អានតួអត្ថបទ
ប្រេស៊ីល

ប្រេស៊ីល៖ផ្ទុះ​បាតុកម្ម​ថ្មី ក្រោយ​ការ​តែងតាំង​លោក​លូឡា​នៅ​ក្នុង​រដ្ឋាភិបាល

នៅ​ក្នុង​ប្រទេស​ប្រេស៊ីល ចលនា​សង្គម​កំពុង​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ មីនា​នេះ ក្រោយ​ពី​លោកស្រី​ប្រធានាធិបតី​ឌីលម៉ា រូសែហ្វ​បាន​សម្រេច​តែងតាំង​​លោក​អតីត​ប្រធានាធិបតី​លូឡា​​ឲ្យ​ធ្វើ​ជា​រដ្ឋមន្រ្តី​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ដែល​មាន​ឋានៈ​ស្មើ​នឹង​នាយករដ្ឋមន្រ្តី​នៅ​ក្នុង​​ប្រទេស​ប្រេស៊ីល។ ការ​ទាញ​លោក​លូឡា​ឲ្យ​ចូល​ក្នុង​រដ្ឋាភិបាល​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​លោក​អតីត​ប្រធានាធិបតី​រូប​នេះ​កំពុង​ជាប់​ក្នុង​រឿង​អាស្រូវ​ពុករលួយ។

ប្រេស៊ីល៖ផ្ទុះ​បាតុកម្ម​ថ្មី ក្រោយ​ការ​តែងតាំង​លោក​លូឡា​នៅ​ក្នុង​រដ្ឋាភិបាល
ប្រេស៊ីល៖ផ្ទុះ​បាតុកម្ម​ថ្មី ក្រោយ​ការ​តែងតាំង​លោក​លូឡា​នៅ​ក្នុង​រដ្ឋាភិបាល REUTERS/Nacho Doce
ផ្សាយពាណិជ្ជកម្ម

ប្រេស៊ីល​បាន​ផុង​ខ្លួន​ក្នុង​វិបត្តិ​កាន់​តែ​ជ្រៅ​ថែម​ទៀត​នៅ​ថ្ងៃ​នេះ​ជាមួយ​នឹង​ការ​តែងតាំង​លោក​អតីត​ប្រធានាធិបតី​លូឡា​ជា​រដ្ឋមន្រ្តី​ទីស្តីការ​គណៈរដ្ឋមន្រ្តី​នៅ​ក្នុង​រដ្ឋាភិបាល​របស់​លោកស្រី​ប្រធានាធិបតី​ឌីលម៉ា រូសែហ្វ។ តាំង​ពី​យប់​មិញ​មក​ដល់​ថ្ងៃ​នេះ មាន​ផ្ទុះ​ឡើង​នូវ​បាតុកម្ម​នៅ​តាម​ទីក្រុង​សំខាន់​ដើម្បី​ប្រឆាំង​នឹង​ការ​ដែល​លោកស្រី​បាន​ទាញ​យក​លោក​លូឡា​ចូល​ក្នុង​រដ្ឋាភិបាល។ ក្រៅ​ពី​ការ​ប្រឆាំង​របស់​មហាជន​ទូទៅ ការ​តែងតាំង​នេះ​ក៏​មាន​ការ​ជំទាស់​ខ្លាំង​ពី​ក្រុមប្រឆាំង​នៅ​ក្នុង​រដ្ឋសភា​ដែរ។

ក្រុម​អ្នកតំណាងរាស្រ្ត​របស់​បក្សប្រឆាំង​បាន​សម្រេច​ដាក់​ញត្តិ​ប្តឹង​ទៅ​តុលាការ​ដើម្បី​រារាំង​កុំ​ឲ្យ​លោក​លូឡា​អាច​ចូល​កាន់​តំណែង​ថ្មី​នេះ​បាន។ សម្រាប់​ក្រុមប្រឆាំង ទង្វើ​របស់​លោកស្រី​ឌីលម៉ា រូសែហ្វ​ជា​ទង្វើ​នយោបាយ​មួយ​ក្នុង​គោលដៅ​ជួយ​ស្រោចស្រង់​លោក​លូឡា​ឲ្យ​រួច​ផុត​ពី​កណ្តាប់ដៃ​តុលាការ​ក្នុង​រឿង​អាស្រូវ​ពុករលួយ។ កាល​ពី​ថ្ងៃទី១១ មីនា​កន្លង​ទៅ រដ្ឋអាជ្ញារ​អម​តុលាការ​ក្រុង​សាវប៉ូឡូ​ថែម​ទាំង​បាន​ស្នើ​ឲ្យ​ចាប់​ខ្លួន​លោក ​លូឡា ​ដាក់​ឃុំ​បណ្តោះ​អាសន្ន​ដើម្បី​ការពារ​កុំ​ឲ្យ​លោក​គេច​ខ្លួន។

គួរ​ជម្រាប​ជូន​ថា កាន់​តំណែង​ប្រធានាធិបតី​ពី​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០១០ លោក​លូឡា​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ទទួល​សំណូក​ជា​គេហដ្ឋាន​មាត់​សមុទ្រ​ផ្តល់​ឲ្យ​ដោយ​ក្រុមហ៊ុន​សំណង់​សាធារណៈ ​BTP​ ដែល​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​រុករក​ និង​ផលិត​ប្រេង​ប្រេស៊ីល​ឈ្មោះ ​Petrobras។ កន្លង​មក រឿង​អាស្រូវ​ស៊ីសំណូក​សូកប៉ាន់​មួយ​នេះ​បាន​អូស​ទាញ​ប្រធាន​ក្រុមហ៊ុន​ទាំង​ពីរ ព្រម​ទាំង​អ្នក​នយោបាយ​ជាច្រើន​ឲ្យ​ឡើង​ឆ្លើយ​បំភ្លឺ​នៅ​មុខ​តុលាការ។

អ្វី​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ប្រេស៊ីល​ក្តៅ​ក្រហាយ​កាន់​តែ​ខ្លាំង​ពេល​នេះ គឺ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោកស្រី​ឌីលម៉ា រូសែហ្វ និង​លោក​លូឡា​ដែល​ចៅក្រម​ស៊ែហ្សូ ម៉ូរ៉ូ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ពុធ ទី១៦ មីនា។ នៅ​ក្នុង​កិច្ចសន្ទនា​នោះ លោកស្រី​បាន​និយាយ​ប្រាប់​លោក​លូឡា​ពី​ក្រឹត្យ​ដែល​លោកស្រី​បាន​តែងតាំង​លោក​លូឡា​នៅ​ក្នុង​រដ្ឋាភិបាល។

សំណួរ​ដែល​ចោទ​ពេល​នេះ​គឺ​ថា តើ​តំណែង​ថ្មី​នេះ​នឹង​អាច​ជួយ​លោក​លូឡា​ឲ្យ​រួច​ពី​កណ្តាប់ដៃ​តុលាការ​បាន​រយៈពេល​ប៉ុន្មាន និង​ថា តើ​ទង្វើ​របស់​លោកស្រី​ឌីលម៉ា រូសែហ្វ​ពេល​នេះ មិនមែន​ជា​ទង្វើ​ដែល​នឹង​ធ្វើ​ឲ្យ​លោកស្រី​ខ្លួនឯង​រង​ការប្រឆាំង​កាន់​តែ​ខ្លាំង​ទេ ឬ​យ៉ាង​ណា?។ ចូរ​កុំ​ភ្លេច​ថា​នៅ​ចុង​សប្តាហ៍​កន្លង​ទៅ មាន​បាតុករ​រាប់លាន​នាក់​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ឲ្យ​លោកស្រី​ឌីលម៉ា រូសែហ្វ​ចុះ​ចេញ​ពី​តំណែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ