives, a four-day truce in the Israel-Hamas war began on November 24 with 50 hostages set to be released in exchange for 150 Palestinian prisoners. (Photo by MOHAMMED ABED / AFP) AFP - MOHAMMED ABED
ផ្សាយពាណិជ្ជកម្ម

តាម​កិច្ចព្រមព្រៀង​រវាង​អ៊ីស្រាអែល និង​ពួក​ហាម៉ាស ការ​ផ្អាក​បាញ់​មនុស្សធម៌​ចំនួន ៤ថ្ងៃ​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ចំណាប់ខ្មាំង​ចំនួន ៥០នាក់​ពី​ខាង​ពួក​ហាម៉ាស និង​ការ​ដោះលែង​អ្នកទោសប៉ាឡេស្ទីន​ចំនួន ១៥០នាក់​ពី​ខាង​អ៊ីស្រាអែល។ តែ​ការ​ដោះលែង​ចំណាប់ខ្មាំង និង​ការ​ដោះលែង​អ្នកទោស​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ជា​ដំណាក់កាល។ ដំណាក់កាល​ទី១ បាន​ចាប់​ផ្តើម​នៅ​រសៀល​ថ្ងៃ​សុក្រ ទី២៤ វិច្ឆិកា​ដោយ​ពួក​ហាម៉ាស​បាន​ដោះលែង​ចំណាប់ខ្មាំង​ជនជាតិ​អ៊ីស្រាអែល​ចំនួន ១៣នាក់ ក្នុង​នោះ​ជា​ស្រ្តី និង​កូនក្មេង។

ដំបូង ពួក​ហាម៉ាស​បាន​ប្រគល់​ចំណាប់ខ្មាំង​ជនជាតិ​អ៊ីស្រាអែល​ទាំង ១៣នាក់​ទៅ​ឲ្យ​កាកបាទក្រហមអន្តរជាតិ​នៅ​ច្រក​ព្រំដែន​រវាង​តំបន់​ហ្កាហ្សា និង​ប្រទេស​អេហ្ស៊ីប។ បន្ទាប់​មក ចំណាប់ខ្មាំង​ជនជាតិ​អ៊ីស្រាអែល​ទាំង ១៣នាក់​ត្រូវ​បាន​កាកបាទក្រហម​អន្តរជាតិ​ប្រគល់​ទៅ​ឲ្យ​រដ្ឋអំណាច​អេហ្ស៊ីប និង​បន្ទាប់​មក​ទៀត រដ្ឋអំណាច​អេហ្ស៊ីប​បាន​ប្រគល់​បន្ត​ទៅ​ឲ្យ​រដ្ឋអំណាច​អ៊ីស្រាអែល។ ចំណែក​អ៊ីស្រាអែល​បាន​ដោះលែង​អ្នកទោស​ប៉ាឡេស្ទីន​ចំនួន ៣៩នាក់ ក្នុង​នោះ​មាន​ស្រ្តី​ចំនួន ២៤នាក់ និង​កូនក្មេង​ចំនួន ១៥នាក់។

ក្រៅ​ពី​ចំណាប់ខ្មាំង​ជនជាតិ​អ៊ីស្រាអែល​ចំនួន ១៣នាក់ ពួក​ហាម៉ាស​ក៏​បាន​ដោះលែង​ចំណាប់ខ្មាំង​បរទេស​ចំនួន ១១នាក់​ផ្សេង​ទៀត ក្នុង​នោះ​មាន​ជនជាតិ​ថៃ​ចំនួន ១០នាក់ និង​ជនជាតិ​ហ្វីលីពីន​ម្នាក់។ តែ​ចំណាប់ខ្មាំង​ជនជាតិ​ថៃ​ទាំង ១០នាក់ និង​ជនជាតិ​ហ្វីលីពីន​ម្នាក់​មិន​បាន​រាប់បញ្ចូល​នៅ​ក្នុង​ចំណោម​ចំណាប់ខ្មាំង​ទាំង ៥០នាក់​ដែល​ពួក​ហាម៉ាស​ត្រូវ​ដោះលែង​តាម​ការ​ព្រមព្រៀង​ជាមួយ​អ៊ីស្រាអែល​ទេ។ បន្ទាប់​ពី​ដំណាក់កាល​ទី១ ក្នុង​ថ្ងៃ​សុក្រ ទី២៤ វិច្ឆិកា ការ​ដោះលែង​ចំណាប់ខ្មាំង​ពី​ដៃ​ពួក​ហាម៉ាស​ជា​ថ្នូរ​នឹង​ការ​ដោះលែង​អ្នកទោស​ប៉ាឡេស្ទីន​ពី​ដៃ​អ៊ីស្រាអែល​ត្រូវ​បន្ត​មាន​ចំនួន ៣ថ្ងៃ​ទៀត។

ជា​សរុប​ក្នុង​រយៈពេល ៤ថ្ងៃ​នៃ​កិច្ចព្រមព្រៀង​ផ្អាក​បាញ់​មនុស្សធម៌ ពួក​ហាម៉ាស​ត្រូវ​ដោះលែង​ចំណាប់​ខ្មាំង​ចំនួន ៥០នាក់ ហើយ​អ៊ីស្រាអែល​ត្រូវ​ដោះលែង​អ្នកទោស​ប៉ាឡេស្ទីន​ចំនួន ១៥០នាក់។ គួរ​បញ្ជាក់​ថា មាន​ចំណាប់ខ្មាំង​ចម្រុះ​ជាតិសាសន៍​សរុប​ចំនួន​ប្រមាណ​ជា ២៤០នាក់​ត្រូវ​បាន​ពួក​ហាម៉ាស​ចាប់​ឃុំ​កាល​ពី​ថ្ងៃទី៧ តុលា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ