អានតួអត្ថបទ
អ៊ីស្រាអែល-សង្រ្គាមអ៊ុយក្រែន

អ៊ីស្រាអែល​​បិទផ្លូវចរចា​ជាមួយក្រុមហាម៉ាស និង​សង្ឃឹម​ទទួលជ័យជំនះ​ទាំងស្រុងនៅប៉ុន្មានខែខាងមុខ

អ៊ីស្រាអែល​បែរ​មក​វាយប្រហារ​ភាគខាងត្បូង​ហ្កាហ្សា និង​បិទផ្លូវចរចា​ជាមួយក្រុមហាម៉ាស។ កងទ័ព​អ៊ីស្រាអែល​បង្កើន​ការវាយប្រហារ​ទីក្រុង​Rafah ភាគខាងត្បូង​ហ្កាហ្សា ជាប់ជាមួយព្រំដែនអេហ្ស៊ីប នៅថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​នាយករដ្ឋមន្រ្តី​លោក​បេនចាមីន នេតាន់យ៉ាហ៊ូ បដិសេធ​មិន​ចរចា​ជាមួយក្រុមហាម៉ាស និង​ចេញ​បញ្ជា​ឲ្យ​ត្រៀម​វាយលុកចូល​ភាគខាងត្បូង​ហ្កាហ្សា។ នៅចំពោះមុខ​ជំហរ​រឹងទទឹង​របស់​ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល ប្រមុខការបរទេសអាមេរិក​លោក​អង់តូនី ប្លីងកិន​ដែល​ទើប​បិទបញ្ចប់​ទស្សនកិច្ច​មួយជុំ​តំបន់​ដើមបូព៌ា នៅប្រទេស​អ៊ីស្រាអែល បាន​ត្រឹមតែ​អំពាវនាវ​ឲ្យ​អ៊ីស្រាអែល​គិតគូរ​ជាអាទិភាព​ដល់​អាយុជីវិត​ប្រជាជន​ប៉ាឡេស្ទីន នៅក្នុង​ប្រតិបត្តិការយោធានៅភាគខាងត្បូងហ្កាហ្សា។ 

រថក្រោះ​របស់កងទ័ពអ៊ីស្រាអែល​នៅហ្កាហ្សា ថ្ងៃទី​៣១​មករា ២០២៤
រថក្រោះ​របស់កងទ័ពអ៊ីស្រាអែល​នៅហ្កាហ្សា ថ្ងៃទី​៣១​មករា ២០២៤ AFP - JACK GUEZ
ផ្សាយពាណិជ្ជកម្ម

៥ខែនៃ​សង្រ្គាម​ហ្កាហ្សា ដើម្បី​សងសឹក​ក្រុមហាម៉ាស ប៉ាឡេស្ទីន អ៊ីស្រាអែល​របស់​លោកនាយករដ្ឋមន្រ្តី បេនចាមីន នេតាន់យ៉ាហ៊ូ កាន់តែ​សម្រុក​វាយប្រហារ​ទឹកដី​ហ្កាហ្សា។ ជាក់ស្តែង បន្ទាប់ពី​បិទបញ្ចប់​ដំណាក់កាល​បោសសម្អាត​ក្រុមហាម៉ាស នៅ​ភាគខាងជើង​ហ្កាហ្សា កងទ័ព​អ៊ីស្រាអែល នៅថ្ងៃ​ព្រហស្បតិ៍​ទី ៨​កុម្ភៈ ចាប់ផ្តើម​ងាក​មក​បង្កើន​ការវាយប្រហារ​ទីក្រុង​រ៉ាហ្វា ភាគខាងត្បូង​ហ្កាហ្សា ជាប់ព្រំដែន​អេហ្ស៊ីប។

អង្គការ​សហប្រជាជាតិ​បាន​ទាញសញ្ញាអាសន្នធំ​ពីគ្រោះមហន្តរាយសម្លាប់​ជីវិតមនុស្សដ៏ធ្ងន់ធ្ងរ ព្រោះ​ថា ទីក្រុង​រ៉ាហ្វា​ជា​កន្លែងជ្រកចុងក្រោយ​របស់​ប្រជាជន​ប៉ាឡេស្ទីន​ជាង ១លាន ៥សែន​នាក់ ដែល​ទៅ​កកផ្តុំ នៅទីនោះ បន្ទាប់ពី​រត់គេច​ពី​ការវាយប្រហារ​របស់​អ៊ីស្រាអែល នៅ​ភាគ​ខាងជើង។

កងទ័ពអ៊ីស្រាអែល​បែរទិស​ប្រតិបត្តិការ​យោធា​សំដៅ​ភាគខាងត្បូង​ហ្កាហ្សា នៅបន្ទាប់ពី នាយករដ្ឋមន្រ្តី​លោក​បេនចាមីន នេតាន់យ៉ាហ៊ូ បដិសេធមិនចរចា​ជាមួយ ក្រុមហាម៉ាស និង​បញ្ជា​ឲ្យ​កងទ័ព​ត្រៀម​បើក​សមរភូមិប្រយុទ្ធ​នៅខាងត្បូង​ហ្កាហ្សា ព្រោះថា នៅមិនយូរខែទេ អ៊ីស្រាអែលនឹងទទួលជ័យជំនះទាំងស្រុង​នៅ​ហ្កាហ្សា។ នៅក្នុង​សេចក្តីថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល​វាយតម្លៃ​ថា សំណើ​បទឈប់បាញ់​របស់​ក្រុមហាម៉ាស​ចម្លែក។ បើសិន​អ៊ីស្រាអែល​ទទួល​យល់ព្រម នោះសោកនាដកម្មសម្លាប់​ប្រជាជន​អ៊ីស្រាអែល ដូចថ្ងៃ​ទី ៧តុលា នឹងកើតមានសាជាថ្មី នៅទឹកដី​អ៊ីស្រាអែល។

ទោះ​ពន្លឺ​ចរចា​ដើម្បី​បទឈប់បាញ់​នៅ​ហ្កាហ្សា កាន់តែ​រួញតូច​ដោយសារ​ការបដិសេធ ដាច់ណាត់​របស់​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល ប៉ុន្តែ ក្រុមហាម៉ាស​នៅតែ​បញ្ជូន​អ្នកតំណាង​របស់ខ្លួន​ទៅ​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប នៅ​ថ្ងៃ​ព្រហស្បតិ៍ នៅក្នុង​ក្តីសង្ឃឹម​ជំរុញ​ឲ្យ​មាន​បទឈប់បាញ់ នៅ​ហ្កាហ្សា។

ដោយ​មាន​ការសម្របសម្រួល​ពី​អេហ្ស៊ីប និង​កាតា ការចរចា​ស្តីពី​បទឈប់បាញ់ ដើម្បី ឈាន​ទៅ​ដល់​ការដោះលែង​ចំណាប់ខ្មាំង និង​បើកផ្លូវ​ផ្តល់ជំនួយមនុស្សធម៌​នៅហ្កាហ្សា ក៏​ជា​ប្រធានបទ​សំខាន់​ដែល​ប្រមុខ​ការបរទេស​អាមេរិក​លោក​អង់តូនី ប្លីងកិន​លើកយកទៅជជែក​ជាមួយ​នាយករដ្ឋមន្រ្តី និង​មន្រ្តីយោធា​ជាន់ខ្ពស់​របស់​អ៊ីស្រាអែល នៅក្នុង​ទស្សនកិច្ច​របស់លោក​នៅអ៊ីស្រាអែល។ ប៉ុន្តែ គ្មានចេញ​ជា​លទ្ធផល​អ្វីទាំងអស់។ នៅថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បាន​បិទបញ្ចប់​ទស្សនកិច្ច​លើកទី​៥ នៅ​ដើមបូព៌ា ជាមួយការចាកចេញ​ពី​អ៊ីស្រាអែល​ដោយ​បាតដៃទទេ។

ដោយ​មិនអាច​បញ្ចុះបញ្ចូល​អ៊ីស្រាអែល​ដែល​នៅតែ​ប្តេជ្ញាចិត្តខ្ពស់ ចង់​គាស់រំលើង​ក្រុមហាម៉ាស​មិន​ឲ្យ​មានមុខ​នៅ​ហ្កាហ្សាតទៅទៀត លោក​ប្រមុខ​ការបរទេស​អាមេរិក​បាន​ត្រឹមអំពាវនាវ​ឲ្យអ៊ីស្រាអែលគិតគូរ​ឲ្យ​បានខ្ពស់បំផុត​អាយុជីវិត​របស់​ប្រជាជន​ស៊ីវិល។ តាមរដ្ឋមន្រ្តីការបរទេស​អាមេរិក បើទោះបីជា​អ៊ីស្រាអែល​រងគ្រោះ​ដោយសារ​ភេរវកម្ម ៧តុលា ប៉ុន្តែ ប្រជាជន​ប៉ាឡេស្ទីន​ភាគច្រើនបំផុត ដែល​កំពុង​រងគ្រោះ​ដោយសារ​សង្រ្គាមវាយប្រហារ​របស់អ៊ីស្រាអែល នៅហ្កាហ្សា គ្មានជាប់ពាក់ព័ន្ធ​នឹងការវាយប្រហារ​របស់​ក្រុមហាម៉ាស​នៅ​ទឹកដី​អ៊ីស្រាអែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ