អានតួអត្ថបទ
សង្គ្រាមហ្កាហ្សា

អន្តរជាតិ​បង្កើន​សម្ពាធដើម្បី​​កិច្ចព្រមព្រៀងផ្អាក​បាញ់​អ៊ីស្រាអែលហាម៉ាស

ក្រោយឮ​អ៊ីស្រាអែល​ប្រកាស​បើក​ប្រតិបត្តិការ​យោធា​នៅ​Rafah សហគមន៍​អន្តរជាតិ​ផ្តើមដោយ អាមេរិក ចិន ... បាន​នាំ​គ្នា​​បញ្ចេញ​ប្រតិកម្ម​និង​ដាក់សម្ពាធ​​កាន់​តែ​ខ្លាំង​ឡើងៗ នៅ​ថ្ងៃ​អង្គារ​នេះ ​ឱ្យមាន​កិច្ចព្រមព្រៀងឈប់​បាញ់រវាង​​អ៊ីស្រាអែល​និងចលនា​អ៊ីស្លាម​ប៉ាឡេស្ទីន​​ហាម៉ាស។ ជាកិច្ចព្រមព្រៀង​ដែល​មាន​បញ្ជូល​ការ​ដោះលែង​ចំណាប់​ខ្មាំង​ថ្មី​បន្ថែម​ទៀតផង។

ពលរដ្ឋ​ប៉ាឡេស្ទីន ផ្តុំ​គ្នា​ក្រោយ​ការ​វាយប្រហារ​អ៊ីស្រាអែល លើ​លំនៅដ្ឋាន​នៅ​ Rafah ថ្ងៃទី ១២​កុម្ភៈ​២០២៤
ពលរដ្ឋ​ប៉ាឡេស្ទីន ផ្តុំ​គ្នា​ក្រោយ​ការ​វាយប្រហារ​អ៊ីស្រាអែល លើ​លំនៅដ្ឋាន​នៅ​ Rafah ថ្ងៃទី ១២​កុម្ភៈ​២០២៤ © Ibraheem Abu Mustafa / Reuters
ផ្សាយពាណិជ្ជកម្ម

ចិន​បាន​អំពាវនាវ​ឱ្យ​អ៊ីស្រាអែល​បញ្ឈប់​ឱ្យ​បាន​លឿន​បំផុត​ប្រតិបត្តិការ​យោធា​នៅ​រ៉ាហ្វា តំបន់​ភាគ​ខាង​ត្បូងរបស់​​ហ្កាហ្សា និង​ប្រឹង​​ឱ្យ​អស់​ពីលទ្ធភាព​បញ្ជៀស​កុំ​ឱ្យ​មាន​ជន​រងគ្រោះ​ស៊ីវិល​ស្លូតត្រង់ ដើម្បី​កុំ​ឱ្យ​មាន​មហន្តរាយ​មនុស្សធម៌អាក្រក់​​ធ្ងន់ធ្ងរ​ជាង​នេះ។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍ ​​ក្រសួងការបរទេស​បាន​គូសបញ្ជាក់​ថា ចិន​តាមដាន​ស្ថានភាព​នៅ​រ៉ាហ្វា ចិន​ប្រឆាំង​និង​ថ្កោលទោស​រាល់​គ្រប់​សកម្មភាព​ដែល​ប៉ះពាល់​ជីវិត​ជន​ស៊ីវិល និង​រំលោភ​ច្បាប់​អន្តរជាតិ។

ចំណែក​ខាងសហរដ្ឋ​អាមេរិកសម្ព័ន្ធមិត្ត​ដ៏ចំបង​របស់​អ៊ីស្រាអែល​ ក៏​ប្រឆាំង​នឹង​ប្រតិបត្តិការយោធា​​ទ្រង់ទ្រាយ​ធំដោយ​គ្មាន​ដំណោះស្រាយ​សម្រាប់​ជន​ស៊ីវិល​ដែរ។ នា​ឱកាស​ទទួល​ជួប​ព្រះ​មហាក្សត្រ​ហ្សកដានី​អាប់ដាឡះពីរ លោក​ប្រធានាធិបតី​ចូបៃដិន បាន​ស្នើ​សុំ​ឱ្យ​យោធា​អ៊ីស្រាអែល បង្ហាញ​ផែនការ​គួរ​ទី​ទុក​ចិត្ត​ដែល​មិន​ប៉ះពាល់​ដល់​ជីវិត​ជន​ស៊ីវិលងាយ​រង​គ្រោះ។ នាយក​ទី​ភ្នាក់ងារ​ចារកិច្ច​អាមេរិក​ ត្រូវ​អញ្ជើញ​ទៅ​ដល់​ក្រុង​គែរ​នៅ​ថ្ងៃ​អង្គារ​ទី​១៣​កុម្ភៈ​នេះ​ ដើម្បី​បើក​កិច្ចចរចា​ថ្មីស្តី​ពី​ការ​ដោះលែង​ចំណាប់​ខ្មាំង​​ក្នុង​ដៃ​ហាម៉ាស​នៅ​តំបន់​ហ្កាហ្សា ដោយ​មាន​កាតា​ជា​​អន្តរការី​។ អាមេរិក​កំពុង​ផ្តោត​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ដោះដូរ​ចំណាប់​ខ្មាំង​ជាថ្នូរ​នឹង​ការ​ឈប់​បាញ់ផ្តល់​ភាព​ស្ងប់​ស្ងាត់​ភាព​និង​សម្រាប់​រយៈ​ពេល​យ៉ាង​ហោច​៦​សប្តាហ៍​នៅហ្កាហ្សា។

អង្គការ​សហប្រជាជាតិ​មិន​ចូល​រួម​ចំណែក​ក្នុង​ការ​ជម្លៀសដោយ​បង្ខំ​​ប្រជាពលរដ្ឋ​នៅរ៉ាហ្វា​ទេ។ នេះ​ជា​ការ​​ព្រមានរបស់​អគ្គលេខាធិការ​អង្គកាសហប្រជាជាតិ តាម​រយៈអ្នកនាំពាក្យ។​ ​ ​​​ប្រធានាធិបតី​តួកគី លោក​អ៊ែរដូហ្កាន អ្នក​រិះគន់​ប្រឆាំង​នឹង​អ៊ីស្រាអែល​ដ៏​ខ្លាំង​មួយតាំង​ពី​ដើម​មក ក៏សកម្មដែរ។ លោក​ត្រូវ​​ទៅដល់​​ក្រុង​ឌូបៃ​នៅ​ថ្ងៃ​អង្គារ​នេះ និងក្រុង​គែរ​នៅ​​ថ្ងៃ​ពុធ​។

​ប្រឈម​នឹង​ក្តី​ព្រួយបារម្ភ និង​សម្ពាធ​​របស់​អន្តរជាតិ លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​បាន​អះអាង​កាលពី​ថ្ងៃ​អាទិត្យ​ថា​អ៊ីស្រាអែល​នឹង​បើក​ច្រក​សុវត្ថិភាព​មួយ​ឱ្យ​ពលរដ្ឋស៊ីវិល​ចាក​ចេញ​ពី​​រ៉ាហ្វា​ តែ​មិន​បាន​បញ្ជាក់​ថា​ចេញ​ទៅ​ទីណា​ឡើយ។ នៅ​ថ្ងៃចន្ទ​ម្សិលមិញ ក្រោយ​ប្រកាសរំដោះ​ចំណាប់​ខ្មាំង​ពី​តំបន់​ហ្កាហ្សា​បាន​ពីរ​នាក់ លោក​នេតាន់យ៉ាហ៊ូ បាន​បញ្ជាក់​ជា​ថ្មី​អំពី​ជំហរ​ដាច់​ខាត​ ការ​ប្រើ​កម្លាំង​យោធារហូត​យក​ឈ្នះ​លើ​ពួក​ហាម៉ាស​​ទាំងស្រុង​ ពោលគឺ​​បន្ត​ធ្វើ​ប្រតិបត្តិយោធា​នៅ​រ៉ាហ្វា​ដែល​ជា​​ជម្រក​ចុងក្រោយ​របស់​ហាម៉ាស​ ដើម្បី​រំដោះ​ចំណាប់​ខ្មាំង។ បើ​តាម​អ៊ីស្រាអែល នៅ​​មាន​ចំណាប់​ខ្មាំង​នៅ​តំបន់​ហ្កាហ្សា​ចំនួន​១៣០នាក់​ទៀត ក្នុង​នោះ ២៩នាក់​បាន​ស្លាប់​។ ក្នុង​ចំណោម​ចំណាប់​ខ្មាំង​២៥០នាក់​ចាប់​ខ្លួន​បាន​កាលពី​ថ្ងៃ​៧តុលា ១០៥នាក់​បាន​ទទួល​សេរីភាព​ជា​ថ្នូរ​នឹ​ងការ​ដោះលែង​អ្នក​ទោស​ប៉ាឡេស្ទីន ក្នុង​អំឡុង​ឈប់​បាញ់​មួយ​សប្តាហ៍​កាលពី​ខែ​វិច្ឆិកា​២០២៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ