អានតួអត្ថបទ
អ៊ីស្រាអែល-ហាម៉ាស

លោក នេតាន់យ៉ាហ៊ូ បញ្ជាឲ្យត្រៀមជម្លៀស​ប្រជាជន​​តំបន់​រ៉ាហ្វាហ៍ដើម្បីកម្ទេច​​ពួក​ហាម៉ាស

បន្ទាប់ពី​បើកការ​វាយប្រហារ​នៅក្រុង រ៉ាហ្វាហ៍​, ​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ បាន​ចេញ​បញ្ជាបន្ថែមឲ្យ ក្រុម​យោធាអ៊ីស្រាអែល ​ត្រៀមជម្លៀសប្រជាជនប៉ាឡេស្ទីន ចេញពីក្រុង រ៉ាហ្វាហ៍ ។ ក្រុង​នេះ ឋិត​ប៉ែកខាងត្បូងតំបន់​​ ហ្កាហ្សា ដែល​មាន​ប្រជាជន ​ប្រមាណ ១ ៣០០ ០០០ នាក់។ គម្រោងជម្លៀស​ប្រជាជន​​នេះ ត្រូវ ​អង្គការ​អន្តរជាតិ​ រិះគន់ជាខ្លាំង ហើយសូម្បីតែ​​សម្ព័ន្ធ​មិត្ត​អាមេរិក ក៏​ទំនាស់​ដែរ។ ទោះជាយ៉ាងនេះក្តី នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅ​តែប្រកាន់ជំហរ​ដាច់​ខាត​ ថា ត្រូវ​កម្ទេច​ពួក​ប្រដាប់​អាវុធ​ហាម៉ាស​នៅក្រុង​​ រ៉ាហ្វាហ៍ ​ដែលជា​ជម្រក​ចុងក្រោយរបស់​ពួក​គេ​។  

ទិដ្ឋភាពក្រុង​ រ៉ាហ្វាហ៍ ក្នុងខែមករា ២០២៤។
ទិដ្ឋភាពក្រុង​ រ៉ាហ្វាហ៍ ក្នុងខែមករា ២០២៤។ AP - Fatima Shbair
ផ្សាយពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ ពីថ្ងៃពុធ បាន​បើកភ្លើង​ខៀវ​ឲ្យ​យោធា​សម្រុក​វាយប្រហារ​នៅ ក្រុង រ៉ាហ្វាហ៍ ប៉ែកខាងត្បូងតំបន់​​ ហ្កាហ្សា។  ក្រុង រ៉ាហ្វាហ៍ ជា​កន្លែង​ចុងក្រោយ​ សម្រាប់​ជនប៉ាឡេស្ទីន​ សំងំជ្រក​គេចពីសង្គ្រាម​។ ស្រាប់តែនៅថ្ងៃសុក្រ ទី​៩កុម្ភៈ​ លោក ​នេតាន់យ៉ាហ៊ូ បាន​ដាក់​បញ្ជាបន្ថែម ឲ្យ​កងទ័ព​អ៊ីស្រាអែល រៀបចំផែនការ​ជម្លៀស​ប្រជាជន​ ជាង ១ ៣០០ ០០០ នាក់​ ដើម្បី​នឹង​អាចវែក​ផ្លូវ ​កម្ទេច​ពួក​ក្រុមប្រដាប់​អាវុធ​​ហាម៉ាស ឲ្យអស់​​ដល់​ឫសគល់។ បើតាម​លោក​នេតាន់យ៉ាហ៊ូ, អ៊ីស្រាអែលមិនអាច​សម្រេច​គោលដៅបាន​ឡើយ ប្រសិន​បើ​មិន​បាន​កម្ទេច​កម្ចាត់​ពួក​ហាម៉ាស​ដែល​សំងំ​លាក់ខ្លួន​ជាមួយ​ប្រជាជន​នៅក្រុង រ៉ាហ្វាហ៍។ ដូច្នេះ ត្រូវ​តែ​ជម្លៀស​ប្រជាជន​ចេញពី​ទីតាំង​ប្រយុទ្ធ។

ផ្ទុយទៅវិញ ផែនការ​របស់​ថ្នាក់ដឹកនាំ​អ៊ីស្រាអែល ត្រូវ​ សហគមន៍​អន្តរជាតិ​ បញ្ចេញមតិ​ជំទាស់ សូម្បី​តែ សម្ព័ន្ធ​សហរដ្ឋអាមេរិក​ ក៏​មិនយល់​ស្រប​ដែរ។ លោក អង់តូនី ប្ល៊ីងកិន រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក​ ដែល​​បញ្ចប់​ទស្សនកិច្ច​នៅ​តំបន់​ដើមបូព៌ា និងនៅអ៊ីស្រាអែល កាល​ពីព្រហស្បតិ៍ បាន​ថ្លែងប្រាប់​ផ្ទាល់ទៅកាន់លោក បេនចាមិន នេតាន់យ៉ាហ៊ូ ថា​សហរដ្ឋ​អាមេរិក​ មិនគាំទ្រ​ប្រតិបត្តិសឹក​នៅ​ក្រុង រ៉ាហ្វាហ៍ នោះឡើយ​។ បើតាម​ប្រមុខ​ទូត​អាមេរិក, ការ​វាយ​សម្រុក​ចូល​ក្រុង​រ៉ាហ្វាហ៍ ដោយ​គ្មាន​គម្រោង​ផែនការ​ច្បាស់លាស់ និងមិន​បាន​គិត​គូរ​ដល់​សុវត្ថិភាព​ប្រជាជនស៊ីវិល​ ​ជា​គ្រោះ​មហន្តរាយ​ដ៏ធំ។

លោក​​ស្រី ណាដ្យា ហារដម៉ាន់ អ្នក​ជំនាញ​ច្បាប់​ជនភៀសខ្លួន នៃអង្គការឃ្លាំមើល​សិទ្ធិមនុស្ស​ Human Right Watch បានថ្លែងក្តីបារម្ភថា ការ​បង្ខំ​ជម្លៀស​ប្រជាជន​ប៉ាឡេស្ទីន ចេញពី​ក្រុង រ៉ាហ្វាហ៍ ដល់ជាង១ ៣០០ ០០០ នាក់​ ដោយ​មិនដឹង​ថា​ត្រូវ​ដាក់​នៅកន្លែង​សុវត្ថិភាពណាមួយ​ផង ជា​ទង្វើខុសច្បាប់ ហើយ​និង​នាំ​ហានិភ័យ​ដ៏សម្បើម។​ អ្នក​ជំនាញ​ច្បាប់​ជនភៀសខ្លួនរូប​នេះ ក៏​អំពាវនាវឲ្យ​សហគមអន្តរជាតិ​ជួយ​ចាត់វិធានការ​ជាបន្ទាន់ ដ្បិតថា គ្មាន​កន្លែង​សុវត្ថិភាព​សម្រាប់​​ពលរដ្ឋ​ក្នុង​តំបន់​ហ្កាហ្សាទៀត​ឡើយ។​

ទន្ទឹម​នឹង​គ្នា​នេះ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរស៍ ចាត់ទុកថា​ គម្រោង​វាយប្រហាររបស់​អ៊ីស្រាអែល​​នេះ ជាសុបិនអាក្រក់​សម្រាប់​មនុស្សជាតិ។ ប្រមុខការទូតសហភាព​អឺរ៉ុប លោក ហ្សូសេព បូរែល ថា​ ផែនការ​​វាយ​លុក​របស់​លោក នេតាន់យ៉ាហ៊ូ នឹង​នាំ​​គ្រោះ​មហន្តរាយធ្ងន់ធ្ងរ​ដល់​ប្រជាជន​ស៊ីវិល ដែល​ពេល​នេះកំពុងតែ​វេទនា​ខ្លាំងស្រេច​ទៅហើយ។

ទោះបី​ជា​យ៉ាងនេះក្តី ការ​វាយប្រហារ​ទៅលើក្រុង​​ រ៉ាហ្វាហ៍ កាន់តែមាន​ច្រើនឡើងនៅព្រឹក​ថ្ងៃ​សៅរ៍ ​​  ហើយទីនោះ ​ប្រជាជន​ខ្លះ បាន​បីពរ​សពកូន​ក្មេង បង្ហាញ​អ្នក​កាសែត​អន្តរជាតិ​​។ នេះ​បើ​តាម​​ទីភ្នាក់ងារព័ត៌មាន​បារាំង​អាអេហ្វប៉េ​ ​និង​សាក្សី​នៅក្រុង ​រ៉ាហ្វាហ៍។​ ក្នុងសេចក្តីថ្លែងការណ៍ ចេញផ្សាយ​នៅ​​ថ្ងៃទី​១០កុម្ភៈ​ អាជ្ញាធរ​ក្រុម​ហាម៉ាស បាន​អះអាងថា កា​វាយ​ប្រហារ​​របស់អ៊ីស្រាអែល​ទៅលើ​ក្រុង​រ៉ាហ្វាហ៍ អាច​នឹង​ធ្វើឲ្យមនុស្ស​រាប់ពាន់​នាក់ ស្លាប់ និង​រងរបួស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ