អានតួអត្ថបទ

សហរដ្ឋអាមេរិក ស្នើ​​​អាជ្ញាធរ​ប៉ាឡេស្ទីន​ ឲ្យ​​​​​កែទម្រង់រចនាសម្ព័ន្ធដឹកនាំ​ថ្មី

សង្គ្រាម​អ៊ីស្រាអែល និង​ក្រុម​​​ហាម៉ាសប៉ាឡេស្ទីន​ នៅតែបន្ត។ ក៏ប៉ុន្តែ ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​នៃ​រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោន បាន​អញ្ជើញ​ទៅ​អ៊ីស្រាអែល និង​តំបន់​ស៊ីសហ្ស័កដានី ​ ដើម្បី​ស្នើ​ដំណោះស្រាយនៅ​ក្រោយចប់​​សង្គ្រាម។ ពោលគឺសហរដ្ឋអាមេរិក​ឲ្យរៀបចំកែទម្រង់ថ្មី ប្តូរ​​ក្រុមដឹកនាំអាជ្ញាធរ​ប៉ាឡេស្ទីន បើកលំហូរ​សេរីភាព​សារព័ត៌មាន ហើយ​និង​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី។ ចំណែក​ ថ្នាក់ដឹកនាំ​អាជ្ញាធរ​ប៉ាឡេស្ទីន លោក ម៉ះមូដ អាបាស់ បានឲ្យដឹងសារព័ត៌មាន​​ថា បញ្ហា​មិននៅត្រង់​ការប្តូរ​«ឈាមថ្មី»ដឹកនាំ​ប៉ាឡេស្ទីន​ ទេ ​ប៉ុន្តែ​បញ្ហាមកពី​​នយោបាយ​ដឹកនាំ​របស់​រដ្ឋអំណាច​អ៊ីស្រាអែល ​ទៅវិញទេ។

អ្នកទីប្រឹក្សា​សន្តិសុខជាតិអាមេរិក ​លោក ជេក ស៊ូលីវ៉ាន់ បានជួបពិភាក្សាជាមួយនឹងមេថ្នាក់ដឹកនាំអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ះមូដ អាបាស់ ថ្ងៃសុក្រ ទី​១៥ធ្នូ។
អ្នកទីប្រឹក្សា​សន្តិសុខជាតិអាមេរិក ​លោក ជេក ស៊ូលីវ៉ាន់ បានជួបពិភាក្សាជាមួយនឹងមេថ្នាក់ដឹកនាំអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ះមូដ អាបាស់ ថ្ងៃសុក្រ ទី​១៥ធ្នូ។ AFP - THAER GHANAIM
ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពី​ផ្ទុះ​សង្គ្រាម​អ៊ីស្រាអែលនិង​ក្រុម​​​ហាម៉ាស នៅថ្ងៃទី​៧ ខែតុលា មកម្ល៉េះ​ ដែល ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ ថា​ចង់​ឃើញ​ការ​សើរើផ្លាស់ប្តូរក្រុមថ្នាក់ដឹកនាំ​អាជ្ញាធរ​ប៉ាឡេស្ទីន នៅពេល​សង្គ្រាម​​ផុត​រលត់ទៅ។​​

ថ្ងៃ​សុក្រ​ថ្មីៗនេះ អ្នក​ទីប្រឹក្សា​លោកចូ បៃដិន ខាង​សន្តិសុខជាតិអាមេរិក​ គឺ​លោក ជេក ស៊ូលីវ៉ាន់ ​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​​មេថ្នាក់ដឹកនាំ​អាជ្ញាធរ​ប៉ាឡេស្ទីន លោក ម៉ះមូដ អាបាស់ ហើយ​និង​បាន​រំឭក​ជំរុញឲ្យ​ផ្លាស់ប្តូរ​​ក្បាល​ម៉ាស៊ីល​ដឹកនាំ​ឲ្យ​បាន​ឆាប់​រហ័ស។ នេះគឺបន្ទាប់ពី​ចុង​ខែ​វិច្ឆិក​កន្លងទៅ ដែល​ប្រមុខ​ការទូត​អាមេរិក លោក អង់តូនី ប្ល៊ីងកិន ​​ជួប​ក្រុម​មេថ្នាក់ដឹកនាំ​អាជ្ញាធរ​ប៉ាឡេស្ទីន ហើយនិង​បាន​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃការផ្លាស់ប្តូរ​កែទម្រង់​​​ ទប់​ស្កាត់​អំពើ​ពុករលួយ ពង្រឹង​ផ្នែក​សង្គម​ស៊ីវិល ហើយ​និង​ បើកចំហរ​គាំទ្រ​ឲ្យ​មាន​សេរីភាព​សារព័ត៌មាន​។

មិនតែប៉ុណ្ណោះ សំណើ​របស់​រដ្ឋបាល​ក្រុង​វ៉ាស៊ីន​តោន គឺ​ចង់​ឲ្យ​លោក ម៉ះមូដ អាបាស់ ផ្ទេរអំណាច ឬ​បែង​ចែក​អំណាច​នីតិប្រតិបត្តិ​ទៅឲ្យ​​ អនុប្រធាន​ណាម្នាក់​។ ចំពោះសហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល ​ គឺ ​សម្លឹង​ឃើញនិង​ចង់​បាន​​ អ្នកបន្តវេន​ដែល​អាច​មក​ជំនួស​រូប​លោក  ម៉ះមូដ អាបាស់   គឺជា​​បេក្ខជន​លោក ហូស្សេន អាល-ស្ហែក្ហ (Hussein al-Sheikh) ដែល​ជា​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការចលនា​​រំដោះ​ប៉ាឡេស្ទីន និងជា​អ្ន​កទទួល​បន្ទុក​កិច្ចការ​ជន​ស៊ីវិល​ប៉ាឡេស្ទីន។

​គម្រោង​សំណើស្នើរបស់​សហរដ្ឋអាមេរិក​នេះ បាន​ដាក់​ទៅកាន់បណ្ដាប្រទេស​ដែល​មាន​ឥទ្ធិពល​លើ​អាជ្ញាធរ​ប៉ាឡេស្ទីន គឺដូចជា​ ហ្ស័កដានី អេហ្ស៊ីប កាតារ និង អេម៊ីរ៉ាត់​អារ៉ាប់​រួម។ ប៉ុន្តែ ប្រទេស​ទាំងនោះ នៅ​មិនទាន់​បញ្ជាក់យោបល់​ថា​​ម្តេច​នៅឡើយ​ទេ។

ក្នុង​បទ​សម្ភាស​ជា​មួយនឹង​​ទីភ្នាក់ព័ត៌មា​ន Reuters គឺ​ ថ្នាក់ដឹកនាំអាជ្ញាធរប៉ាឡេស្ទីន បាន​អះអាង​យល់​ព្រមផ្លាស់ប្តូរ​រចនាសម្ព័ន្ធដឹកនាំប៉ាឡេស្ទីន​ ហើយ​និង​​រៀបចំការបោះឆ្នោត​ឡើងវិញ។ ការបោះឆ្នោត​ដែល​បាន​ផ្អាក​ចាប់ពីឆ្នាំ២០០៦មក។ បើតាម​ប្រភព​ពី​ទីភ្នាក់ងារ​ព័ត៌មា​នបារាំងAFP គឺ  លោក ម៉ះមូដ អាបាស់ បញ្ជាក់ថា ការ​ផ្លាស់ប្តូរ​ទាំងនេះ ត្រូវមាន​លក្ខខណ្ឌ​១ ​ជាថ្នូរ​។ នោះគឺ​ការ​បង្កើត​«រដ្ឋប៉ាឡេស្ទីន»។ លោក​ស្នើឲ្យ​រដ្ឋាភិបាល​អាមេរិក ត្រូវតែ​ដាក់​សម្ពាធ​ជំរុញ​ឲ្យ រដ្ឋាភិបាល​អ៊ីស្រាអែល យល់​ព្រម​ឲ្យ​បង្កើត​ រដ្ឋប៉ាឡេស្ទីនជាផ្លូវ​ការ​ ដែល​អាច​គ្រប់គ្រង​ដែន​ដីតំបន់​ហ្កាហ្សា តំបន់​ស៊ីសហ្ស័កដានី ហើយ​និង​ ហ្សេរ៉ូសាឡឹម​ខាងកើត៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ