អានតួអត្ថបទ

តុលាការ​យុត្តិធម៌​អន្តរជាតិ​បញ្ជា​ឲ្យ​អាមេរិក​ដក​ទណ្ឌកម្ម​ចេញពី​អ៊ីរ៉ង់

តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​មាន​ទីស្នាក់​ការ​នៅ​ទីក្រុង​ឡាអេ បាន​ចេញ​សេចក្តីសម្រេច នៅ​ថ្ងៃ​ពុធ​នេះ បញ្ជា​ឲ្យ​សហរដ្ឋ​អាមេរិក​ដក​ចេញ​វិញ​នូវ​ទណ្ឌកម្ម ដែល​ដាក់​លើ​អ៊ីរ៉ង់ ជុំវិញ​សំណុំរឿង​នុយក្លេអ៊ែរ។ ទណ្ឌកម្ម​ដែល​តុលាការ​តម្រូវ​ឲ្យ​អាមេរិក​ដក​ចេញ​វិញ​នេះ គឺ​ទាក់ទង​ទៅនឹង​ការ​ហាមឃាត់​ការ​នាំចូល​មុខទំនិញ​ដែល​ប្រើប្រាស់​ក្នុង​គោលដៅ​មនុស្សធម៌។

តុលាការ​យុត្តិធម៌​អន្តរជាតិ មាន​ទីស្នាក់​ការ​នៅ​ឯ​ទីក្រុង​ឡាអេ (រូបភាពឯកសារ)
តុលាការ​យុត្តិធម៌​អន្តរជាតិ មាន​ទីស្នាក់​ការ​នៅ​ឯ​ទីក្រុង​ឡាអេ (រូបភាពឯកសារ) www.enca.com
ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេច​របស់​តុលាការ​ក្រុងឡាអេ នៅថ្ងៃ​ពុធ​នេះ ត្រូវ​បាន​ធ្វើឡើង ទៅតាម​បណ្តឹង​របស់​អ៊ីរ៉ង់​ដែល​តវ៉ា​ប្រឆាំង​នឹង​ទណ្ឌកម្ម ដែល​រដ្ឋការ​របស់​លោក​ដូណាលត្រាំ​សម្រេច​ដាក់​លើ​អ៊ីរ៉ង់ ក្រោយ​ពី​បាន​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ។ យោងតាម​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់ ទណ្ឌកម្ម​របស់​អាមេរិក​បង្ក​នូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សេដ្ឋកិច្ច​អ៊ីរ៉ង់ ហើយ​ក៏​ជា​ការ​រំលោភ​បំពាន​​​ទៅលើ​កិច្ចព្រមព្រៀងជាច្រើន​ផងដែរ។

ចៅក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​ចេញ​សេចក្តីសម្រេច ដោយ​សំឡេង​ឯកចន្ឆន្ទ កំណត់​ថា ទណ្ឌកម្ម​របស់​អាមេរិក​ទៅលើ​អ៊ីរ៉ង់ គឺ​ពិត​ជា​រំលោភ​បំពាន​មែន ​ទៅលើសន្ធិសញ្ញា​មិត្តភាពអ៊ីរ៉ង់-អាមេរិក ដែល​ចុះ​កាល​ពី​ឆ្នាំ១៩៥៥ ពោលគឺ តាំង​ពី​មិន​ទាន់​មាន​បដិវត្តន៍​នៅ​អ៊ីរ៉ង់។

ដូច្នេះហើយ​បាន​ជា​តុលាការ​បាន​កំណត់​ថា សហរដ្ឋ​អាមេរិក​ត្រូវតែ​ដកចេញ​វិញ​ទាំងអស់ នូវ​រាល់​ទណ្ឌកម្ម​ទាំងឡាយណា ដែល​ដាក់​ចាប់តាំង​ពី​ថ្ងៃ​ទី៨ ខែឧសភា ឆ្នាំ២០១៨​មក ហើយ​ដែល​បង្ក​នូវ​ផលប៉ះពាល់​ទៅដល់​​ការនាំចេញនាំចូល​មុខទំនិញ​មួយ​ចំនួន រួមមាន​ដូចជា ថ្នាំពេទ្យ បរិក្ខាពេទ្យ ចំណីអាហារ ផលិតផល​កសិកម្ម ព្រមទាំង​ផលិតផល​ផ្សេងទៀត ដែល​ចាំបាច់​នៅ​ក្នុង​ការ​ធានា​សន្តិសុខ​ខាង​អាកាសចរណ៍​​ស៊ីវិល។

គួរបញ្ជាក់ថា សេចក្តីសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ គឺ​ជា​សេចក្តីសម្រេច​ស្ថាពរ​បិទផ្លូវ​តវ៉ា ហើយ​មាន​អានុភាព​តាម​ផ្លូវច្បាប់​បង្ខំ​ឲ្យ​ប្រទេស​ជា​ភាគី​ជម្លោះ​ត្រូវ​តែ​អនុវត្ត​តាម។ ក៏ប៉ុន្តែ នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង ប្រសិន​បើ​ប្រទេស​ណាមួយ​មិន​អនុវត្ត​តាម ក៏​តុលាការ​មិនមាន​កម្លាំង​ប៉ូលិស ដែល​អាច​ទៅ​ចាប់​បង្ខំ​ឲ្យ​អនុវត្ត​នោះដែរ។

កាលពី​ពេល​កន្លងទៅ គេ​សង្កេតឃើញ​ថា ទាំង​សហរដ្ឋ​អាមេរិក និង​ទាំង​អ៊ីរ៉ង់ សុទ្ធតែ​ធ្លាប់​មិន​អនុវត្ត​សេចក្តីសម្រេច​ ដែល​ចេញ​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ។ នៅ​ក្នុង​សំណុំរឿង​ក្តីក្តាំ​ជាមួយ​អ៊ីរ៉ង់​ពេលនេះ​ទៀត អាមេរិក​ធ្លាប់​បាន​ប្រកាស​ជាច្រើន​លើក​រួចមកហើយ​ថា ខ្លួន​មិន​ទទួល​ស្គាល់​សមត្ថកិច្ច​តុលាការ​ក្រុងឡាអេ នៅ​ក្នុង​ការ​ជំនុំជម្រះ​បណ្តឹង​របស់​អ៊ីរ៉ង់​នេះ​ទេ។

ទោះជាយ៉ាងណា តាម​ផ្លូវ​នយោបាយ និង​ការទូត សេចក្តីសម្រេច​របស់​តុលាការ​ក្រុងឡាអេ​នៅថ្ងៃ​ពុធ​នេះ អាច​នឹង​ធ្វើ​ឲ្យ​លោក​ដូណាល់ត្រាំ​កាន់តែ​ត្រូវ​​ឯកោ​​​ខ្លាំង​ឡើង​ថែម​ទៀត នៅ​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ក្នុងពេល​ដែល​បណ្តា​ប្រទេស​ជាច្រើន ក្នុងនោះ រួមមាន​ទាំង​ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ផង និង​ស្ថាប័ន​អន្តរជាតិ​ដ៏ល្បីល្បាញ ដូចជា​ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ​ផង សុទ្ធតែ​បាន​បង្ហាញ​នូវ​ជំហរ​ជំទាស់​នឹង​ការ​ដកខ្លួន​របស់​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​ចុះ​កាល​ពី​ឆ្នាំ២០១៥ ក្នុង​អាណត្តិ​របស់​លោក​អូបាម៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ