អានតួអត្ថបទ
សង្គ្រាមហ្កាហ្សា

អ៊ីស្រាអែល​និង​ហាម៉ាស​ព្រម​ផ្អាក​​បាញ់​មនុស្សធម៌​ជា​ថ្នូរ​នឹងការ​ដោះលែង​ចំណាប់​ខ្មាំង

រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ប្រកាសនៅថ្ងៃពុធ​ទី ២២​វិច្ឆិកា​២០២៣​នេះ​​ព្រមទទួល​យក​ការ​ផ្អាកបាញ់​ជា​ថ្នូរ​នឹង​ដោះដូរ​ចំណាប់​ខ្មាំង​៥០​នាក់​ដំបូង។ ហាម៉ាស​បានប្រកាស​​ស្វាគមន៍​ឈប់​​បាញ់​មនុស្សធម៌​។ ចំណែក​​ប្រទេស​កាតាក៏​​បានចេញ​មុខ​មក​​បញ្ជាក់​បន្ថែម​ទៀត​ថា​អ៊ីស្រាអែល​និង​ហាម៉ាស​បាន​ព្រមព្រៀង​ផ្អាក​បាញ់​ និង​ដោះដូរ​ចំណាប់​ខ្មាំង​ជាមួយ​អ្នក​ទោស​ប៉ាឡេស្ទីន។

រូបថត​ចំណាប់​ខ្មាំង​ក្នុង​ដៃ​ហាម៉ាស បិទ​នៅ​អ៊ីស្រាអែល
រូបថត​ចំណាប់​ខ្មាំង​ក្នុង​ដៃ​ហាម៉ាស បិទ​នៅ​អ៊ីស្រាអែល AP - Oded Balilty
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីលង់​ក្នុងភាព​ហិង្សា​តាន​តឹង​អស់​ជា​ច្រើន​សប្តាហ៍ សង្គ្រាមនៅ​​ហ្កាហ្សាចាប់ស្គាល់​​ភាព​ធូរ​ស្បើយ​ដំបូង ដោយ​នៅ​ថ្ងៃ​នេះ​ភាគី​អ៊ីស្រាអែល​និង​ហាម៉ាស​បាន​ប្រកាស​ព្រមព្រៀង​ឈប់​បាញ់​មនុស្ស​ធម៌​រយៈ​ពេល​បួន​ថ្ងៃ ជា​ថ្នូរ​នឹង​ការ​ដោះដូរ​អ្នក​ទោស​និង​ជំនួយ​មនុស្សធម៌​ដ៏​សម្បើម។

បើ​តាម​ខ្លឹម​សារ​លម្អិត​នៃ​កិច្ចព្រមព្រៀងផ្សព្វផ្សាយ​ដោយ​​ក្រសួង​ការបរទេស​កាតា ដែល​ជា​អន្តរការី ​ការ​ដោះលែងចំណាប់​ខ្មាំង​នឹង​​ប្រព្រឹត្ត​ជា​ដំណាក់ៗ​និង​ជា​ក្រុមតូចៗ ជា​រៀង​រាល់​ថ្ងៃ។ ក្នុង​​ដំណាក់កាលទីមួយ​ដែល​ត្រូវ​ចាប់​ផ្តើម​នៅ​ថ្ងៃព្រហស្បតិ៍​ទី ២៣​វិច្ឆិកា នឹង​​​មាន​ការ​ដោះលែង​ចំណាប់​ខ្មាំងជាង​​៥០នាក់។ ​ចំណាប់​ខ្មាំង​ស៊ីវិលភេទ​​ស្រី​និង​កុមារ ​បាន​ទទួល​សេរីភាព​មុន​គេ ជា​ថ្នូរ​នឹង​ការដោះលែង​អ្នក​ទោស​​ស្ត្រី​និង​កុមារ​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​អ៊ីស្រាអែល​។ បើតាម​ហាម៉ាស នេះ​ជា​​​ការ​ដោះដូរ ​​ចំណាប់​ខ្មាំង​១០នាក់​ទល់​នឹង​អ្នក​ទោស​ប៉ាឡេស្ទីន​៣០នាក់។

ចំណែក​​អ៊ីស្រាអែលអះអាង​ថា ចំនួនចំណាប់​ខ្មាំង​ត្រូវ​​ដោះលែង​​នឹង​កើន​ឡើង​ជា​លំដាប់​នៅ​ដំណាក់កាល​បន្ត​បន្ទាប់ ស្រប​តាម​ការ​ព្រមព្រៀង​ពោល​គឺ ភាគី​ជម្លោះ​ទាំងពីរ​អាច​នឹង​​បន្ត​បទ​ឈប់​បាញ់ ​​ដោយ​បើ​ដោះលែង​ចំណាប់​ខ្មាំងបន្ថែម​​១០​នាក់ នឹង​មានការ​​ឈប់​បាញ់​មួយ​ថ្ងៃបន្ថែម​ទៀត​។​

ក្នុង​ពេល​មាន​បទ​ឈប់​បាញ់​​នេះ ក្បួន​ដឹកជំនួយ​មនុស្សធម៌និងជំនួយ​បន្ទាន់​ទាំង​ខ្សែៗ​ រាប់​ទាំង​ឡាន​ប្រេង​ផង នឹង​អាច​ចូល​ទៅ​ដល់​តំបន់​ហ្កាហ្សា​ដែល​អ៊ីស្រាអែល​បាន​បិទ​ខ្ទប់​ទាំង​ស្រុង​តាំង​ពី​ថ្ងៃទី​៩តុលា​មក។

សម្រាប់​រដ្ឋាភិបាល​អ៊ីស្រាអែល ​​ផ្អាក​បាញ់មនុស្សធម៌​​មិនមែន​ជា​ការ​បិទ​បញ្ចប់​សង្គ្រាម​នៅ​ហ្កាហ្សា​ទេ។ ​អ៊ីស្រាអែល​នឹង​ចាប់​បើក​​ប្រតិបត្តិការ​យោធា​យ៉ាង​ពេញទំហឹង​វិញ​ ​ដើម្បី​កម្ទេច​ចលនា​ហាម៉ាស​ឱ្យ​ខ្ទេច​ឈប់​ជា​ការ​គំរាមកំហែង​សន្តិសុខ​ដល់​រដ្ឋ​អ៊ីស្រាអែល​ និង​នៅពេល​ចំណាប់​ខ្មាំង​ក្នុង​ដែល​ហាម៉ាស​បាន​សេរីភាព​វិញ​អស់។

តែ​យ៉ាង​ណា​ក៏​ដោយ ក៏​សហគមន៍​អន្តរជាតិ ផ្តើម​ដោយ​សហរដ្ឋ​អាមេរិក បារាំង ចិន​ និង​រុស្ស៊ី​ ​សុទ្ធ​តែ​អប​អរ​ស្វាគមន៍​បទ​ឈប់​បាញ់​មនុស្សធម៌​អ៊ីស្រាអែល-ហាម៉ាស​ទាំងអស់​គ្នា។ ប្រធានាធិបតី​អាមេរិក​លោក​ចូបៃដិន ពេញ​ចិត្ត​បទ​ឈប់​បាញ់នេះ​ខ្លាំងណាស់។ សម្រាប់​រុស្ស៊ី​បទ​​ផ្អាក​បាញ់​នេះ​ជាអ្វី​ដែល​ម៉ូស្គូអំពាវនាវ​រក​តាំងពី​ផ្តើម​​ជម្លោះភ្លាម។ ចំណែក​ចិន​វិញ​​យល់​​ថា​ការ​ផ្អាក​បាញ់​បណ្តោះ​អាសន្ន​ ​នឹង​ធ្វើ​ឱ្យ​​វិបត្តិ​មនុស្សធម៌​បាន​ស្គាល់​ភាព​ធូរ​ស្បើយ​ និង​ជា​កាត់​បន្ថយ​ភាព​តាន​តឹង​។ បារាំង​លើក​សរសើរ​អំពី​ស្នាដៃ​កាតា​​ជា​​អន្តរការី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ