អានតួអត្ថបទ
ប្រេស៊ីល

ប្រេស៊ីល៖​កៅអី​ប្រធានាធិបតី​របស់​លោកស្រី​ឌីលម៉ា រូសសេហ្វ​ចាប់​ផ្តើម​រង្គើ

នៅ​ក្នុង​ប្រទេស​ប្រេស៊ីល លោកស្រី​ប្រធានាធិបតី​ឌីលម៉ា រូសសេហ្វ​កំពុង​ប្រឈម​នឹង​ការ​ទម្លាក់​ពី​តំណែង។ នៅ​ថ្ងៃ​ចន្ទ ទី១១ មេសា គណៈកម្មការ​សភា​បាន​អនុម័ត​នូវ​សេចក្តីសម្រេចចិត្ត​មួយ​ដោយ​អនុញ្ញាត​ឲ្យ​សភា​ផ្តើម​នីតិវិធី​បោះឆ្នោត​ទម្លាក់​លោកស្រី​ឌីលម៉ា រូសសេហ្វ។ សូម​ជម្រាប​ជូន​ថា មាន​អាយុ ៦៨ឆ្នាំ ប្រជាប្រិយភាព​របស់​លោកស្រី​ឌីលម៉ា រូសសេហ្វ​កំពុង​ធ្លាក់​ចុះ​ខ្លាំង ព្រោះ​លោកស្រី​កំពុង​ជាប់​ចោទ​ពី​បទ​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ពុករលួយ និង​ពី​បទ​គ្មាន​តម្លាភាព​ក្នុង​រឿង​ថវិកាជាតិ​សម្រាប់​ឆ្នាំ ២០១៤ ដែល​ជា​ឆ្នាំ​ដែល​លោកស្រី​បាន​ជាប់ឆ្នោត​អណត្តិ​ថ្មី។

លោកស្រី​ប្រធានាធិបតី​ប្រេស៊ីល​ឌីលម៉ា រូសសេហ្វ
លោកស្រី​ប្រធានាធិបតី​ប្រេស៊ីល​ឌីលម៉ា រូសសេហ្វ REUTERS/Adriano Machado
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការ​សភា​ពិសេស​មាន​សមាជិក​ជា​តំណាងរាស្រ្ត​ចំនួន ៦៥នាក់ និង​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃទី៦ មេសា។ គណៈកម្មការ​សភា​មួយ​នេះ​ទទួល​បន្ទុក​សិក្សា​លើ​បទចោទ​ប្រកាន់​នានា​លើ​លោកស្រី​ប្រធានាធិបតី​ឌីលម៉ា រូសសេហ្វ រួម​មាន រឿង​អាស្រូវ​ពុករលួយ និង​រឿង​គ្មាន​តម្លាភាព​ស្តីពី​ថវិកាជាតិ​ក្នុង​ឆ្នាំ ២០១៤ ដែល​ជា​ឆ្នាំ​ជាប់​ឆ្នោត​អណត្តិថ្មី​របស់​លោកស្រី​ឌីលម៉ា រូសសេហ្វ។

បន្ទាប់​ពី​បាន​ធ្វើ​ការ​សិក្សា​ជជែក​តទល់​គ្នា​យ៉ាង​ប្រទាញប្រទង់​អស់​រយៈពេល ១១ម៉ោង​ក្នុង​ថ្ងៃ​ចន្ទ ទី១១ មេសា គណកម្មការ​សភា​បាន​អនុម័ត​នូវ​សេចក្តីសម្រេច​ចិត្ត​មួយ​ឲ្យ​សភា​បន្ត​និតីវិធី​បោះឆ្នោត​ទម្លាក់​លោកស្រី​ឌីលម៉ា រូសសេហ្វ​ពី​តំណែង ដោយ​មាន​សម្លេង​គាំទ្រ​ចំនួន ៣៨ ទល់​នឹង​សម្លេង​ប្រឆាំង ២៧។ ការ​ផ្តល់​ភ្លើងខៀវ​ឲ្យ​ទម្លាក់​លោកស្រី​ឌីលម៉ា រូសសេហ្វ​ពី​អំណាច​មក​ពី​គណៈកម្មការ​សភា​យល់​ឃើញ​ថា លោកស្រី​ពិត​ជា​បាន​ប្រព្រឹត្តិ​បទល្មើស​មែន។

សូម​បញ្ជាក់​ជូន​បន្តិច​ថា សេចក្តីសម្រេច​ចិត្ត​របស់​គណៈកម្មការ​សភា​ពេល​នេះ​គ្រាន់​តែ​ជា​អនុសាសន៍​ប៉ុណ្ណោះ ពោល​មិន​មាន​លក្ខណៈ​បង្ខិតបង្ខំ​ទេ។ តែ​គេ​អាច​និយាយ​បាន​ថាអនុសាសន៍​របស់​គណៈកម្មការ​សភា​ជា​ការ​បោះមួយ​ជំហាន​ទៅ​មុខ​ឆ្ពោះ​ទៅ​ទម្លាក់​លោកស្រី​ឌីលម៉ា រូសសេហ្វ​ពី​តំណែង​ជា​យថាហេតុ។

នីតិវិធី​ទម្លាក់​លោកស្រី​ឌីលម៉ា រូសសេហ្វ​នៅ​វែងឆ្ងាយ និង​ស្មុគស្មាញ

ផ្លូវ​ដែល​ត្រូវ​ដើរ​ឆ្ពោះ​ទៅ​ទម្លាក់​លោកស្រី​ឌីលម៉ា រូសសេហ្វ​នៅ​វែង​ឆ្ងាយ និង​ស្មុគស្មាញ ហើយ​ក៏​មិន​ច្បាស់​នឹង​អាច​បញ្ចប់​តំណែង​លោកស្រី​ឌីលម៉ា រូសសេហ្វ​បាន​ដែរ។ អនុសាសន៍​របស់​គណៈកម្មការ​សភា​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​សភា​ចាប់​ពី​ថ្ងៃ​សុក្រ ទី១៥ មេសា​ខាង​មុខ ហើយ​ការ​បោះឆ្នោតអាច​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ ឬ​មួយ​នៅ​ថ្ងៃ​ចន្ទ ទី១៨ មេសា​ដើម​សប្តាហ៍​ក្រោយ។ ដើម្បី​អាច​ឲ្យ​នីតិវិធី​ទម្លាក់​លោកស្រី​ឌីលម៉ា រូសសេហ្វ​បន្ត​ទៅ​មុខ​បាន លុះ​ត្រា​ណា​តែ​មាន​សម្លេង​គាំទ្រ​ចំនួន ២ភាគ៣​នៅ​ក្នុង​សភា ពោល​សម្លេង​គាំទ្រ ៣៤២សម្លេង​ក្នុង​ចំនួន​សម្លេង​សរុប ៥១៣ ដែល​មាន​នៅ​ក្នុង​សភា​ប្រេស៊ីល។

បើ​ការ​បោះឆ្នោត​នៅ​សភា​នា​ថ្ងៃ​ខាង​មុខ​មិន​ទទួល​បាន​សម្លេង​គាំទ្រ ២ភាគ៣​ទេ នោះ​និតីវិធី​ទម្លាក់​លោកស្រី​ឌីលម៉ា រូសសេហ្វ​នឹង​ត្រូវ​កប់​ចោល​ត្រឹម​នេះ។ ផ្ទុយ​ទៅ​វិញ បើ​មាន​សម្លេង​គាំទ្រ ២ភាគ៣​នៅ​សភា នោះ​និតិវិធី​ទម្លាក់​លោកស្រី​ឌីលម៉ា រូសសេហ្វ​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ព្រឹទ្ធសភា​ទៀត។ ចំណែក​នីតិវិធី​នៅ​ព្រឹទ្ធសភា​ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ​ដំណាក់កាល ទី១ គឺ​ការ​បោះឆ្នោត​ដោយ​យក​សម្លេង ៥០បូក ១ និង​ដំណាក់កាល​ទី២ គឺ​ការ​បោះឆ្នោត​ដោយ​ត្រូវ​ការ​សម្លេង​គាំទ្រ​ចំនួន ២ភាគ៣។

បើ​មាន​សម្លេង​គាំទ្រ ៥០បូក១ នៅ​ព្រឹទ្ធសភា​ក្នុង​ដំណាក់កាល​ទី១ នោះ​លោកស្រី​ឌីលម៉ា រូសសេហ្វ​នឹង​ត្រូវ​គេ​ព្យួរ​តំណែង​រយៈពេល​ច្រើន​បំផុត​ចំនួន ១៨០ថ្ងៃ ដោយ​រង់ចាំ​ការ​បោះឆ្នោត​របស់​ព្រឹទ្ធសភា​ក្នុង​ដំណាក់កាល​ទី២ ដែល​ត្រូវ​ការ​សម្លេង​គាំទ្រ​ចំនួន ២ភាគ៣។ ក្នុង​ករណី​មាន​សម្លេង​គាំទ្រ ២ភាគ៣​នៅ​ព្រឹទ្ធសភា​ក្នុង​ដំណាក់កាលទី២ លោកស្រី​ឌីលម៉ា រូសសេហ្វ​នឹង​ត្រូវ​ខ្ទាត​ចេញ​ពី​កៅអី​ប្រធានាធិបតី​ជា​សា្ថពរ ហើយ​អ្នក​ដែល​ឡើង​មក​ជំនួស​កន្លែង​លោកស្រី គឺ​លោក Michel Temer ចេញ​ពី​គណបក្ស​ពលករ​ដូច​គ្នា និង​ដែល​កំពុង​កាន់​តំណែង​អនុប្រធានាធិបតី។

ឃើញ​ថា នីតិវិធី​នៃ​ការ​ទម្លាក់​លោកស្រី​ឌីលម៉ា រូសសេហ្វ​ពិត​ជា​ស្មុគស្មាញ និង​មាន​ឧបសគ្គ​ជា​ច្រើន។ ម្យ៉ាងទៀត និតីវិធី​ទម្លាក់​លោកស្រី​ឌីលម៉ា រូសសេហ្វ​អាច​នឹង​ចប់​នៅ​ត្រឹម​ការ​បោះឆ្នោត​ក្នុង​សភា​ផង​ក៏​មិន​ដឹង ព្រោះ​គណបក្ស​ពលករ​របស់​លោកស្រី​មាន​សម្លេង​ភាគច្រើន​នៅ​ក្នុង​សភា។

រឿងអាស្រូវ​ពុករលួយ​ដែល​លោកស្រី​ឌីលម៉ា រូសសេហ្វ​មិន​អាច​ធ្វើ​មិនដឹង មិនឮ​បានទេ

រឿងរ៉ាវ​ដែល​ឈាន​ដល់​ការ​ទាមទារ​ឲ្យ​ទម្លាក់​លោកស្រី​ឌីលម៉ា រូសសេហ្វ​ពី​អំណាច គឺ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​នៅ​ក្នុង​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ឈ្មោះ ប៉េត្រូប្រា (Petrobras) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ។ ជាទូទៅ រឿង​អាស្រូវ​ពុករលួយ​មួយ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​លក្ខណៈ​នយោបាយ​ច្រើន និង​ស្មុគស្មាញ ព្រោះ​វា​បាន​ជំពាក់​វាក់វិន​នឹង​គណបក្ស​នយោបាយ ក៏​ដូច​ជា​ឥស្សរជន​នយោបាយ​ជា​ច្រើន​រូប។ រឿង​អាស្រូវ​មួយ​នេះ​បាន​បែក​ធ្លាយ​ក្នុង​ខែ​មីនា ឆ្នំា ២០០៤ និង​មាន​ជាប់​ពាក់ព័ន្ធ​រវាង​ក្រុមហ៊ុន​ប៉េត្រូប្រា និង​ក្រុមហ៊ុន​សំណង់​សាធារណៈ BTP ដែល​បាន​សហការណ៍​គ្នា​ដើម្បី​ទទួល​គម្រោង​សាងសង់​សំខាន់ៗ​របស់​រដ្ឋ។

ដើម្បី​អាច​ទទួល​បាន​ចំណែក​ទីផ្សារ​ពី​ក្រុមហ៊ុន​ប៉េត្រូប្រា​ដែល​ជា​ក្រុមហ៊ុន​របស់​រដ្ឋ ក្រុមហ៊ុន​សំណង់​សាធារណៈ BTP បាន​សូក​លុយ​ទៅ​ឲ្យ​គណបក្ស​នយោបាយ​ក្នុង​រដ្ឋាភិបាល​ចម្រុះកណ្តាល ឆ្វេងនិយម​ដែល​បាន​កាន់​អំណាច​តំាង​ពី​ការ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​របស់​លោក​លូឡា​ពី​ឆ្នំា ២០០៣ ដល់​ឆ្នំា ២០១០។ លុយ​សូបប៉ាន់​ទំាង​នោះ​ត្រូវ​គេ​សង្ស័យ​ថា គណបក្ស​យក​ទៅ​ចាយ​ក្នុង​យុទ្ធនាការ​បោះឆ្នោត និង​ក៏​ប្រហែល​ជា​បាន​ធ្លាក់​ចូល​ក្នុង​ហោបៅ​ថ្នាក់ដឹកនំា​ក្រុមហ៊ុន ឬ​មួយ​ក៏​ឥស្សរជន​នយោបាយ​ខ្លះ​ផង។

តាម​ពិត​ទៅ ឈ្មោះ​លោកស្រី​ឌីម៉ា រូសសេហ្វ​មិន​មាន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ជា​ជនសង្ស័យ​នៅ​ក្នុង​រឿង​ពុករលួយ​នេះ​ទេ។ មួយ​វិញ​ទៀត នៅ​ពេល​ផ្ទុះ​រឿង​នេះ​ក្នុង​ខែ​មីនា ឆ្នំា ២០០៤ លោកស្រី​ឌីលម៉ា រូសសេហ្វ​ក៏​មិន​ទាន់​កាន់​តំណែង​ប្រធានាធិបតី​ដែរ។ តែ​បញ្ហា​នៅ​ត្រង់​ថា​ពេល​នោះ លោកស្រី​មាន​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​ថាមពល​ក្នុង​ជំនាន់​លោក​លូឡា។ សម្រាប់​ពលរដ្ឋ​ប្រេស៊ីល​ទូទៅ លោកស្រី​ឌីលម៉ា រូសសេហ្វ​មិន​អាច​និយាយ​ថា មិន​ដឹង​អ្វី​ទំាង​អស់​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ